រដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤ ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់ ប្រធានាធិបតីមីយ៉ាន់ម៉ា​ លោក មីន អោងឡាំង

ចែករំលែក៖

ភ្នំពេញ៖ កិច្ចព្រមព្រៀងចំនួន៤រវាងរដ្ឋាភិបាលកម្ពុជា និងមីយ៉ាន់ម៉ា នឹងត្រូវចុះហត្ថលេខា ក្នុងដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា មកកាន់កម្ពុជា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរ។​ នេះបេីយោង​លោក ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា និងជានាយករងទី១ ខុទ្ទកាល័យសម្តេចប្រធានព្រឹទ្ធសភាកម្ពុជា។

ការបញ្ជាក់នេះរបស់លោក ជា ធីរិទ្ធ បានធ្វើឡើងនារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ ក្នុងឱកាសធ្វើសន្និសីទសារព័ត៌មាន ស្តីពីលទ្ធភាពជំនួបរវាងសម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទីនៃកម្ពុជា និងលោក មីន អោងឡាំង ប្រធានាធិបតីមីយ៉ាន់ម៉ា។​ ចំពោះ​កិច្ចព្រមព្រៀងនេះដែរ នឹងត្រូវចុះហត្ថលេខា បន្ទាប់ពី លោកប្រធានាធិបតីមីយ៉ាន់ម៉ា ជួបជាមួយ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅវិមានសន្តិភាព នាល្ងាចថ្ងៃទី១១​ កញ្ញានេះ។

លោកអ្នកនាំពាក្យ​រូបនេះ​ បានបញ្ជាក់បន្ថែមថា តាមរយៈការពិភាក្សាជាមួយសម្តេចតេជោ ហ៊ុន សែន កាលពីព្រឹកថ្ងៃទី១១ ខែកញ្ញា មានចំណុចសំខាន់ៗជាច្រើនដែលភាគីទាំងពីរបានឯកភាពគ្នា។ ក្នុងនោះ នៅក្នុងក្របខណ្ឌនីតិប្រតិបត្តិ ដឹកនាំដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងមានចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួន៤ជាមួយភាគីមីយ៉ាន់ម៉ា។

លោក ជា ធីរិទ្ធ បានថ្លែងថា៖ «កិច្ចព្រមព្រៀងចំនួន៤នោះ សុទ្ធតែបានផ្តល់នូវតម្លៃដ៏សំខាន់នៃផលប្រយោជន៍របស់ប្រទេសទាំងពីរ ហើយវាគាំទ្រដល់ទំនាក់ទំនងរវាងកម្ពុជា និងមីយ៉ាន់ម៉ា ទាំងនៅក្នុងក្របខណ្ឌអ្នកវិនិយោគ និងការពារអ្នកវិនិយោគរួមគ្នា»។

លោកបានពន្យល់ថា កិច្ចព្រមព្រៀងទាំងនេះ នឹងជួយជំរុញការវិនិយោគរវាងប្រទេសទាំងពីរ ដោយផ្តល់ការគាំពារ និងលក្ខខណ្ឌកាន់តែប្រសើរសម្រាប់អ្នកវិនិយោគកម្ពុជា ដែលទៅវិនិយោគនៅមីយ៉ាន់ម៉ា និងអ្នកវិនិយោគមីយ៉ាន់ម៉ា ដែលមកវិនិយោគនៅកម្ពុជា។

ក្រៅពីវិស័យវិនិយោគ លោកអ្នកនាំពាក្យ​ បន្តថា កិច្ចព្រមព្រៀងដែលនឹងត្រូវចុះហត្ថលេខា ក៏ពាក់ព័ន្ធនឹងវិស័យផ្សេងៗទៀត ដែលមានសារៈសំខាន់ចំពោះទំនាក់ទំនងរវាងប្រទេសទាំងពីរ ដូចជា នយោបាយ ពាណិជ្ជកម្ម ការអប់រំ និងព័ត៌មាន។

លោក ជា ធីរិទ្ធ​ បានគូសបញ្ជាក់​ថា​ កិច្ចព្រមព្រៀងទាំងនេះ នឹងរួមចំណែកបន្ថែមទៀតដល់ការពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការកម្ពុជា-មីយ៉ាន់ម៉ា ព្រមទាំងបង្កើតឱកាសសម្រាប់ប្រទេសទាំងពីរក្នុងការធ្វើការងាររួមគ្នាកាន់តែជិតស្និទ្ធ។

...

បន្ថែមពីនេះ​ អ្នកនាំពាក្យរូបនេះ​ បន្តថា​ ដំណើរទស្សនកិច្ចរបស់លោក មីន អោងឡាំង មកកាន់កម្ពុជា គឺជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងក្នុងការជំរុញទំនាក់ទំនងរវាងប្រទេសទាំងពីរឲ្យកាន់តែរីកចម្រើន និងមានកិច្ចសហប្រតិបត្តិការកាន់តែទូលំទូលាយ៕ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print