ខេត្តកំពត ៖ អធិការនគរបាលស្រុកឈូក ខេត្តកំពត លោកវរសេនីយ៍ឯក ប៉ោ យ៉ា និងអធិការរងនគរបាលទទួលផែនសណ្តាប់ធ្នាប់ លោកវរសេនីយ៍ទោ ឯក វ៉ាន្នី ត្រូវបានដកមកបញ្ឈរជេីងនៅការិយាល័យបុគ្គលិក នៃស្នងការដ្ឋាននគរបាលខេត្ត ដេីម្បីបន្តនីតិវិធី ដោយសារតែខ្ជីខ្ជារឿងគ្រោះថ្នាក់ចរាចរណ៍។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កដោយឡាន បណ្តាលឲ្យបុកម៉ូតូស្លាប់២នាក់ ស្រាប់តែលោកអធិការ និងអធិការរង មិនយកចិត្តទុកដាក់ ហេីយអះអាងថា ឡានមិនខុស រួចសុំគោលការណ៍ដោះលែងអ្នកបេីកបរទៅបាត់។
ក្រោយលោកស្នងការ បញ្ជាឲ្យកម្លាំងជំនាញថ្នាក់ខេត្តចុះទៅវាស់វែង និងស្រាវជ្រាវឡេីងវិញ ទេីបរកឃេីញថាឡានពិតជាខុស ដោយបេីកចូលគន្លងខាងម៉ូតូ២តឹកកន្លះ។
ករណីនេះកេីតឡេីងនៅយប់ថ្ងៃទី៥ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅផ្លូវជាតិលេខ៣ ភូមិដំណាក់ទ្រព្យខាងត្បូង ឃុំក្រាំងស្នាយ ស្រុកឈូក ខេត្តកំពត។ សូមគាំទ្រចំណាត់ការ លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បញ្ជាឱ្យសមត្ថកិច្ចជំនាញស្រាវជ្រាវករណីនេះ រហូតដល់ឃាត់ខ្លួនអ្នកបើកបរមកវិញ ៕
ដោយ ៖ សិលា










