សម្តេចធិបតី កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងភាពលេចធ្លោ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំប្រកបដោយបរិយាបន្ន និងបណ្តុះនូវមនសិការពលរដ្ឋល្អ និង ស្មារតីស្នេហាជាតិ

ចែករំលែក៖

ភ្នំពេញ ៖ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» ! សម្តេចធិបតី មានប្រសាសន៍ថា ៖ ក្នុងនាមរាជរដ្ឋាភិបាលកម្ពុជា ខ្ញុំសូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រសួងអប់រំ យុវជន និងកីឡា ដែលបានអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅសម្រាប់វិស័យអប់រំប្រកបដោយប្រសិទ្ធភាព និងភាពលេចធ្លោ ក្នុងការអនុវត្តគោលនយោបាយលើកកម្ពស់វិស័យអប់រំប្រកបដោយបរិយាបន្ន និងបណ្តុះនូវមនសិការពលរដ្ឋល្អ និង ស្មារតីស្នេហាជាតិ។ ក្រសួងអប់រំ យុវជន និងកីឡា បានបន្តធ្វើការកែទម្រង់លើអាទិភាពមួយចំនួនក្នុងវិស័យអប់រំ ដូចជា ការពង្រឹងអភិបាលកិច្ចសាលារៀន កម្មវិធីសាលារៀនគំរូ ការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន កំណែទម្រង់ការប្រឡង ជាពិសេសការធ្វើបរិវត្តកម្មឌីជីថលក្នុងវិស័យអប់រំ តាមរយៈការជំរុញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលក្នុងការសិក្សា មុខវិជ្ជាទាក់ទងនឹងវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅមធ្យមសិក្សាចំណេះទូទៅ ការសិក្សាជំនាញវិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យានៅឧត្តមសិក្សា ការលើកកម្ពស់ការសិក្សាភាសាបរទេស ការបណ្តុះបណ្តាលជំនាញសតវត្ស ទី២១ ការអប់រំឌីជីថល ការអប់រំបច្ចេកទេសនៅតាមវិទ្យាល័យចំណេះទូទៅនិងបច្ចេកទេស និងការលើកកម្ពស់ឱកាសសិក្សាពេញមួយជីវិត។ ជាមួយគ្នានេះ ក្រសួងបានផ្តល់ការគាំទ្រនូវកម្មវិធីផ្សេងៗជាច្រើនសម្រាប់យុវជននិងកុមារ ងាយរងគ្រោះ ក្នុងនោះកម្មវិធីអក្ខរកម្មអប់រំពហុភាសាសម្រាប់ជនពេញវ័យ តាមរយៈការអប់រំក្រៅប្រព័ន្ធ និងកម្មវិធីអប់រំ ពហុភាសាសម្រាប់កុមារមកពីសហគមន៍ជនជាតិដើមភាគតិច តាមរយៈការអប់រំក្នុងប្រព័ន្ធ។ កម្មវិធីនេះ អនុវត្តដោយ មានការផ្តួចផ្តើមចងក្រងប្រព័ន្ធអក្ខរក្រម សម្រាប់ភាសាកំណើតជនជាតិដើមភាគតិចទំពួន គ្រឹង ពៅ កាវ៉ែត ព្នង និង ភាសាចារ៉ាយ ដោយយកប្រព័ន្ធអក្ខរក្រមភាសាខ្មែរធ្វើជាគោល ហើយមានយន្តការក្របខ័ណ្ឌគតិយុត្ត កម្មវិធីសិក្សា និង សម្ភារៈសិក្សា ស្របតាមកម្មវិធីសិក្សាជាតិ ដោយផ្សារភ្ជាប់ទៅនឹងទំនៀមទម្លាប់ ប្រពៃណី និងវប្បធម៌របស់សហគមន៍ ជនជាតិដើមភាគតិចនីមួយៗ។ ទន្ទឹមនឹងនេះ ក្រសួងបានយកចិត្តទុកដាក់ជាពិសេសលើការផ្តល់ឱកាសសិក្សាដល់ ជនមានពិការភាព និងជនស្ថិតក្នុងសេចក្តីត្រូវការពិសេស តាមរយៈការពង្រឹងការអប់រំបរិយាបន្ន ការអប់រំពិសេស ការបណ្តុះបណ្តាលគ្រូបង្រៀន ការកែលម្អបរិយាកាសសិក្សា ការអភិវឌ្ឍសម្ភារៈសិក្សានិងផ្តល់សម្ភារៈសិក្សាសមស្រប ការប្រើប្រាស់ភាសាសញ្ញា អក្សរប្រៃយ៍ (Braille) និងឧបករណ៍ជំនួយផ្សេងៗ ដើម្បីធានាថា គ្មានកុមារ យុវជន ឬជន ណាម្នាក់ ត្រូវបានរារាំងពីការទទួលបានការអប់រំដោយសារតែពិការភាព ឬសេចក្តីត្រូវការពិសេសរបស់ខ្លួនឡើយ។

នាយករដ្ឋមន្ត្រីលើកឡើងថា ៖ ជាមួយគ្នានឹងការគាំទ្រចំពោះប្រធានបទ «អក្ខរកម្មលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន» ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print