សារព័ត៌មាន AFP បានផ្សាយថា ចំនួនអ្នកស្លាប់ដោយសារការប្រយុទ្ធគ្នាប៉ុន្មានថ្ងៃមកនេះ រវាងកងកម្លាំងរដ្ឋាភិបាល និងក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៉ីរ៉ង់ នៅភាគនិរតីប្រទេសយេម៉ែន បានកើនលើស៣០០នាក់ គិតត្រឹមថ្ងៃអាទិត្យ ទី៦ ខែកញ្ញា ឆ្នាំ២០២៦ ខណៈប្រជាជនស៉ីវិលរាប់រយគ្រួសារ បាននាំគ្នារត់ភៀសខ្លួនចេញពីផ្ទះសម្បែង ដើម្បីគេចពីអំពើហិង្សា។
មន្ត្រីយោធាពីររូបនៃកងកម្លាំងរដ្ឋាភិបាលដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត បានប្រាប់ AFP ថា ទាហានរបស់ពួកគេ ៨៤នាក់ បានស្លាប់កាលពីចន្លោះវេលាថ្ងៃត្រង់ថ្ងៃសៅរ៍ ដល់ព្រឹកព្រលឹមថ្ងៃអាទិត្យ ហើយភាគច្រើន គឺដោយសារការវាយប្រហារមីស៊ីល។ ចំណែកប្រភពយោធាពីក្រុម Houthi វិញ បាននិយាយថា ក្រុមឧទ្ទាម៥៧នាក់បានស្លាប់ អំឡុងរយៈពេលដូចគ្នា។
ភាគីទាំងពីរបានប្រយុទ្ធគ្នាអស់ប៉ុន្មានថ្ងៃមកហើយ ដើម្បីគ្រប់គ្រងច្រកផ្លូវមួយចូលទៅកាន់សមុទ្រក្រហម។ វាជាការផ្ទុះឡើងនៃការប្រយុទ្ធគ្នាដ៏ប្រល័យបំផុតមួយ នៅក្នុងប្រទេសយេម៉ែន ចាប់តាំងពីពេលបទឈប់បាញ់ឆ្នាំ២០២២ បានដួលរលំទៅវិញ កាលពីខែកក្កដា។
គ្រួសារដែលភៀសខ្លួនពីការប្រយុទ្ធគ្នានៅស្រុក Maqbanah និង Jabal Habashi ក្នុងខេត្ត Taiz ភាគនិរតីប្រទេសយេម៉ែន បានរត់ទៅជ្រកកោននៅជំរុំ Al-Bareen សម្រាប់ជនភៀសខ្លួនកាលពីថ្ងៃសៅរ៍។ ហើយកាលពីថ្ងៃអាទិត្យ អ្នកសារព័ត៌មាន AFP បានឃើញជនភៀសខ្លួន កំពុងរៀបចំទីជម្រកនៅជំរុំមួយទៀត ក្នុងតំបន់នោះ។
ក្រុម Houthi បានបើកប្រតិបត្តិការវាយលុកទ្រង់ទ្រាយធំមួយ កាលពីថ្ងៃព្រហស្បតិ៍សប្តាហ៍កន្លងទៅនេះ ក្នុងគោលបំណងកាត់ផ្តាច់ ទីក្រុងកំពង់ផែ Mokha គ្រប់គ្រងដោយរដ្ឋាភិបាល ដែលស្ថិតក្រោមការបាញ់ប្រហារអស់ជាច្រើនសប្តាហ៍ និងដើម្បីរុលទៅមុខឆ្ពោះរកតំបន់ស្ថិតជាប់ច្រកសមុទ្រ Bab al-Mandab ដែលនៅមាត់ច្រកចូលភាគខាងត្បូងនៃសមុទ្រក្រហម។
កាលពីខែកក្កដា បទឈប់បាញ់ដ៏ផុយស្រួយរវាងក្រុម Houthi និងរដ្ឋាភិបាលយេម៉ែន ដែលគាំទ្រដោយអារ៉ាប៊ីសាអូឌីត បានដួលរលំ បន្ទាប់ពីក្រុមឧទ្ទាមនេះ បានទទួលស្វាគមន៍ យន្តហោះអ៉ីរ៉ង់១គ្រឿង ទៅកាន់រដ្ឋធានី Sanaa។ ការដួលរលំបទឈប់បាញ់ បានបណ្តាលឱ្យមានការវាយប្រហារគ្នាឡើងវិញ រវាងភាគីទាំងពីរ។ មិនតែប៉ុណ្ណោះ ក្រុម Houthi ក៏បានប្រកាសបិទផ្លូវសមុទ្រចំពោះអារ៉ាប៊ីសាអូឌីត និងបានចាប់ផ្តើមកំណត់គោលដៅវាយប្រហារ លើកប៉ាល់និងទឹកដីរបស់អារ៉ាប៊ីសាអូឌីត៕









