Joheirry Mola គ្រូបង្រៀនវ័យ ២៤ឆ្នាំមកពីសាធារណរដ្ឋដូមីនីកែន បានក្លាយជាម្ចាស់មកុដ Miss World 2026 នៅទីក្រុង Nha Trang ប្រទេសវៀតណាម កាលពីថ្ងៃទី៥ ខែកញ្ញា បន្ទាប់ពីយកឈ្នះបេក្ខនារីជាច្រើនរូបមកពីប្រទេសផ្សេងៗ។
មុនការប្រកួតវគ្គផ្តាច់ព្រ័ត្រ Mola មិនស្ថិតក្នុងចំណោមបេក្ខនារីដែលត្រូវបានគេចាត់ទុកថាជាបេក្ខភាពពេញនិយមឡើយ។ ប៉ុន្តែនាងបានបង្កើនសន្ទុះជាបន្តបន្ទាប់ ជាពិសេសក្រោយឈ្នះការប្រកួត Top Model សម្រាប់តំបន់អាមេរិក និងការ៉ាប៊ីន ដែលធ្វើឱ្យនាងចូលក្នុង Top 40។
ចំណុចសំខាន់ដែលជួយឱ្យ Mola ដណ្តើមមកុដ គឺការរួមបញ្ចូលគ្នារវាង សម្រស់ ភាពឆ្លាតវៃ សមត្ថភាពទំនាក់ទំនង ភាពជឿជាក់ និងការងារសហគមន៍។ ក្នុងវគ្គសំណួរ-ចម្លើយ នាងបានលើកឡើងពីការងារបង្រៀន និងការជួយកុមារដែលមានជីវភាពខ្វះខាតឱ្យរៀនភាសាអង់គ្លេស។
ក្រៅពីជាគ្រូបង្រៀន Mola ក៏ធ្លាប់ធ្វើការជា អ្នករាយការណ៍ទូរទស្សន៍ និងតារាម៉ូដែលអាជីព ព្រមទាំងមានបទពិសោធន៍ក្នុងវិស័យប្រកួតសម្រស់ជាច្រើនឆ្នាំ។ នាងក៏បានបញ្ចប់បរិញ្ញាបត្រផ្នែកគ្រប់គ្រងអាជីវកម្ម និងគ្រប់គ្រងពីសាកលវិទ្យាល័យ Iberoamerican (UNIBE)។
គម្រោង “Beauty With a Purpose” របស់នាងផ្តោតលើការអប់រំកុមារមកពីគ្រួសារខ្វះខាត ដោយជឿថា ភាសា និងការអប់រំអាចបើកឱកាសថ្មីៗ និងជួយផ្លាស់ប្តូរជីវិតយុវជន។
ជ័យជម្នះរបស់ Mola ត្រូវបានអ្នករៀបចំ និងអ្នកជំនាញចាត់ទុកថា មិនមែនបានមកពីសម្រស់តែមួយមុខទេ ប៉ុន្តែជាលទ្ធផលនៃ ការត្រៀមខ្លួន បទពិសោធន៍ ការងារសង្គម និងគោលបំណងច្បាស់លាស់ក្នុងជីវិត៕










