រុស្ស៊ី៖ លោកទេសរដ្ឋមន្ត្រី ឱម យិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ (ACU) បានថ្លែងនៅចំពោះមុខវិនិយោគិនបរទេសជាច្រើន ក្នុងវេទិកានៅលើដីប្រទេសរុស្ស៊ី ដោយអះអាងជាថ្មីនូវការការពារផលប្រយោជន៍ស្របច្បាប់ទាំងអស់របស់អ្នកវិនិយោគនៅក្នុង កម្ពុជា ជាមួយយន្តការច្បាប់- លិខិតបទដ្ឋាន ជំនួបពិគ្រោះពិភាក្សាដោះស្រាយការលំបាករវាងរដ្ឋ និងវិស័យឯកជន អ្នកវិនិយោគប្រកបដោយភាពស្អិតរមួត និងស្មោះត្រង់ ហើយជាការអនុវត្តច្បាប់ប្រឆាំងអំពើពុករលួយដោយរួមគ្នាជាមួយវិស័យឯកជន តាមរយៈយន្តការ MOU ជាដើម បានធ្វើឱ្យកាន់តែភ្លឺថ្លា នូវតម្លាភាព សុចរិតភាព និងការការពារប្រយោជន៍ស្របច្បាប់របស់ធុរជន។
ថ្លែងក្នុងកិច្ចពិភាក្សាក្រោមប្រធានបទ «ការពារសិទ្ធិ និងវិនិយោគធុរកិច្ច» ក្នុងទិកាសេដ្ឋកិច្ចបូព៌ាលើកទី១១ រៀបចំឡើងលើទឹកដីរុស្ស៊ី កាលពីពេលថ្មីៗនេះ ប្រធានអង្គភាពប្រឆាំងអំពីពុករលួយប្រកាសប្រាប់វិនិយោគិនជាច្រើនរូបថា ទំនាក់ទំនងរវាងស្ថាប័នប្រឆាំងអំពើពុករលួយកម្ពុជា ជាមួយរុស្ស៊ី នឹងជួយការពារការវិនិយោគរបស់អ្នកវិនិយោគរស្ស៊ីនៅលើដីកម្ពុជា។
សេចក្ដីប្រកាសព័ត៌មានរបស់ ACU ចេញកាលពីថ្ងៃទី៧ ខែសីហា សរសេរថា ៖«ប្រធានអ.ប.ព. បាន បញ្ជាក់ដែរថា ទំនាក់ទំនងរវាង PGO (ការិយាល័យអគ្គរដ្ឋអាជ្ញា នៃសហព័ន្ធរុស្ស៊ី) ដែលជាស្ថាប័នទទួលដឹកនាំការប្រឆាំងអំពើពុករលួយនៅសហព័ន្ធរុស្ស៊ី និង អ.ប.ព. ដែលត្រូវបានពង្រឹង គឺជាសារច្បាស់មួយបង្ហាញថា ការវិនិយោគទាំងអស់របស់សហព័ន្ធរុស្ស៊ី នឹង ត្រូវរួមគ្នាការពារ ដូច្នេះសូមលើកទឹកចិត្តដល់ការជ្រើសរើសកម្ពុជាសម្រាប់ការវិនិយោគ។»។
បើតាម ACU បន្ថែមពីនេះ ក្នុងជំនួបទ្វេភាគីរវាងប្រមុខការិយាល័យអគ្គរដ្ឋអាជ្ញារុស្ស៊ី និងទេសរដ្ឋមន្ត្រី ឱម យិនទៀង ក៏មានការព្រមព្រៀងគ្នា លើសកម្មភាពគោលរួមគ្នា ក្នុងកម្មវិធីការងារសហប្រតិបត្តិការសម្រាប់រយៈពេល ២ ឆ្នាំ (២០២៧-២០២៨) ដូចជា៖ការផ្លាស់ប្តូរបទពិសោធន៍លើការប្រឆាំងអំពើពុករលួយកម្រិតជាតិ និងអន្តរជាតិ និងការសម្របសម្រួលគ្នាលើជំហររបស់ស្ថាប័ននៅលើឆាក អន្តរជាតិ និង ការជំរុញសមត្ថភាពលើការប្រឆាំងការសម្អាតប្រាក់ ការស៊ើបអង្កេតហិរញ្ញវត្ថុ ការប្រើបច្ចេកវិទ្យា ឌីជីថល – AI ក្នុងការងារប្រឆាំងអំពើពុករលួយ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈទាំងនៅកម្ពុជា និងនៅរុស្ស៊ី និងការចូលរួមប្រកួតប្រជែងជាអន្តរជាតិពីស្រទាប់យុវជន ក្រោមប្រធានបទ “រួមគ្នាប្រឆាំងអំពើពុករលួយ” ដើម្បី លើកកម្ពស់ការយល់ដឹងពីសារៈសំខាន់ នៃការប្រឆាំង អំពើពុករលួយក្នុងចំណោមយុវជនចំពោះអនាគត ប្រទេស៕
ដោយ៖តារា










