ភ្នំពេញ ៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានលើកឡើងថា ៖ ក្នុងឱកាសនៃការប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា ២០២៦ ទូលព្រះបង្គំ ខ្ញុំព្រះករុណា ក្នុងនាមរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ខ្ញុំសូមសម្តែងនូវក្តីសោមនស្សរីករាយយ៉ាងក្រៃលែងបំផុត និងសូមចូលរួមប្រកបដោយ ភាពកក់ក្តៅជាមួយបងប្អូនជនរួមជាតិទាំងអស់ ព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សាស្ត្រាចារ្យ បុគ្គលិកអប់រំ សិស្ស និស្សិត យុវជន កម្មករ និយោជក ប្រជាពលរដ្ឋគ្រប់មជ្ឈដ្ឋាន ជាពិសេសបងប្អូន អ្នកសិក្សាអក្ខរកម្មនៅទូទាំងប្រទេស។ ការប្រារព្ធទិវាដ៏មានអត្ថន័យនេះ គឺជាការបង្ហាញនូវសុច្ឆន្ទៈ និងការប្តេជ្ញាចិត្ត យ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងស្មារតីទទួលខុសត្រូវខ្ពស់ចំពោះជោគវាសនាប្រទេសជាតិ បើទោះបីជា ប្រទេសកម្ពុជាយើងកំពុងប្រឈមនឹងវិបត្តិនៃសង្គ្រាមឈ្លានពានទឹកដីពីសំណាក់ប្រទេសជិតខាង ភាពមិនប្រាកដប្រជា នៃសេដ្ឋកិច្ចសកល បញ្ហាប្រឈមនៃភូមិសាស្ត្រនយោបាយ ការប្រែប្រួលអាកាសធាតុ និងការវិវត្តយ៉ាងលឿននៃ បច្ចេកវិទ្យាឌីជីថល ដែលជះឥទ្ធិពលដល់ការអភិវឌ្ឍសង្គមនិងសេដ្ឋកិច្ចយ៉ាងណាក្តី។ រាជរដ្ឋាភិបាលកម្ពុជាបាននិង កំពុងខិតខំប្រឹងប្រែងឥតឈប់ឈរ ក្នុងស្មារតីបុរេសកម្មប្រកបដោយការទទួលខុសត្រូវ ភាពម្ចាស់ការ និងចក្ខុវិស័យ វែងឆ្ងាយ ដោយផ្តោតលើការថែរក្សាសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខសង្គម ការការពារឯករាជ្យ អធិបតេយ្យភាព និងបូរណភាពទឹកដី ព្រមទាំងការការពារឧត្តមប្រយោជន៍ជាតិ ស្របតាមច្បាប់ជាតិនិងច្បាប់អន្តរជាតិ និងបម្រើ ប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈទាំងអស់ ក្នុងការពន្លឿនកិច្ចអភិវឌ្ឍនិងជំរុញការអនុវត្តកំណែទម្រង់ឱ្យកាន់តែ ស៊ីជម្រៅនិងទូលំទូលាយលើគ្រប់វិស័យ ឆ្ពោះទៅរកការកសាងអនាគតដ៏រុងរឿងមួយ ស្របតាមឆន្ទៈនិងបំណងប្រាថ្នា ដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ៕
ដោយ ៖ សិលា











