ខេត្តកណ្តាល៖ យុវជនម្នាក់ដើរឆ្លងទឹកត្រឡប់មកពីដាក់បិណ្ឌវិញក្នុងគោលបំណងត្រឡប់ទៅផ្ទះ ខណៈកំពុងដើរជម្ងឺរើឡើងបណ្តាលឲ្យប្រកាច់ចូលទឹកលង់ស្លាប់យ៉ាងអណោចអធ័ម គ្រាដែលពុំមាននណាម្នាក់បានដឹងជួយសង្រ្គោះទាន់ពេលវេលា ។ សាកសពជនរងគ្រោះត្រូវបានក្រុមគ្រួសារតាមរកប្រទះឃើញកាលពីវេលាម៉ោង៤រសៀល ថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៦ ត្រង់ចំណុចបឹងខ្យោង ស្ថិតក្នុងភូមិជន្លឹង ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្ដាល ។
មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ គា សៀប ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានឪពុកឈ្មោះ ឃុន គា អាយុ៥៧ឆ្នាំ មុខរបរ កសិករ ម្តាយឈ្មោះសាន គិន អាយុ៥៨ឆ្នាំ មុខរបរ កសិករ មានទីលំនៅភូមិព្រែកតាទន់ឃុំព្រះប្រសប់ ស្រុកខ្សាច់កណ្ដាល ។ តាមការបំភ្លឺពីឪពុកម្តាយជនរងគ្រោះបានឲ្យដឹងថា កូនប្រុសរបស់គាត់មានជម្ងឺតេតាណូសប្រចាំកាយ ហើយឧស្សាហ៏ប្រកាច់ខ្លាំងណាស់ ។ នៅមុនពេលកើតហេតុថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៦ កូនប្រុសបានទៅដាក់បិណ្ឌជាមួយ ខណៈដែលកម្មវិធីកាន់បិណ្ឌមិនទាន់ចប់ផងនោះកូនប្រុសរបស់គាត់បានដើរទៅផ្ទះមុខ ដោយដើរកាត់តាមបឹង ។ ពេលកំពុងដើរឆ្លងទឹកទំនងជាជម្ងឺរើឡើទើបបណ្តាលឲ្យប្រកាច់ចូលទៅក្នុងទឹកលង់ស្លាប់ ហើយពុំមាននណាម្នាក់បានដឹងនោះទេ រហូតដល់ថ្ងៃទី២៨ ខែឆ្នាំដដែលទើបប្រទះឃើញសាកសព ។ មន្ត្រីនគរបាលស្រុកខ្សាច់កណ្តាលបានបញ្ជាក់ថា សាកសពជនរងគ្រោះពុំមានស្លាកស្លាមអ្វីគួឲ្យកត់សម្គាល់នោះទេ ជនរងគ្រោះស្លាប់ដោយសារលង់ទឹក ។ ក្រោយពីពិនិត្យចប់សព្វគ្រប់ សមត្ថកិច្ចបានប្រគល់សាកសពជនរងគ្រោះ ទៅឲ្យក្រុមគ្រួសារយកទៅចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕
ដោយ៖ស្អាងជ័យ