ភ្នំពេញ ៖ សារលិខិត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសប្រារព្ធទិវាអក្ខរកម្មជាតិ ៨ កញ្ញា លើកទី២៦ ថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមប្រធានបទ «អក្ខរកម្មលើកកម្ពស់ គុណភាពអប់រំប្រកបដោយបរិយាបន្ន» ! សម្តេចធិបតី សូមអំពាវនាវដល់ក្រសួង ស្ថាប័នពាក់ព័ន្ធ អង្គការជាតិ-អន្តរជាតិ ដៃគូអភិវឌ្ឍ សហគមន៍ និងប្រជាពលរដ្ឋគ្រប់រូប សូមយកចិត្តទុកដាក់ខ្ពស់បន្តទៀតលើការងារអក្ខរកម្ម ក៏ដូចជាការងារអប់រំទាំងក្នុងប្រព័ន្ធ ក្រៅប្រព័ន្ធ និងមិនផ្លូវការ ដើម្បីលើកកម្ពស់ប្រព័ន្ធអប់រំកម្ពុជាប្រកបដោយគុណភាព ប្រសិទ្ធភាព សមធម៌ និងបរិយាបន្ន។ សម្តេចសូមអំពាវនាវនិងដាក់ចេញនូវអនុសាសន៍មួយចំនួនដូចខាងក្រោម៖
ទី១- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវរៀបចំគោលនយោបាយ ក្របខ័ណ្ឌច្បាប់ ស្តង់ដាឬយន្តការចាំបាច់នានា ដើម្បីពង្រីក វិសាលភាពនៃកម្មវិធីអក្ខរកម្ម សំដៅលើកកម្ពស់វិស័យអប់រំប្រកបដោយគុណភាព សមធម៌ និងបរិយាបន្ន និងធានាថា ពលរដ្ឋគ្រប់រូបទទួលបានឱកាសសិក្សាពេញមួយជីវិត ស្របទៅនឹងបរិការណ៍ថ្មីនៃគោលដៅ អភិវឌ្ឍន៍ប្រកបដោយចីរភាព។
ទី២- ក្រសួង ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើតកម្មវិធីអប់រំ កម្មវិធីសិក្សាពេញមួយជីវិត ទាំងផ្នែកអក្ខរកម្ម ទាំងវិជ្ជាជីវៈផ្នែក ឌីជីថល បច្ចេកវិទ្យាព័ត៌មាន ជាពិសេសកម្មវិធីអប់រំពហុភាសាសម្រាប់បងប្អូនជនជាតិដើមភាគតិច ឱ្យកាន់តែ សម្បូរបែបដល់ប្រជាជនគ្រប់រូប គ្រប់វ័យ ដោយមិនរើសអើងជាតិសាសន៍ ភាសា និងវប្បធម៌ ក្នុងគោលបំណង ជួយពួកគាត់ឱ្យមានចំណេះដឹង មានជំនាញវិជ្ជាជីវៈ និងមានសមត្ថភាពគ្រប់គ្រាន់ ទាំងជំនាញទន់និងជំនាញរឹង ដើម្បីជាប្រយោជន៍នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ប្រកបដោយគុណភាព ប្រសិទ្ធភាព ភាពធន់ និងបរិយាបន្ន។
ទី៣- អាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់ ត្រូវចូលរួមយុទ្ធនាការប្រមូលសិស្សចូលរៀនឱ្យបានផុលផុស ចូលរួម អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធមជ្ឈមណ្ឌលសិក្សា មជ្ឈមណ្ឌលសិក្សាសហគមន៍ មជ្ឈមណ្ឌលសិក្សាពេញមួយជីវិត មជ្ឈមណ្ឌលយុវជន និងគ្រប់គ្រងទិន្នន័យជនស្ថិតក្នុងសេចក្តីត្រូវការពិសេស ដែលស្ថិតក្នុងដែនសមត្ថកិច្ច របស់ខ្លួនឱ្យបានល្អនិងគ្រប់ជ្រុងជ្រោយ ព្រមទាំងជំរុញនិងលើកទឹកចិត្តដល់ប្រជាពលរដ្ឋដែលបាត់បង់ឱកាស រៀនសូត្រ ឬបោះបង់ការសិក្សា ឱ្យទទួលបានឱកាសរៀនសូត្រសាជាថ្មី ជាពិសេសត្រូវខិតខំបង្កលក្ខណៈ ងាយស្រួលដល់ជនមានពិការភាព ឬជនស្ថិតក្នុងសេចក្តីត្រូវការពិសេស ឱ្យទទួលបានការសិក្សារៀនសូត្រ ប្រកបដោយសមធម៌ និងបរិយាបន្ន។
ទី៤- ប្រធានរោងចក្រ សហគ្រាស សិប្បកម្ម ក្រុមហ៊ុនឯកជន ពន្ធនាគារ និងមណ្ឌលអប់រំកែប្រែ សូមបន្តជំរុញ ការបើកថ្នាក់អក្ខរកម្ម ដោយភ្ជាប់ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យា និងការបណ្តុះបណ្តាលមុខជំនាញវិជ្ជាជីវៈ ផ្សេងៗ ដល់បងប្អូនកម្មករ កម្មការិនី បុគ្គលិក និងជនជាប់ឃុំជាដើម ដើម្បីជាប្រយោជន៍ដល់ពួកគាត់ក្នុងការ បង្កើនផលិតភាពនិងប្រសិទ្ធភាពការងារ ការពង្រឹងសុខុមាលភាពគ្រួសារ និងសុខដុមនីយកម្មក្នុងសហគមន៍។
ទី៥- ប្រព័ន្ធផ្សព្វផ្សាយទាំងអស់ ទាំងស្ថាប័នរដ្ឋ និងឯកជន ត្រូវបង្កើតនិងផ្សព្វផ្សាយឱ្យបានទូលំទូលាយនូវកម្មវិធី អក្ខរកម្ម ដើម្បីឱ្យប្រជាពលរដ្ឋយើងមានការយល់ដឹងកាន់តែច្បាស់អំពីសារៈសំខាន់នៃអក្ខរកម្ម ជាពិសេស អក្ខរកម្មឌីជីថល អក្ខរកម្មហិរញ្ញវត្ថុ អក្ខរកម្មព័ត៌មានវិទ្យា ចេះស្វែងរកព័ត៌មានត្រឹមត្រូវលើអ៊ីនធឺណិត ចេះ ប្រើប្រាស់ គ្រប់គ្រង និងចែករំលែកព័ត៌មានតាមអនឡាញ យល់ដឹងអំពីសុវត្ថិភាពនៃបច្ចេកវិទ្យា និងចែករំលែក ព័ត៌មានប្រកបដោយក្រមសីលធម៌ និងសុក្រឹតភាព។
ទី៦- ក្រសួង ស្ថាប័ន វិស័យឯកជន ដៃគូអភិវឌ្ឍ អង្គការជាតិ-អន្តរជាតិ និងអង្គការមិនមែនរដ្ឋាភិបាលទាំងអស់ សូមចូលរួមទាំងអស់គ្នា ដើម្បីកៀរគរប្រមូលផ្តុំធនធាន និងចែករំលែកបទពិសោធ ក្នុងការពង្រឹងនិងពង្រីក កម្មវិធីអក្ខរកម្ម ដើម្បីលើកកម្ពស់គុណភាពអប់រំប្រកបដោយបរិយាបន្ន ក្នុងយុគសម័យឌីជីថល និងបច្ចេកវិទ្យា ព័ត៌មាន ឱ្យដំណើរការប្រកបដោយប្រសិទ្ធភាពនិងនិរន្តរភាព តាមរយៈភាពជាដៃគូប្រកបដោយប្រសិទ្ធភាព៕
ដោយ ៖ សិលា











