ខេត្តបាត់ដំបង៖ នៅថ្ងៃទី០៧ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោង០៣និង១៧នាទី នៅចំណុចក្រុមទី ភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង មានករណីអំពើលួចមានស្ថានទម្ងន់ទោស (គាស់ទម្លុះ ទម្លាយ)មួយកើតឡើង ប្រព្រឹត្តដោយជនសង្ស័យមិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពគាស់ទម្លុះ ទម្លាយ លួចយកអាគុយ ១០០អំពែ ពណ៌ក្រហម ០១ គ្រឿង, រទះដឹកគ្រឿងសំណង់ ០១គ្រឿង, ខ្សែភ្លើងប្រវែងប្រហែល៤០ម៉ែត្រ និងជណ្ដើរ ០១ ។ សម្ភារៈទាំងនោះរបស់ជនរងគ្រោះឈ្មោះ ហ៊ីង ថាវី ភេទស្រី អាយុ៥៤ឆ្នាំ មានទីលំនៅភូមិនំក្រៀប សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង ។
ក្រោយពីទទួលបណ្តឹងពីជនរងគ្រោះ ដោយអនុវត្តតាមយោបល់ដឹកនាំរបស់ លោកឧត្តមសេនីយ៍ទោ ដាញ់ អេងប៊ុនចាន់ ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត បាត់ដំបង និងមានការសម្របសម្រួលនីតិវិធីពីលោកមាស ចាន់ពិសិដ្ឋ ព្រះរាជអាជ្ញា នៃអយ្យការអមសាលា ដំបូងខេត្តបាត់ដំបង កម្លាំងផ្នែកជំនាញព្រហ្មទណ្ឌ័ នៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ដឹកនាំដោយលោកវរសេនីយ៍ឯក ពេជ្រ សារ៉ែន អធិការនគរបាលក្រុងបាត់ដំបង បានចុះស្រាវជ្រាវ រហូតដល់វេលាម៉ោង១៦ និង៣០នាទី ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៦ ទើបធ្វើការឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់៖
១-ឈ្មោះ ចាន់ ឆវ័ន្ត ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិចំការឬស្សី សង្កាត់ព្រែកព្រះស្ដេច ក្រុងបាត់ដំបង ខេត្តបាត់ដំបង និង២-ឈ្មោះ តែម ចាន់ធូ ភេទប្រុស អាយុ៣៨ឆ្នាំ មានទីលំនៅភូមិ២០ឧសភា សង្កាត់ស្វាយប៉ោ ក្រុងបាត់ដំបង ខេត្តបាត់ដំបង នាំយកមកសាកសួរនៅអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ។
ក្រោយពីបានសាកសួរជនសង្ស័យខាងលើ បានឆ្លើយសារភាពថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពលួចនិងគាស់ទម្លុះទម្លាយ ពិតប្រាកដមែន ដោយសារតែគ្មានលុយទិញគ្រឿងញៀន ។ វត្ថុតាងដកហូតរួមមាន៖ ជណ្ដើរ ០១ និងរទះដឹកគ្រឿងសំណង់ ០១គ្រឿង ។
ករណីនេះ ជនសង្ស័យខាងលើត្រូវបានកម្លាំងនគរបាលក្រុងបាត់ដំបង សាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ សុរិយា










