ជនសង្ស័យម្នាក់ជាជនជាតិកាណាដា បានរំលោភលេីទំនុកចិត្តលេីនារីជាជនជាតិខ្មែរ ត្រូវនគរបាលខណ្ឌដង្កោ ចាប់បញ្ចូនទៅតុលាការ

ចែករំលែក៖

ភ្នំពេញ ៖ កម្លាំងសមត្ថកិច្ចជំនាញ នៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ នាព្រឹកថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានចាប់បញ្ចូនជនសង្ស័យម្នាក់ជាជនជាតិកាណាដា ទៅកាន់សាលាដំបូងរាជធានភ្នំពេញ ដេីម្បីផ្ដន្ទាទោសតាមច្បាប់ ពាក់ព័ន្ធ ករណី រំលោភលើទំនុកចិត្ត (យកម៉ូតូទៅលក់) កាលពីថ្ងទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៤២នាទី នៅត្រង់ចំណុចបុរីពិភពថ្មី១ ផ្លូវលេខ១៣ ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ផុន រ៉ាក់ឃាង ភេទស្រី អាយុ២១ឆ្នាំ ជនជាតិខ្មែរ ទីលំនៅផ្ទះលេខ៥៨A ផ្លូវលេខ៧ បុរីពិភពថ្មី ភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ចំណែកជនសង្ស័យម្នាក់ដែលឃាត់ខ្លួនបានមានឈ្មោះ KHUANG XIU LI ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិកាណាដា សញ្ជាតិកាណាដា មុខរបរវេជ្ជបណ្ឌិត ស្នាក់នៅខន់ដូរ LA BELLE RESIDENCE ស្ថិតនៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
សម្ភារបាត់បង់៖ ១/ម៉ូតូម៉ាកហុងដាឃ្លីក សេរីឆ្នាំ២០២២ ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ1KO-6843 ចំនួន០១គ្រឿង។
សមត្ថកិច្ចបានបញ្ចាក់ថា កាលពីថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង១៤និង៣០នាទី ជនរងគ្រោះឈ្មោះ ផុន រ៉ាក់ឃាង ភេទស្រី អាយុ២១ឆ្នាំ បានជិះម៉ូតូ ០១គ្រឿង ម៉ាកហុងដាឃ្លីក សេរីឆ្នាំ២០២២ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1KO-6843 ទៅយកជនសង្ស័យឈ្មោះ KHUANG XIU LI ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិកាណាដា ដែលជាអ្នករាប់អានគ្នា នៅម្តុំការដ្ឋានសំណង់បុរីជីបម៉ុង ស្ថិតនៅភូមិម័ល សង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ ដើម្បីឌុបជនសង្ស័យទៅផឹកកាហ្វេនៅបុរីពិភពថ្មី ស្ថិតនៅភូមិប្រការ សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។ ពេលជិះមកដល់ខាងមុខបុរីពិភពថ្មី ម៉ូតូរបស់ជនរងគ្រោះបានលោតសញ្ញាឆេកលើកុងទ័រ។ ជនសង្ស័យបានសួរ និងប្រាប់ជនរងគ្រោះថា ខ្លួនមានមិត្តភក្តិធ្វើការនៅក្រុមហ៊ុនហុងដា ម្តុំអាកាសយានដ្ឋានពោធិ៍ចិនតុង ចាំថ្ងៃស្អែករូបគេ(ជនសង្ស័យ) យកម៉ូតូទៅជួសជុលឱ្យ រួចជនសង្ស័យឱ្យជនរងគ្រោះឈប់ម៉ូតូដោយសារមានធុរៈប្រញាប់ ហើយជនរងគ្រោះក៏បានជិះម៉ូតូត្រឡប់ទៅផ្ទះវិញ។ លុះដល់ថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦ វេលាម៉ោង០៨និង៤២នាទី ជនសង្ស័យ ក៏បានមកយកម៉ូតូពីជនរងគ្រោះនៅចំណុចបុរីពិភពថ្មី១ ផ្លូវលេខ១៣ ដោយសន្យាថា នឹងយកម៉ូតូមកឱ្យវិញនៅវេលាម៉ោង១៦និង៣០នាទី នាថ្ងៃដដែល។ ដោយសារការរាប់អានគ្នា ជនរងគ្រោះក៏បានប្រគល់ម៉ូតូឱ្យទៅជនសង្ស័យ។ លុះដល់វេលាម៉ោងសន្យា មិនឃើញជនសង្ស័យយកម៉ូតូមកវិញ ជនរងគ្រោះបានទូរស័ព្ទទៅសួរនាំ តែជនសង្ស័យឆ្លើយថា ម៉ូតូមិនទាន់ធ្វើរួច ហើយក៏បិទទូរស័ព្ទទំនាក់ទំនងលែងបាន ជនរងគ្រោះក៏បានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃស។ លុះដល់ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង១០និង០០នាទី សមត្ថកិច្ចបានស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យ រួមនិងវត្ថុតាង ១/រថយន្តម៉ាក LEXUS ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ 2Z-8341 ចំនួន០១គ្រឿង, ប័ណ្ណសម្គាល់យានយន្ត ភ្នំពេញ2Z-8341 (ឈ្មោះម្ចាស់ Dr KHUANG XIU LI), ប្រាក់ដុល្លារអាមេរិកក្លែងក្លាយមួយចំនួន,   នៅចំណុចខាងមុខហាងកាហ្វេ ផ្លូវបេតុង ស្ថិតនៅភូមិព្រៃសខាងកើត សង្កាត់ព្រៃស ខណ្ឌដង្កោ នាំមកសាកសួរនៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានយកម៉ូតូរបស់ជនរងគ្រោះទៅលក់ឱ្យបុរសមិនស្គាល់ឈ្មោះម្នាក់ នៅម្តុំផ្សារខេមល ខណ្ឌមានជ័យ រាជធានីភ្នំពេញ បានប្រាក់ចំនួន១,៣៧០ដុល្លារអាមេរិក ហើយប្រាក់នោះខ្លួនបានយកទៅស៊ីចាយអស់ហើយ ចំពោះរថយន្ដ០១គ្រឿងម៉ាក LEXUS ពណ៌ស ពាក់ផ្លាក់លេខភ្នំពេញ2Z-8341 ពីជនជាតិខ្មែរមិនស្គាល់ឈ្មោះ ក្នុងតម្លៃ៣៥០ដុល្លារ ក្នុង០១ខែ ។
បច្ចុប្បន្ន នេះ ជនសង្ស័យ ម្នាក់ និងវត្ថុតាង ត្រូវបានកម្លាំងសមត្ថកិច្ចជំនាញកសាងសុំណុំរឿងបញ្ចូនទៅតុលាការ ដេីម្បីផ្តន្ទាទោសតាមច្បាប់ ៕ ដោយ ៖ ភារ៉ា ដង្កោ


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print