ខេត្តមណ្ឌលគិរី÷ មន្ត្រីនគរបាលស្រុកកោះញែកបានឲ្យ ដឹងនៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ 2026 នេះថា អនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់លោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលណងឃីលិក នៃអធិការដ្ឋាននគរបាលស្រុកកោះញែក សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យឧត្តម នៃអធិការដ្ឋាននគរបាលស្រុកលំផាត់ ខេត្តរតនគីរី ឃាត់ខ្លួនជនសង្ស័យចំនួន១នាក់ ពាក់ព័ន្ធករណីលួច។
ប្រភពបានឲ្យដឹងថា នៅថ្ងៃទី ៥ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១២និង ៣០ នាទី ប៉ុស្តិ៍នគរបាលរដ្ឋបាលណងឃីលិក បានទទួលព័ត៌មានពីប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យឧត្តម នៃអធិការដ្ឋាននគរបាលស្រុកលំផាត់ បានទំនាក់ទំនងមកប៉ុស្តិ៍នគរបាលរដ្ឋបាលណងឃីលិក និងស្នើឲ្យកិច្ចសហការដើម្បីប្រតិបត្តិការបង្ក្រាបករណីលួចម៉ូតូចំនួន ១គ្រឿង នៅចំណុច ការដ្ឋានចិនវ៉ៃថ្ម ស្ថិតក្នុងភូមិសាស្ត្រភូមិថ្មី ឃុំជ័យឧត្ដម ស្រុកលំផាត់ ខេត្តរតនគិរី ដោយជនសង្ស័យបានមកសម្ងំលាក់ខ្លួនក្នុងភូមិសាស្ត្រភូមិជីមាត ឃុំណងឃីលិក ស្រុកកោះញែក ខេត្តមណ្ឌលគិរី។
ក្រោយពីទទួលបានព័ត៌មានភ្លាមកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលណងឃីលិក ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ត្រី ជា ចិត្រា ស្នងការនគរបាលខេត្តមណ្ឌលគិរី និងដោយមានការសម្របសម្រួលនីតិវិធី ពីលោក ស៊ាវ ងីឈាន់ ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តមណ្ឌលគិរី ព្រមទាំងមានការដឹកនាំបញ្ជាផ្ទាល់ពីលោក វរសេនីយ៍ទោ អេង ហាក់គ័ង អធិការ នៃអធិការដ្ឋាននគរបាលស្រុកកោះញែក កម្លាំងប៉ុស្តិ៍នគរបាលណងឃីលិក ដើម្បីចុះស្រាវជ្រាវស៊ើបអង្កេត រហូតដល់បានឃាត់ខ្លួនជនសង្ស័យចំនួន ១ នាក់ ឈ្មោះ កិះ សារី (ហៅណយ) ភេទប្រុស អាយុ ១៨ ឆ្នាំជនជាតិចារ៉ាយ សញ្ជាតិខ្មែរ ព្រមទាំងបានចាប់យកវត្ថុតាងរួមមាន៖ ម៉ូតូចំនួន ១គ្រឿង ម៉ាក់WAVEឆ្លាម ពណ៌ខ្មៅ ស៊េរីឆ្នាំ ២០១៧ គ្មានស្លាកលេខ។
បន្ទាប់មកកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាល ណងឃីលិក ក៏បានធ្វើកំណត់ហេតុប្រគល់ ទទួលជនសង្ស័យ និងវត្ថុតាង បន្តទៅឱ្យខាងជំនាញយុត្តិធម៌ និងប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យឧត្តម អធិការដ្ឋាននគរបាលស្រុកលំផាត់ នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរី ដើម្បីចាត់ការតាមអនុវត្តនីតិវិធីបន្ត៕
ដោយ៖ សុរិយា










