អភិបាលខេត្តស្ទឹងត្រែង ណែនាំអាជ្ញាធរបង្កើនកិច្ចសហប្រតិបត្តិការជាមួយភាគីឡាវ ដើម្បីលុបបំបាត់ និង បង្ក្រាបបទល្មើសឆ្លងដែនគ្រប់ទម្រង់

ចែករំលែក៖

ខេត្តស្ទឹងត្រែង ៖ លោក សរ សុពុត្រា អភិបាល នៃគណៈអភិបាលខេត្តស្ទឹងត្រែង បានណែនាំអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការល្អជាមួយភាគីមន្ត្រីច្រកទ្វារណងនុកខៀន របស់ប្រទេស ឡាវ ដើម្បីលុបបំបាត់ និងបង្ក្រាបបទល្មើសឆ្លងដែនគ្រប់ទម្រង់ ឱ្យមានប្រសិទ្ធភាពបំផុត។

ការណែនាំរបស់ លោក សរ សុពុត្រា បានធ្វើឡើងក្នុងពិធីប្រកាសលោក ហ៊ុន បូរិន ចូលកាន់តំណែង ជាប្រធានទីស្នាក់ការត្រួតពិនិត្យច្រកទ្វារព្រំដែនអន្តរជាតិត្រពាំងក្រៀល ថ្មីៗនេះ ក្នុងគោលបំណងពង្រឹង ប្រសិទ្ធភាពការងាររដ្ឋបាលសម្រួលកិច្ចការពាណិជ្ជកម្ម និងទប់ស្កាត់រាល់សកម្មភាព ឧក្រិដ្ឋកម្មឆ្លងដែន តាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់រាជរដ្ឋាភិបាល។

មានប្រសាសន៍នៅក្នុងពិធីនោះ លោក សរ សុពុត្រា អភិបាលខេត្តស្ទឹងត្រែង បានណែនាំឱ្យប្រធាន ច្រកថ្មី ត្រូវអនុវត្តឱ្យបានត្រឹមត្រូវ និងម៉ឺងម៉ាត់បំផុតនូវរាល់ការប្តេជ្ញាចិត្ត និងបទបញ្ជា ដែលថ្នាក់ដឹកនាំបានដាក់ចេញ។

លោក អភិបាលខេត្ត បានគូសបញ្ជាក់ ថា កងកម្លាំង និងមន្ត្រីជំនាញទាំងអស់ ដែលប្រចាំការនៅទីស្នាក់ការច្រកទ្វារត្រូវតែ បន្តកិច្ចសហប្រតិបត្តិការជិតស្និទ្ធ ដើម្បីសម្រួលដល់ការចេញ-ចូល របស់អ្នកវិនិយោគ អាជីវករ ភ្ញៀវទេសចរ ជាតិ និង អន្តរជាតិ ព្រមទាំង ប្រជាពលរដ្ឋ នៃប្រទេសទាំងពីរ ជាពិសេស ប្រជាពលរដ្ឋ រស់នៅតាមតំបន់ព្រំដែន អាចប្រកបរបរទទួលទានបាន និងប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់។

បន្ថែមលើនេះ លោក អភិបាលខេត្ត បានរលឹកយ៉ាងច្បាស់ពីអនុសាសន៍ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេច មហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានបញ្ជាក់នាពេលកន្លងមកថា «មិនអនុញ្ញាតដាច់ខាតឱ្យមានការយកទឹកដី នៃខេត្តស្ទឹងត្រែង ជាតំបន់ ចេញ-ចូល ឬ ជម្រក របស់ពួកសង្គមងងឹត និងក្រុមឧក្រិដ្ឋជនឡើយ»។

ដើម្បីសម្រេចបាននូវគោលដៅនេះ លោក អភិបាលខេត្ត បានផ្តាំផ្ញើឱ្យគ្រប់អាជ្ញាធរ និងកងកម្លាំង ជំនាញពាក់ព័ន្ធទាំងអស់ ត្រូវតែបង្កើនការ ផ្លាស់ប្តូរ ព័ត៌មាន ទាន់ហេតុការណ៍ជាមួយគ្នា និងពង្រឹងកិច្ច សហប្រតិបត្តិការ ល្អប្រសើរ ជាមួយ ភាគីមន្ត្រី ច្រកទ្វារណងនុកខៀន របស់ប្រទេស ឡាវ ដើម្បីលុបបំបាត់ និងបង្ក្រាបបទល្មើស ឆ្លងដែនគ្រប់ទម្រង់ឱ្យមានប្រសិទ្ធភាពបំផុត៕

...

ប្រភព ៖ រដ្ឋបាលខេត្តស្ទឹងត្រែង

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print