ភ្នំពេញ ៖ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» ! នៅក្នុងឆ្នាំ២០២៦នេះ ទិវាអក្ខរកម្មជាតិ ៨ កញ្ញា ត្រូវបានប្រារព្ធឡើងក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» ដែលជាប្រធានបទដ៏សំខាន់មួយនិងមានអត្ថន័យយ៉ាងជ្រាលជ្រៅ សំដៅ បង្កើនការយល់ដឹងកាន់តែទូលំទូលាយក្នុងចំណោមប្រជាពលរដ្ឋនៅទូទាំងប្រទេស អំពីសារៈសំខាន់នៃកម្មវិធីអក្ខរកម្ម ដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍចំណេះដឹងមូលដ្ឋាន និងសមត្ថភាពជំនាញវិជ្ជាជីវៈ។ អក្ខរកម្មគឺជាមូលដ្ឋានគ្រឹះ នៃការលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន។ អក្ខរកម្មនៅក្នុងបរិបទសតវត្សទី២១ មិនត្រឹមតែនិយាយអំពី សមត្ថភាពអាន សរសេរ និងគណនាលេខនព្វន្តប៉ុណ្ណោះទេ ប៉ុន្តែបានរួមបញ្ចូលទាំងសមត្ថភាពប្រើប្រាស់ព័ត៌មាន ការគិតវិភាគ ការដោះស្រាយបញ្ហា អក្ខរកម្មឌីជីថល ភាពជាពលរដ្ឋសកល ពលរដ្ឋឌីជីថល ដែលចាំបាច់សម្រាប់ ការរស់នៅក្នុងពិភពលោកទំនើបប្រកបដោយបច្ចេកវិទ្យា និងវិទ្យាសាស្ត្រជឿនលឿន។
សម្តេចបានលើកថា ៖ ស្របពេលដែលពិភពលោកកំពុងអបអរទិវាអក្ខរកម្មអន្តរជាតិ ប្រធានបទនេះក៏បានបំពេញបន្ថែមជាមួយនឹង ប្រធានបទនៃទិវាអក្ខរកម្មអន្តរជាតិ ដោយផ្តោតលើការកសាងមូលធនមនុស្សឱ្យមានចំណេះដឹង សមត្ថភាព សីលធម៌ ការទទួលខុសត្រូវ និងសមត្ថភាពក្នុងការរស់នៅ និងចូលរួមអភិវឌ្ឍសង្គមក្នុងបរិបទដែលពិភពលោកកំពុងផ្លាស់ប្តូរ យ៉ាងឆាប់រហ័ស ដែលការណ៍នេះស្របជាមួយគ្នានឹងគោលដៅអភិវឌ្ឍន៍ជាតិ និងការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអនុវត្តរបៀបវារៈអភិវឌ្ឍន៍ប្រកបដោយចីរភាពឆ្នាំ២០៣០ ជាពិសេសគោលដៅទី៤ ស្តីពី «ការធានាការអប់រំ ប្រកបដោយគុណភាព សមធម៌ បរិយាបន្ន និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិតសម្រាប់មនុស្សគ្រប់រូប»។ ទស្សនវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី៧ នៃរដ្ឋសភា បានដាក់ចេញនៅក្នុងយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដើម្បីកំណើនការងារ សមធម៌ ប្រសិទ្ធភាព និងចីរភាព ដោយកំណត់យក «មនុស្ស» ជាអាទិភាព គន្លឹះទី១ និងផ្តោតលើការពង្រឹងគុណភាពអប់រំ ការលើកកម្ពស់អក្ខរកម្ម ការអភិវឌ្ឍជំនាញ និងឱកាសសិក្សាពេញ មួយជីវិត ដោយធានាថា មនុស្សគ្រប់រូបទាំងកុមារ យុវជនក្រៅសាលា កម្មករ កម្មការិនីរោងចក្រ និងមនុស្សពេញវ័យ នៅគ្រប់តំបន់ ជាពិសេសអ្នករស់នៅតំបន់ជនបទ តំបន់ជួបការលំបាក ជនជាតិដើមភាគតិច ជនមានពិការភាព និង ក្រុមប្រជាជនងាយរងគ្រោះ មានឱកាសទទួលបានការអប់រំដោយគ្មានការរើសអើង និងគ្មាននរណាម្នាក់ត្រូវបានផាត់ ចេញឡើយ។ ក្នុងស្មារតីនេះ រាជរដ្ឋាភិបាលកម្ពុជា ចាត់ទុកការលើកកម្ពស់អក្ខរកម្មថាជាការវិនិយោគដ៏មានតម្លៃបំផុត លើមនុស្ស ព្រោះការផ្តល់ចំណេះដឹង និងជំនាញដល់ប្រជាពលរដ្ឋ គឺជាការបង្កើតកម្លាំងចលករសម្រាប់ចូលរួមក្នុង សកម្មភាពសង្គម សេដ្ឋកិច្ច វប្បធម៌ និងឱកាសនៃការសិក្សាពេញមួយជីវិត សំដៅកាត់បន្ថយភាពក្រីក្រ ការលើកកម្ពស់ ផលិតភាពការងារ ការពង្រឹង សុខុមាលភាពគ្រួសារ និងការកសាងសង្គមពុទ្ធិប្រកបដោយសមធម៌ ភាពធន់ នវានុវត្តន៍ បរិយាបន្ន និងចីរភាព ៕
ដោយ ៖ សិលា











