ខេត្តស្វាយរៀង ៖ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វ នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះស្ទាក់ឃាត់រថយន្តលួចដឹកជ្រូករស់ខុសច្បាប់មួយគ្រឿង ។
ជាក់ស្តែងបើយោងតាម ផេកសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា បានប្រកាស នារសៀលថ្ងៃទី៦ ខែកញ្ញាថា ជាថ្មីម្ដងទៀត នៅវេលាម៉ោង២៣ និង៥នាទី នាថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមអន្តរាគមន៍បង្ក្រាបបទល្មើសចលនាសត្វរបស់អគ្គដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានសហការជាមួយការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តស្វាយរៀង ចុះឃាត់ចាប់រថយន្ត១គ្រឿង ម៉ាកSSANGYONG ISTANA ពាក់ស្លាកលេខភ្នំពេញ២D-៩៥៥២ ដឹកសត្វជ្រូករស់ចំនួន២៤ក្បាល (ជ្រូកទម្ងន់ពី៨០ទៅ១០០គីឡូក្រាម) ឃាត់នៅលើផ្លូវលំ ឃុំម្រាម ស្រុករមាសហែក ខេត្តស្វាយរៀង ដោយរថយន្តខាងលើបានដឹកសត្វជ្រូកចេញពីប្រទេសវៀតណាម តាមច្រករបៀង ស្រុករមាសហែក ខេត្តស្វាយរៀង ឆ្ពោះមកលក់ចែកចាយនៅរាជធានីភ្នំពេញ ដោយគ្មានលិខិតអនុញ្ញាតអ្វីទាំងអស់ ។
ក្រុមការងារបាននាំយកវត្ថុតាងបទល្មើសខាងលើមករក្សារទុកនៅទីតាំងចត្តាឡីស័កសត្វរបស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តស្វាយរៀង ដើម្បីអនុវត្តន៍តាមនីតិវិធីច្បាប់ ។
ក្នុងនាម សមាគមអ្នកចិញ្ចឹមសត្វកម្ពុជា (CLRA) និងតំណាងឱ្យបងប្អូនកសិករ អ្នកចិញ្ចឹមសត្វទូទាំងប្រទេសកម្ពុជា យើងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុត និងសូមកោតសរសើរដោយស្មោះចំពោះ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ជាពិសេស អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ ព្រមទាំងមន្ត្រីអធិការកិច្ចបសុពេទ្យខេត្តស្វាយរៀង ដែលនៅតែបន្តរខិតខំបំពេញភារកិច្ចយ៉ាងសកម្ម ម៉ឺងម៉ាត់ និងមិនគិតពីការនឿយហត់ ក្នុងការចុះទប់ស្កាត់ និងបង្ក្រាបបទល្មើសចល នាសត្វខុសច្បាប់បានជាបន្តបន្ទាប់ ។










