អ្នកនាំពាក្យបញ្ជាក់ពីចេតនា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ពង្រឹងចារកម្មក្ដោបមុខសញ្ញាគ្រឿងញៀន ឱ្យដូចតាមដានក្រុមប្រឆាំងក្រៅច្បាប់!

ចែករំលែក៖

ភ្នំពេញ៖ ប្រសាសន៍ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ថ្លែងក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៦ ដែលណែនាំកម្លាំងសមត្ថកិច្ចប្រើជំនាញចារកម្ម តាមដានក្រុមជួញដូរគ្រឿងញៀន ឱ្យដូចចារកម្មតាមដានសកម្មជនប្រឆាំងក្រៅច្បាប់ គឺមិនមែនជាការរំលោភសិទ្ធិបុគ្គលឯកជនរបស់ប្រជាពលរដ្ឋទូទៅ ឬជាចេតនារំលោភសិទ្ធិនយោបាយរបស់បុគ្គល ឬសកម្មជននយោបាយណាមួយនោះឡើយ។ នេះជាការបញ្ជាក់របស់លោក រ៉េន រតនៈ អ្នកនាំពាក្យឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ។

តាមបណ្ដាញទំនាក់ទំនងសង្គម នារសៀលថ្ងៃទី៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ លោក រ៉េន រតនៈ បានជម្រាបជូនសាធារណជនទៀតថា ប្រសាសន៍ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានឆ្លុះបញ្ចាំងពីភាពក្លាហាន និងការទទួលស្គាល់ការពិត អំពីភាពនៅមានកម្រិតរបស់កម្លាំងសមត្ថកិច្ច លើការងារតាមដាន ស្រាវជ្រាវ និងបង្ក្រាបពួកឧក្រិដ្ឋជនគ្រឿងញៀន តម្រូវឱ្យមានការផ្លាស់ប្តូរយុទ្ធសាស្ត្រ ឬយុទ្ធវិធីផ្សេងៗ រួមទាំងការប្រើកម្លាំងជំនាញចារកម្មឱ្យមានប្រសិទ្ធភាពដូចចារកម្មលើក្រុមប្រឆាំងក្រៅច្បាប់។ ជំនាញចារកម្ម ដែលបើតាមអ្នកនាំពាក្យ កន្លងមក កម្លាំងជំនាញនេះ បានជួយទប់ស្កាត់ទាន់ពេលវេលា នូវរាល់ការប៉ុនប៉ងបង្កភាពវឹកវរដល់សង្គម ជាពិសេសការព្យាយាមបង្កើតបដិវត្តន៍ពណ៌ ឬអំពើវិទ្ធង្សនាផ្សេងៗ ដែលនាំមហន្តរាយដល់ប្រទេសជាតិ ប៉ះពាល់ដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ និងអ្នកវិនិយោគជាដើម។

ត្រង់ចំណុចនេះ អ្នកនាំពាក្យបានផ្ដល់ការពន្យល់បន្ថែមជូនសាធារណជនជ្រាបថា នៅគ្រប់ប្រទេសលើពិភពលោក កម្លាំងចារកម្ម គឺជាកម្លាំងសំងាត់របស់រដ្ឋ ដែលមានតួនាទី និងភារកិច្ចតាមដាន និងប្រមូលព័ត៌មាន លើរាល់បុគ្គល ឬនីតិបុគ្គលទាំងឡាយណាដែលមានផែនការ ឬប៉ុនប៉ងព្យាយាមប្រព្រឹត្តសកម្មភាពខុសច្បាប់ផ្សេងៗ សំដៅចាត់វិធានការបង្ការ ទប់ស្កាត់ និងបង្ក្រាបឱ្យបានទាន់ពេលវេលា ដើម្បីធានាឱ្យបាននូវប្រក្រតីភាពនៃសង្គម ជាពិសេសទប់ស្កាត់មិនឱ្យផែនការអាក្រក់ណាមួយកើតឡើងនាំឱ្យប៉ះពាល់ដល់ផលប្រយោជន៍សាធារណៈ។

“ក្នុងន័យនេះ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា បានដាក់ទិសដៅឱ្យកម្លាំងជំនាញ ពង្រឹងការស៊ើបអង្កេត ស្រាវជ្រាវ និងបង្ក្រាបបទល្មើសគ្រឿងញៀននៅមូលដ្ឋាន ជាពិសេសមេក្លោងលួចផលិត ជួញដូរ និងចែកចាយគ្រឿងញៀន ឱ្យបានប្រកបដោយប្រសិទ្ធភាព ដើម្បីការពារសុខុមាលភាពប្រជាជន និងទប់ស្កាត់បាតុភាពអសន្តិសុខផ្សេងទៀតក្នុងសង្គម”។ លោក រ៉េន រតនៈ បានបញ្ជាក់ចុងក្រោយយ៉ាងដូច្នេះ ភ្ជាប់នឹងសេចក្ដីថ្លែងអំណរគុណចំពោះសាធារណជនដែលបានចាប់អារម្មណ៍ និងចូលរួមបញ្ចេញមតិ និងទស្សនៈជុំវិញប្រធានបទនេះ ដោយអះអាងថានេះជាដំណើរការធម្មតាមួយនៃសង្គមប្រជាធិបតេយ្យដែលផ្ដល់តម្លៃដល់សេរីភាពបញ្ចេញមតិ៕

...

ដោយ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print