ខេត្តរតនគិរី៖ ទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រក សត្វព្រៃលំផាត់ ខេត្តរតនគិរី ត្រូវបានប្រជាពលរដ្ឋមួយក្រុមលើកគ្នាវាយកម្ទេច និងដុតបំផ្លាញ បណ្តាលឱ្យរងការខូចខាតយ៉ាងខ្លាំង កាលពីវេលាម៉ោងប្រមាណ ៤ រសៀល ថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ បន្ទាប់ពីមានសេចក្តីរាយការណ៍ថា យុវតីម្នាក់បានបាត់បង់ជីវិតក្នុងហេតុការណ៍ដួលម៉ូតូ ខណៈធ្វើដំណើរត្រឡប់ទៅផ្ទះ។
យោងតាមព័ត៌មានក្នុងស្រុក នៅព្រឹកថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ក្រុមការងារមន្ត្រីឧទ្យានុរក្សដែនជម្រក សត្វព្រៃលំផាត់ចំនួន៣រូប និងអ្នកល្បាតស្ម័គ្រចិត្តម្នាក់ បានចុះល្បាតនៅចំណុចព្រៃមាស ស្ថិតក្នុងភូមិថ្មី (ស្រែជ្រៃ) ឃុំជ័យឧត្តម ស្រុកលំផាត់ ខេត្តរតនគិរី។
ក្នុងពេលចុះល្បាត ក្រុមការងារបានប្រទះឃើញប្រជាពលរដ្ឋប្រមាណ៨០នាក់ កំពុងចូលជីករ៉ែមាសនៅតំបន់នោះ ហើយបានធ្វើការអប់រំ និងណែនាំឱ្យពួកគេចាកចេញពីតំបន់ និងត្រឡប់ទៅលំនៅឋានវិញ។
នៅរសៀលថ្ងៃដដែល មានសេចក្តីរាយការណ៍ថា យុវតីឈ្មោះ សាលៀង សាវែន អាយុ១៩ឆ្នាំ ជនជាតិព្នង សញ្ជាតិខ្មែរ មុខរបរកសិករ មានទីលំនៅភូមិរយ៉ ឃុំរយ៉ ស្រុកកោះញែក ខេត្តមណ្ឌលគិរី បានដួលម៉ូតូបាត់បង់ជីវិត ខណៈធ្វើដំណើរត្រឡប់ទៅផ្ទះ។
ក្រោយហេតុការណ៍នេះ មានការអះអាងពីប្រជាពលរដ្ឋថា ការដួលម៉ូតូរបស់យុវតីខាងលើអាចពាក់ព័ន្ធនឹងការដេញចាប់ពីសំណាក់មន្ត្រីឧទ្យានុរក្ស និងមានការផ្ទុះអាវុធ។
យ៉ាងណាក៏ដោយ មន្ត្រីឧទ្យានុរក្សបានបដិសេធការអះអាងនេះ ដោយបញ្ជាក់ថា ពួកគេមិនបានដេញចាប់ ឬប្រើប្រាស់អាវុធបាញ់ឡើយ ហើយសកម្មភាពរបស់ក្រុមការងារគឺគ្រាន់តែចុះល្បាត និងអប់រំណែនាំប្រជាពលរដ្ឋឱ្យចាកចេញពីតំបន់ប៉ុណ្ណោះ។
បន្ទាប់ពីមានដំណឹងអំពីការបាត់បង់ជីវិតរបស់យុវតីរូបនេះ នៅវេលាម៉ោងប្រមាណ៤រសៀល ប្រជាពលរដ្ឋនៅភូមិរយ៉ បានលើកគ្នាជាច្រើននាក់ ទៅកាន់ទីស្នាក់ការរងស្រែជ្រៃ នៃដែនជម្រកសត្វព្រៃលំផាត់ ហើយបានវាយ កម្ទេច ព្រមទាំងដុតបំផ្លាញទីស្នាក់ការ បណ្តាលឱ្យខូចខាត និងឆេះយ៉ាងធ្ងន់ធ្ងរ។
លោក សី ទូច អភិបាលស្រុកកោះញែក បានឱ្យដឹងនៅរសៀលថ្ងៃទី៦ ខែកញ្ញា ឆ្នាំ២០២៦ ថា លោកបានទទួលព័ត៌មានអំពីការបាត់បង់ជីវិតរបស់ប្រជាពលរដ្ឋម្នាក់នៅក្នុងឃុំរយ៉ ហើយក្នុងនាមជាអាជ្ញាធរមូលដ្ឋាន លោកសោកស្តាយយ៉ាងខ្លាំងចំពោះការបាត់បង់ជីវិតនេះ។
លោកអភិបាលស្រុកបានលើកឡើងថា ការបាត់បង់សមាជិកគ្រួសារគឺជាការឈឺចាប់យ៉ាងខ្លាំងសម្រាប់គ្រួសារដែលកំពុងកាន់ទុក្ខ ប៉ុន្តែការលើកគ្នាប្រើអំពើហិង្សា វាយកម្ទេច ឬដុតបំផ្លាញទ្រព្យសម្បត្តិ និងទីស្នាក់ការរបស់រដ្ឋ គឺជាសកម្មភាពដែលមិនគួរកើតមានឡើយ។
លោកបានអំពាវនាវឱ្យប្រជាពលរដ្ឋដែលមានកង្វល់ ឬមានបញ្ហាពាក់ព័ន្ធនឹងហេតុការណ៍នេះ ស្វែងរកការដោះស្រាយតាមរយៈអាជ្ញាធរមានសមត្ថកិច្ច និងនីតិវិធីច្បាប់ ដោយរក្សាសន្តិវិធី និងជៀសវាងការប្រើអំពើហិង្សា។
ចំពោះមូលហេតុពិតប្រាកដនៃការបាត់បង់ជីវិតរបស់យុវតី ក៏ដូចជាការអះអាងពាក់ព័ន្ធនឹងការដេញចាប់ និងការផ្ទុះអាវុធ គួររង់ចាំការបញ្ជាក់ និងការស៊ើបអង្កេតពីសមត្ថកិច្ចជំនាញ ដើម្បីឱ្យការពិតត្រូវបានបង្ហាញតាមនីតិវិធី៕
ដោយ៖ សុរិយា










