ភ្នំពេញ៖ ឯកអគ្គរាជទូតកម្ពុជាប្រចាំសាធារណរដ្ឋកូរ៉េ លោក ឃួន ផុនរតនៈ បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយលោក Baek Seong-hyeon អភិបាលក្រុងនួនសាន់ នៅសាលាក្រុងនួនសាន់ ខេត្តឈុងឆង់ណាមដូ សាធារណរដ្ឋកូរ៉េ កាលពីដើមខែកញ្ញា ឆ្នាំ២០២៦ថ្មីៗនេះ។
នាឱកាសនោះ លោកឯកអគ្គរាជទូត បានសម្តែងការអបអរសាទរចំពោះលោក Baek ដែលត្រូវបានប្រជាពលរដ្ឋក្រុងនួនសាន់ផ្តល់ទំនុកចិត្ត និងបោះឆ្នោតជូនលោកសម្រាប់តំណែងអភិបាលក្រុងនួនសាន់អាណត្តិទី២របស់លោក។
លោក Baek បានជម្រាបជូន លោកឯកអគ្គរាជទូត ថាក្នុងអាណត្តិទី២របស់លោក លោកមានបំណងអភិវឌ្ឍនួនសាន់ ឱ្យក្លាយជាទីក្រុងដែលមានសក្តានុពលផ្នែកឧស្សាហកម្មយោធា និងកសិកម្ម។ លោកក៏បានអញ្ជើញ លោកឯកអគ្គរាជទូត ចូលរួមកម្មវិធី «ពិព័រណ៍ឧស្សាហកម្មស្ត្របឺរីពិភពលោកនួនសាន់ ២០២៧- 2027 Nonsan World Strawberry Industry Expo» នៅដើមឆ្នាំ២០២៧ ខាងមុខនេះផងដែរ។
លោកឯកអគ្គរាជទូតបានថ្លែងអំណរគុណចំពោះការអញ្ជើញសម្រាប់កម្មវិធីពិព័រណ៍ខាងលើ និងបានអញ្ជើញលោកអភិបាលក្រុងទៅបំពេញទស្សនកិច្ចនៅកម្ពុជា និងពិភាក្សាអំពីការចងសម្ព័ន្ធមេត្រីជាមួយខេត្តណាមួយក្នុងប្រទេសកម្ពុជា ដែលមានសក្តានុពលស្រដៀងនឹងក្រុងនួនសាន់។
ទន្ទឹមនឹងនេះ ដោយសម្លឹងឃើញពីគម្រោងអភិវឌ្ឍន៍របស់ក្រុងនួនសាន់ លោកក៏បានស្នើសុំក្រុងនួនសាន់សហការក្នុងការធ្វើទំនើបកម្មនៃវិស័យកសិកម្មកម្ពុជា ពិសេសលើដំណាំឧស្សាហកម្មដូចជា ស្រូវ និងគ្រាប់ស្វាយចន្ទី ជាដើម ព្រមទាំងស្នើលោកអភិបាលក្រុងពិចារណានាំយកបច្ចេកទេសដាំដុះស្ត្របឺរីដ៏ល្អរបស់នួនសាន់ទៅកាន់ប្រទេសកម្ពុជា។ លើសពីនេះ លោកក៏បានស្នើសាលាក្រុងជួយជម្រុញបន្ថែមលើកិច្ចសហការរវាងសាកលវិទ្យាល័យ Konyang និងសាកលវិទ្យាល័យយោធារបស់កម្ពុជាផងដែរ។
ភាគីទាំងពីរ ក៏បានពិភាក្សាអំពីទិសដៅសហប្រតិបត្តិការរវាងស្ថានទូត និងក្រុងនួនសាន់ និងកិច្ចសហការក្នុងការគាំពារអត្ថប្រយោជន៍របស់ប្រជាជនកម្ពុជាដែលកំពុងរស់នៅក្នុងតំបន់នួនសាន់ផងដែរ៕
ដោយ៖តារា










