ផ្លូវថ្មើរជើងថ្មីWalk Street តាមបណ្តោយឆ្នេរសមុទ្រក្រុងព្រះសីហនុ នឹងទាក់ទាញភ្ញៀវទេសចរ អ្នកវិនិយោគ នឹងកើតឡើងនៅឆ្នាំ២០២៧                       

ចែករំលែក៖

ខេត្តព្រះសីហនុ៖ រដ្ឋបាលខេត្តព្រះសីហនុបាននិងកំពុងរៀបចំសាងសង់ផ្លូវកម្សាន្តថ្មីនៅតាមបណ្តោយមាត់សមុទ្រ (Walk Street) ចាប់ពីទីលានតេជោ ស្ថិតក្នុងសង្កាត់លេខ៣ រហូតដល់ឆ្នេរអូរឈើទាល ក្រុងព្រះសីហនុ ។ ការអភិវឌ្ឍផ្លូវថ្មើរជើង Walk Street ថ្មីនាពេលនេះ មិនមែនគ្រាន់តែជាគម្រោងអភិវឌ្ឍន៍ទីក្រុងទេសចរណ៍ដ៏ទំនើបប៉ុណ្ណោះទេ គឺដើម្បីបង្កើនសោភ័ណភាព និងជាការទាក់ទាញភ្ញៀវទេសចរជាតិអន្ដរជាតិ និងអ្នកវិនិយោគ ប៉ុន្តែវាអាចចាត់ទុកជាការបន្តនូវស្មារតីសិល្បៈនិងវប្បធម៌នៃការកសាងរបស់ខ្មែរដែលបានបន្សល់ទុកពីអតីតកាល និងកំពុងបន្តបង្ហាញខ្លួនក្នុងទម្រង់ថ្មីនៅក្នុងសង្គមបច្ចុប្បន្ន។

បើតាមរដ្ឋបាលខេត្ដព្រះសីហនុបានបញ្ជាក់ឱ្យដឹងនៅថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦នេះថា ៖ ចំពោះផ្ទាំងថ្មដែលត្រូវបានរៀបចំយ៉ាងផ្ចិតផ្ចង់មួយដុំៗ តាមគំនិតផ្តួចផ្តើមរបស់ថ្នាក់ដឹកនាំខេត្ត ប្រៀបដូចជាការរំឭកឱ្យយើងនឹកឃើញដល់បុព្វបុរសខ្មែរដែលធ្លាប់បានដឹកជញ្ជូន កាត់ត និងតម្រៀបដុំថ្មយ៉ាងម៉ត់ចត់មួយដុំម្តងៗ ដើម្បីកសាងប្រាសាទដ៏អស្ចារ្យដែលអាចឈរយ៉ាងរឹងមាំឆ្លងកាត់រាប់សតវត្សរ៍ និងក្លាយជាមរតកសម្រាប់មនុស្សជំនាន់ក្រោយរហូតដល់សព្វថ្ងៃ។

ការអភិវឌ្ឍសាងសង់ផ្លូវកម្សាន្តថ្មីនៅតាមបណ្តោយមាត់សមុទ្រ (Walk Street) ក្នុងក្រុងព្រះសីហនុ នឹងលេចជារូបរាងនៅពេលខាងមុខ ស្របពេលដែលខេត្តព្រះសីហនុ ត្រូវបានរាជរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ជំរុញការវិនិយោគនូវកម្មវិធីពិសេសជំរុញការវិនិយោគ ចាប់ពីឆ្នាំ២០២៤ ដល់ឆ្នាំ២០២៧ ខាងមុខ ដើម្បីប្រែក្លាយខេត្តព្រះសីហនុជាតំបន់សេដ្ឋកិច្ចពិសេស គំរូពហុបំណងក្នុងការវិនិយោគ ដឹកជញ្ជូន ទីផ្សារហិរញ្ញវត្ថុអន្តរជាតិនាពេលខាងមុខ៕

...

ដោយ៖ សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print