ភ្នំពេញ៖ លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូន លោក ឡៅ ស៊ុនលី ចាងហ្វាងផលិតកម្មប្រាយ ហ្វីម និងសហការី ព្រមទាំងតារាសម្តែងលោក ដាវ ឡឺឌុក (Dave Leduc) ជនជាតិកាណាដា ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងរាយការណ៍អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» នៅព្រះរាជាណាចក្រកម្ពុជា កាលពីរសៀលថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងទេសចរណ៍។
ថ្លែងក្នុងឱកាសនៃជំនួប លោកចាងហ្វាងផលិតកម្មប្រាយ ហ្វីម បានរាយការណ៍ជូនលោករដ្ឋមន្ត្រី អំពីគម្រោងផលិតភាពយន្តរឿង «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» ព្រមទាំងបានស្នើសុំអនុសាសន៍ និងការគាំទ្រសម្របសម្រួលពីក្រសួងទេសចរណ៍ ដើម្បីរួមចំណែកឱ្យការផលិតភាពយន្តនេះប្រព្រឹត្តទៅដោយរលូន និងអាចចូលរួមផ្សព្វផ្សាយវប្បធម៌ និងគោលដៅទេសចរណ៍កម្ពុជាឱ្យកាន់តែទូលំទូលាយ។
ជាការឆ្លើយតប លោករដ្ឋមន្ត្រី បានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះផលិតកម្មប្រាយ ហ្វីម ដែលបានសម្រេចធ្វើការវិនិយោគក្នុងវិស័យភាពយន្តនៅកម្ពុជា និងបានបង្ហាញចំណាប់អារម្មណ៍ចំពោះគម្រោងផលិតភាពយន្ត «ល្បុក្កតោ៖ អ្នកចម្បាំងអង្គរ» ដែលអាចចូលរួមផ្សព្វផ្សាយសិល្បៈ វប្បធម៌ អត្តសញ្ញាណជាតិ និងគោលដៅសក្តានុពលទេសចរណ៍កម្ពុជា តាមរយៈវិស័យភាពយន្ត។ ជាមួយគ្នានេះ លោករដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីការស្វាគមន៍ និងគាំទ្រចំពោះគម្រោងថតភាពយន្តនៅកម្ពុជា ដោយក្រសួងទេសចរណ៍ត្រៀមខ្លួនសម្របសម្រួលលើការងារពាក់ព័ន្ធ ស្របតាមតួនាទី និងភារកិច្ចរបស់ក្រសួង។ ចំពោះនីតិវិធី និងខ្លឹមសារនៃការផលិតភាពយន្ត ក្រុមហ៊ុនត្រូវស្នើសុំការអនុញ្ញាតពីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងអនុវត្តតាមបទប្បញ្ញត្តិជាធរមាន។
ទន្ទឹមនេះ លោករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍កំពុងយកចិត្តទុកដាក់ខ្ពស់លើការជំរុញ «ទេសចរណ៍ភាពយន្ត» (Film Tourism) ជាឧបករណ៍ដ៏មានសក្តានុពលមួយក្នុងការផ្សព្វផ្សាយកម្ពុជាទៅកាន់ទីផ្សារអន្តរជាតិ។ ដោយទទួលបានគោលការណ៍ឯកភាពដ៏ខ្ពង់ខ្ពស់ពី សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ក្រុមការងារអន្តរក្រសួងដើម្បីសម្របសម្រួល និងគាំទ្រវិស័យទេសចរណ៍ភាពយន្ត និងការទស្សនាប្រាសាទនាពេលរាត្រីនៅកម្ពុជា ត្រូវបានបង្កើតឡើង ដោយមានលោករដ្ឋមន្ត្រីក្រសួងទេសចរណ៍ជាប្រធាន និងមានភារកិច្ចសំខាន់ក្នុងការរៀបចំផែនការយុទ្ធសាស្ត្រ និងផែនការសកម្មភាពគាំទ្រវិស័យទេសចរណ៍ភាពយន្ត សិក្សា និងរៀបចំតំបន់សក្តានុពលសម្រាប់ការផលិតភាពយន្ត បទចម្រៀងទេសចរណ៍ និងស្ប៉ុតពាណិជ្ជកម្ម ជំរុញការអភិវឌ្ឍ និងវិនិយោគលើឧស្សាហកម្មទេសចរណ៍ភាពយន្ត ព្រមទាំងសិក្សារៀបចំយន្តការលើកទឹកចិត្តដល់ការផលិតភាពយន្តនៅកម្ពុជា។
ក្នុងន័យនេះ លោករដ្ឋមន្ត្រី បានលើកទឹកចិត្តដល់ផលិតកម្មប្រាយ ហ្វីម ឱ្យចូលរួមផលិតភាពយន្ត និងវីដេអូដែលមាននិទានកថា (Storytelling) អំពីប្រាសាទ បេតិកភណ្ឌ វប្បធម៌ ធម្មជាតិ និងតំបន់ទេសចរណ៍សក្តានុពលនានារបស់កម្ពុជា ដើម្បីនាំយករូបភាពពិតដ៏ស្រស់ស្អាត និងភាពសម្បូរបែបរបស់កម្ពុជាទៅបង្ហាញដល់ទស្សនិកជនអន្តរជាតិ។
លោករដ្ឋមន្ត្រី ក៏បានអញ្ជើញផលិតកម្មប្រាយ ហ្វីម ចូលរួមសហការផ្សព្វផ្សាយយុទ្ធនាការ និងព្រឹត្តិការណ៍ទេសចរណ៍សំខាន់ៗរបស់ក្រសួងទេសចរណ៍ ជាពិសេសយុទ្ធនាការ «ទស្សនាកម្ពុជានៅរដូវកាលបៃតង (Green Season)» ការជំរុញ Soft Power តាមរយៈទេសចរណ៍ភាពយន្ត ទេសចរណ៍ម្ហូបអាហារ ទេសចរណ៍កីឡា ការទស្សនាប្រាសាទនាពេលរាត្រី ការប្រគំតន្ត្រីអន្តរជាតិ និងព្រឹត្តិការណ៍ទេសចរណ៍ជាតិ-អន្តរជាតិនានា៕
ដោយ៖តារា










