ក្លិប Fiorentina បានបណ្តេញអ្នកចាត់ការ Fabio Grosso ចេញពីតំណែងកាលពីថ្ងៃអាទិត្យ បន្ទាប់ពីការចាញ់ ៣ ប្រកួតជាប់គ្នា នៅដើមរដូវកាល Serie A ធ្វើឱ្យពួកគេធ្លាក់ទៅឈរនៅបាតតារាង។ នេះបើតាមសេចក្តីប្រកាសរបស់ក្លិបអ៊ីតាលីមួយនេះ។
Fiorentina បានចាញ់ AS Roma 0-4 នៅក្រៅដី ហើយបន្តចាញ់ Frosinone 0-3 នៅក្នុងទឹកដីរបស់ខ្លួន មុនពេលចាញ់ Torino 1-2 នៅក្នុងផ្ទះកាលពីថ្ងៃសៅរ៍។ លទ្ធផលទាំងនេះធ្វើឱ្យ Fiorentina ស៊ុតបានត្រឹមតែ ១ គ្រាប់ ប៉ុន្តែរបូតដល់ ៩ គ្រាប់ ក្នុង ៣ ប្រកួតដំបូង។ ពួកគេនឹងត្រូវទៅជួប Venezia នៅថ្ងៃសុក្រ។
លោក Grosso វ័យ 48 ឆ្នាំ ដែលជាអតីតខ្សែការពារក្រុមជម្រើសជាតិអ៊ីតាលី បានកាន់តំណែងជាអ្នកចាត់ការ Fiorentina មិនទាន់បានដល់ ៣ ខែផង។ លោកបានមកជំនួស Paolo Vanoli កាលពីថ្ងៃទី 8 ខែមិថុនា ហើយបានចុះកិច្ចសន្យារយៈពេល ២ ឆ្នាំ។
លោក Vanoli បានដឹកនាំ Fiorentina ឱ្យបញ្ចប់រដូវកាលមុននៅចំណាត់ថ្នាក់ទី 15 បន្ទាប់ពីលោកបានមកជំនួស Stefano Pioli ដែលត្រូវបានបណ្តេញចេញ ក្រោយក្រុមចាប់ផ្តើមរដូវកាលដោយមិនឈ្នះសោះ ១០ ប្រកួតជាប់គ្នា។
លោក Grosso ដែលជាអ្នកស៊ុតបាល់ប៉េណាល់ទីសម្រេចជ័យជម្នះឱ្យអ៊ីតាលីទល់នឹងបារាំងក្នុង វគ្គផ្តាច់ព្រ័ត្រ World Cup ឆ្នាំ 2006 បានមកដឹកនាំ Fiorentina បន្ទាប់ពីលោកជួយ Sassuolo ឡើងមកលេង Serie A ក្នុងរដូវកាលដំបូងរបស់លោក ហើយបន្តដឹកនាំក្រុមឱ្យបញ្ចប់នៅតំបន់ពាក់កណ្តាលតារាងក្នុង Serie A។
មុននេះ លោក Grosso ក៏ធ្លាប់ដឹកនាំក្លិប Bari, Hellas Verona, Brescia, Sion, Frosinone និង Olympique Lyonnais ផងដែរ៕










