រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ សង្គ្រាមឈ្លានពានរបស់ថៃ បង្កវិបត្តិធំៗចំនួន៣នៅកម្ពុជា

ចែករំលែក៖

ខេត្តព្រះវិហារ៖ ជម្លោះព្រំដែនដែលមន្ត្រីកម្ពុជាហៅថាជា «សង្គ្រាមឈ្លានពានរបស់ថៃ» បានបង្កវិបត្តិធំៗចំនួនបី គឺវិបត្តិមនុស្សធម៌ វិបត្តិបេតិកភណ្ឌ និងវិបត្តិនៃការរំលោភច្បាប់អន្តរជាតិ ខណៈផលប៉ះពាល់ជាច្រើននៅមិនទាន់អាចស្ដារឡើងវិញបានទាំងស្រុង។ នេះបេីយោងតាមប្រភពព័ត៍មានពីផេកហ្វេសប៊ុកផ្លូវការរបស់លោក នេត្រ ភក្ត្រា រដ្ឋមន្រ្តីក្រសួងព័ត៍មាន បានថ្លែងនៅព្រឹកថ្ងៃទី១១ ខែសីហា ឆ្នាំ២០២៦។

 

ការលើកឡើងនេះធ្វើឡើងដោយលោក គង់ ពុទ្ធិការ អគ្គនាយកអាជ្ញាធរជាតិព្រះវិហារ ក្នុងកម្មវិធីពិភាក្សាតុមូលស្ដីពីស្ថានភាពគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះក្នុងភូមិសាស្ត្រខេត្តព្រះវិហារថ្ងៃទី៩ ខែកញ្ញា។ លោកបានថ្លែងថា ការខូចខាតដែលអាចមើលឃើញនៅលើប្រាសាទ លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ គ្រាន់តែជាផ្នែកខាងក្រៅនៃផលវិបាកប៉ុណ្ណោះ ខណៈសង្គ្រាមបានបង្កបញ្ហាកាន់តែជ្រៅដល់ជីវិតមនុស្ស ការការពារបេតិកភណ្ឌ និងប្រសិទ្ធភាពនៃច្បាប់អន្តរជាតិ។

 

*វិបត្តិមនុស្សធម៌

 

លោក ពុទ្ធិការ បានកំណត់វិបត្តិមនុស្សធម៌ជាផលវិបាកទី១ ដោយសារប្រជាពលរដ្ឋមួយចំនួននៅតែមិនអាចត្រឡប់ទៅលំនៅឋានដើមបាន កុមារមួយចំនួនមិនអាចចូលរៀនជាប្រក្រតី ហើយការទទួលបានសេវាសុខាភិបាល និងមុខរបររបស់គ្រួសាររងផលប៉ះពាល់ក៏មិនទាន់វិលទៅរកភាពធម្មតា។ លោកថា៖ «ក្មេងសិស្សសាលាមិនបានទៅរៀនសូត្រឱ្យត្រឹមត្រូវ ប្រជាពលរដ្ឋមិនអាចទទួលបានសេវាសុខភាពសាធារណៈបានត្រឹមត្រូវ។ នេះគឺជាវិបត្តិមនុស្សធម៌មួយដែលកើតឡើងពីសង្គ្រាមនេះ»។

 

លោកបានអះអាងថា នៅតាមតំបន់ព្រំដែនមួយចំនួន កងទ័ពថៃបានចូលកាន់កាប់ និងដាក់លួសបន្លា ដែលរារាំងប្រជាពលរដ្ឋកម្ពុជាមិនឱ្យត្រឡប់ទៅលំនៅឋានដើម។ ទោះជាយ៉ាងណា លោកបានបញ្ជាក់ថា ផលប៉ះពាល់ដែលលោកលើកឡើងសម្រាប់ខេត្តព្រះវិហារ គ្រាន់តែជាផ្នែកមួយនៃស្ថានភាពនៅតាមបណ្ដោយព្រំដែនកម្ពុជា-ថៃប៉ុណ្ណោះ។

 

លោក គឹម រិទ្ធី អភិបាលខេត្តព្រះវិហារ បានឱ្យដឹងក្នុងកម្មវិធីដដែលថា ប្រជាពលរដ្ឋប្រមាណ ៩៧ភាគរយបានត្រឡប់ទៅលំនៅឋានវិញ ប៉ុន្តែ៣ភាគរយទៀតនៅមិនទាន់អាចវិលត្រឡប់បាន ព្រោះភូមិរបស់ពួកគេស្ថិតក្នុងតំបន់ដែលអាជ្ញាធរកំណត់ថាជាតំបន់ក្រហម និងតំបន់លឿង។

 

តាមការពន្យល់របស់លោក តំបន់ក្រហមសំដៅលើតំបន់ដែលរដ្ឋបាលខេត្តអះអាងថាត្រូវបានភាគីថៃចូលកាន់កាប់ដោយខុសច្បាប់ ខណៈតំបន់លឿងជាទីតាំងមានហានិភ័យសន្តិសុខខ្ពស់។

 

លោកអភិបាលបានឱ្យដឹងថា ក្នុងអំឡុងពេលប្រយុទ្ធ ប្រជាពលរដ្ឋប្រមាណ ១៦,០០០គ្រួសារ ឬប្រមាណ ៥៤,០០០នាក់នៅទូទាំងស្រុកជាំក្សាន្ត ត្រូវបានជម្លៀសចេញទាំងស្រុង។

 

ការវាយតម្លៃរបស់អាជ្ញាធរខេត្តក៏បានរកឃើញផ្ទះពលរដ្ឋចំនួន ៧៦៥ខ្នងរងការខូចខាត ក្នុងនោះ ១៣៥ខ្នងខូចធ្ងន់ ៣៩ខ្នងខូចមធ្យម និង ៥៩១ខ្នងខូចស្រាល។ លោក គឹម រិទ្ធី បញ្ជាក់ថា ទិន្នន័យទាំងនេះត្រូវបានប្រមូលដោយអាជ្ញាធរមូលដ្ឋាន ដោយមានរូបថត និងកូអរដោនេ GPS សម្រាប់លំនៅឋាននីមួយៗ។

 

សម្រាប់អ្នកដែលមិនអាចត្រឡប់ទៅទីលំនៅដើម រដ្ឋាភិបាលបានរៀបចំផ្ទះចំនួន ៦៤៥ខ្នងនៅភូមិតាកឹងបៃតង រួមជាមួយផ្លូវ ទឹកស្អាត អគ្គិសនី សាលារៀន មណ្ឌលសុខភាព និងទីស្នាក់ការរបស់អាជ្ញាធរ។ ទោះជាមានលំនៅឋានថ្មីក៏ដោយ លោកអភិបាលបានទទួលស្គាល់ថា ប្រជាពលរដ្ឋប្រមាណពាក់កណ្ដាលត្រូវចាកចេញទៅរកការងារនៅតំបន់ផ្សេង ព្រោះឱកាសរកចំណូលនៅក្នុងភូមិនៅមានកម្រិត។

 

*វិបត្តិបេតិកភណ្ឌ

 

វិបត្តិទី២ គឺការខូចខាត និងការរាំងស្ទះដល់ការអភិរក្សបេតិកភណ្ឌវប្បធម៌។ លោក ពុទ្ធិការ បានឱ្យដឹងថា ប្រាសាទព្រះវិហាររងការខូចខាតសរុប ៥៦២ទីតាំង ក្នុងនោះ ១៤២ទីតាំងកើតឡើងពីការប៉ះទង្គិចក្នុងខែកក្កដា និង ៤២០ទីតាំងបន្ថែមក្នុងការប្រយុទ្ធនៅខែធ្នូ។

 

ការខូចខាតបានប៉ះពាល់ដល់សំណង់ស្ថាបត្យកម្ម ក្បាច់ចម្លាក់ សសរថ្ម គោបុរៈ តំបន់សក្ការៈ ជណ្ដើរ និងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ភ្ញៀវទេសចរ។ លោកបានអះអាងថា វត្តកែវសិក្ខាគិរីស្វារៈរងការខូចខាតធ្ងន់ធ្ងរ ខណៈរូបចម្លាក់ព្រះវិស្ណុនៅតំបន់អានសេះត្រូវបានបំផ្លាញដោយគ្រឿងចក្រ។

 

លោកបានលើកឡើងបន្ថែមពីប្រាសាទតាមាន់ ប្រាសាទតាក្របី និងប្រាសាទខ្នារ ក្នុងខេត្តឧត្ដរមានជ័យ ដែលលោកអះអាងថាបានរងការខូចខាត និងកំពុងស្ថិតក្រោមការកាន់កាប់របស់កងទ័ពថៃ។ លោកថា ការកាន់កាប់នេះធ្វើឱ្យកម្ពុជា ដែលជាម្ចាស់បេតិកភណ្ឌ មិនអាចចូលទៅវាយតម្លៃ ទប់ស្កាត់ការខូចខាត ឬបំពេញការងារអភិរក្សបាន។

 

ចំណែកនៅប្រាសាទព្រះវិហារ ក្រុមការងារកម្ពុជាអាចធ្វើការសង្គ្រោះបន្ទាន់បានមួយចំនួន ប៉ុន្តែសុវត្ថិភាពរបស់មន្ត្រីនៅតែរងការគំរាមកំហែងដោយសារស្ថានភាពយោធានៅក្បែរតំបន់ប្រាសាទ។ លោកបាននិយាយថា មន្ត្រីអភិរក្សមួយចំនួនត្រូវផ្ដាំផ្ញើក្រុមគ្រួសារមុនឡើងទៅបំពេញភារកិច្ច ព្រោះពួកគេមិនប្រាកដអំពីស្ថានភាពសុវត្ថិភាពនៅទីនោះ។

 

បច្ចុប្បន្ន ការងារជួសជុល និងអភិរក្សរបស់អាជ្ញាធរជាតិព្រះវិហារ និងដៃគូអន្តរជាតិ រួមមានឥណ្ឌា ចិន និងសហរដ្ឋអាមេរិក ត្រូវបានផ្អាក។ អ្វីដែលអាជ្ញាធរអាចធ្វើបាន គឺការទល់ទ្រ បិទភ្ជាប់ និងរក្សាបំណែកថ្មជាបណ្ដោះអាសន្ន ដើម្បីកុំឱ្យការខូចខាតកាន់តែធ្ងន់ធ្ងរ។

 

*វិបត្តិនៃការរំលោភច្បាប់អន្តរជាតិ

 

លោក ពុទ្ធិការ បានហៅផលវិបាកទី៣ថា ជាវិបត្តិនៃការរំលោភច្បាប់អន្តរជាតិ ដែលបង្កជាសំណួរអំពីប្រសិទ្ធភាពនៃច្បាប់ និងយន្តការអន្តរជាតិក្នុងការការពារអធិបតេយ្យភាព និងបេតិកភណ្ឌវប្បធម៌។ លោកបានរំឭកពីការប្រឈមមុខដាក់គ្នានៅតំបន់ប្រាសាទព្រះវិហារចាប់តាំងពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១១ និងអះអាងថា បញ្ហានេះនៅតែបន្ត ទោះជាប្រាសាទព្រះវិហារមានការការពារដោយឯកសារ និងយន្តការអន្តរជាតិជាច្រើនក៏ដោយ។

 

ឯកសារទាំងនោះរួមមានសាលដីការបស់តុលាការយុត្តិធម៌អន្តរជាតិឆ្នាំ១៩៦២ សេចក្ដីបកស្រាយសាលដីកាឆ្នាំ២០១៣ អនុសញ្ញាបារាំង-សៀមឆ្នាំ១៩០៤ និងឆ្នាំ១៩០៧ អនុស្សរណៈនៃការយោគយល់គ្នាឆ្នាំ២០០០ និងឋានៈរបស់ប្រាសាទព្រះវិហារជាបេតិកភណ្ឌពិភពលោក។

 

លោកបានចោទជាសំណួរថា តើច្បាប់អន្តរជាតិអាចត្រូវបានអនុវត្តប្រកបដោយប្រសិទ្ធភាពដែរឬទេ ប្រសិនបើការប្រើកម្លាំង ការខូចខាតបេតិកភណ្ឌ និងការរារាំងប្រជាពលរដ្ឋមិនឱ្យវិលត្រឡប់ទៅផ្ទះនៅតែបន្ត។ លោកថា វិបត្តិទី៣នេះមានវិសាលភាពធំជាងបញ្ហាទ្វេភាគី ព្រោះវាពាក់ព័ន្ធនឹងភាពជឿជាក់លើប្រព័ន្ធច្បាប់អន្តរជាតិ និងកាតព្វកិច្ចរបស់សហគមន៍អន្តរជាតិក្នុងការការពារបេតិកភណ្ឌរបស់មនុស្សជាតិ៕

...

ប្រភព៖រដ្ឋមន្រ្តីក្រសួងព័ត៍មាន លោក នេត្រ ភក្ត្រា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print