សិង្ហបុរី ដែលជាប្រទេសមានជាងគេនៅអាស៊ី បើគិតតាម GDP សម្រាប់មនុស្សម្នាក់ បានប្រមូលចំណូលពន្ធបានកំណត់ត្រា 97.3 ពាន់លានដុល្លារសិង្ហបុរី (ប្រហែល 76.9 ពាន់លានដុល្លារអាមេរិក) ក្នុងឆ្នាំហិរញ្ញវត្ថុ 2025-2026 ដោយទទួលបានការគាំទ្រពីសកម្មភាពសេដ្ឋកិច្ច និងការចំណាយរបស់អ្នកប្រើប្រាស់ដែលមានភាពរឹងមាំជាងមុន។
អាជ្ញាធរពន្ធដារសិង្ហបុរី (IRAS) បានឱ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថ្មីៗនេះថា ចំណូលពន្ធនេះបានកើនឡើង 9.4% បើធៀបនឹងឆ្នាំមុន ហើយជាចំនួនខ្ពស់បំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្ររបស់ស្ថាប័ននេះ។
ចំណូលពន្ធសរុបនេះស្មើនឹងប្រមាណ 12.3% នៃ GDP របស់សិង្ហបុរី។ ឆ្នាំហិរញ្ញវត្ថុនេះបានបញ្ចប់នៅថ្ងៃទី 31 ខែមីនា ឆ្នាំ 2026។
ពន្ធលើប្រាក់ចំណូលក្រុមហ៊ុន នៅតែជាប្រភពចំណូលពន្ធធំបំផុត ដោយមានចំណែកជាង 35% នៃចំណូលពន្ធសរុប។
ចំណែក ពន្ធលើទំនិញ និងសេវាកម្ម (GST) ជាប្រភពចំណូលធំទី២ មានចំណែក 22% ខណៈ ពន្ធលើប្រាក់ចំណូលបុគ្គល មានចំណែក 21.5%។
ក្នុងឆ្នាំដដែល IRAS ក៏បានដំណើរការ ជំនួយ និងការបង់ប្រាក់គាំទ្រជិត 1.2 ពាន់លានដុល្លារសិង្ហបុរី សម្រាប់អាជីវកម្មប្រមាណ 126,200 តាមរយៈកម្មវិធីគាំទ្រផ្សេងៗ។
IRAS ក៏បានធ្វើសវនកម្ម និងស៊ើបអង្កេតករណីចំនួន 8,560 ដែលពាក់ព័ន្ធនឹងអ្នកជាប់ពន្ធដែលចេតនាគេចវេសពីការបង់ពន្ធ។ ស្ថាប័ននេះអាចប្រមូលត្រឡប់មកវិញបានប្រហែល 589 លានដុល្លារសិង្ហបុរី ជាពន្ធ និងប្រាក់ពិន័យ។
តាមការព្យាករណ៍របស់អ្នកវិភាគ សេដ្ឋកិច្ចសិង្ហបុរីត្រូវបានរំពឹងថានឹងកើនឡើង 5% នៅឆ្នាំនេះ កើនពី 3.5% ក្នុងឆ្នាំ 2025។
យោងតាមមូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) កាលពីឆ្នាំមុន សិង្ហបុរីបានជាប់ចំណាត់ថ្នាក់ លេខ១ នៅអាស៊ី និងលេខ៨ នៅទូទាំងពិភពលោក ក្នុងចំណោមប្រទេសដែលមាន GDP ក្នុងមនុស្សម្នាក់ខ្ពស់បំផុត ដោយមានប្រមាណ 99,365 ដុល្លារក្នុងមនុស្សម្នាក់៕










