Harry Kane បានរកគ្រាប់បាល់ទី ១៥០ របស់ខ្លួនឱ្យ Bayern Munich ដើម្បីជួយក្រុមការពារតំណែងជើងឯកអាល្លឺម៉ង់ យកឈ្នះក្រុមទើបឡើងមកកាន់ Bundesliga គឺ Elversberg ក្នុងលទ្ធផលយ៉ាងប្រផិតប្រផើយ។
Bayern បានបើកការនាំមុខនៅនាទីទី២៦។ ការបញ្ជូនបាល់ទាបរបស់ Ismael Saibari បានប៉ះប្តូរទិសចេញពី Kane ហើយបាល់បានទៅដល់ Lennart Karl ដែលឈរនៅបង្គោលទី២ និងបានប៉ះបាល់បញ្ចូលទីយ៉ាងងាយស្រួល។
ប៉ុន្តែ Elversberg ដែលបានបង្កភាពភ្ញាក់ផ្អើលរួចមកហើយ ដោយយកឈ្នះ Bayer Leverkusen និង Borussia Mönchengladbach ក្នុងរដូវកាល Bundesliga ដំបូងរបស់ពួកគេ បានតាមស្មើវិញនៅនាទីទី៦១។ Maurice Krattenmacher បានទាត់បាល់កោងយ៉ាងល្អពីគែមប្រអប់ពិន័យ បញ្ជូនបាល់ចូលជ្រុងខាងលើនៃទី។
បន្ទាប់មក Kane បានស៊ុតគ្រាប់ជ័យជម្នះ។ ខ្សែប្រយុទ្ធអង់គ្លេសរូបនេះទទួលបាល់នៅក្នុងប្រអប់ពិន័យ មុនពេលទាត់បាល់យ៉ាងខ្លាំងដែលផុតដៃអ្នកចាំទី Elversberg Nicolas Kristof នៅជ្រុងជិត។
នេះជាគ្រាប់ទី ៩៩ នៅ Bundesliga របស់ Kane ក្នុងការបង្ហាញខ្លួន ៩៧ ប្រកួត ហើយក៏ជាគ្រាប់ដំបូងរបស់គេក្នុងយុទ្ធនាការ Bundesliga រដូវកាល ២០២៦-២៧។
ជាមួយគ្នានេះ វាក៏ជាគ្រាប់ទី ១៥០ ក្នុងការប្រកួតគ្រប់កម្មវិធី របស់ Kane ក្នុងការបង្ហាញខ្លួន ១៥៣ ប្រកួតឱ្យ Bayern ចាប់តាំងពីផ្ទេរមកពី Tottenham ក្នុងខែសីហា ឆ្នាំ២០២៣។
កីឡាករវ័យ ៣៣ឆ្នាំរូបនេះ គឺជាបេក្ខភាពម្នាក់ក្នុងចំណោមអ្នកដែលមានឱកាសខ្ពស់ក្នុងការឈ្នះពាន Ballon d’Or ឆ្នាំ២០២៦ ដែលនឹងប្រគល់នៅទីក្រុងឡុងដ៍ក្នុងខែតុលា។
ចាប់តាំងពីចាប់ផ្តើមរដូវកាល ២០២៣-២៤ មក Kane បានស៊ុតបញ្ចូលទីច្រើនជាងកីឡាករណាផ្សេងទៀតចំនួន ១០ គ្រាប់ ក្នុងចំណោមក្របខណ្ឌកំពូលទាំង ៥ របស់អឺរ៉ុប ហើយជាមធ្យមគេអាចរកបានមួយគ្រាប់រៀងរាល់ ៧៩ នាទី។
Kane ក៏បានក្លាយជាកីឡាករដែលរកបាន ៥០ គ្រាប់នៅ Bundesliga ក្នុងការបង្ហាញខ្លួនត្រឹម ៤៣ ប្រកួត ដែលជាកំណត់ត្រាលឿនបំផុតគ្រប់ពេល។ ឥឡូវនេះ គេកំពុងមានឱកាសបំបែកកំណត់ត្រាក្លាយជាកីឡាករដែលរកបាន ១០០ គ្រាប់នៅ Bundesliga លឿនបំផុត ផងដែរ។
កំណត់ត្រាបច្ចុប្បន្នជាកម្មសិទ្ធិរបស់ Dieter Müller ដែលបានឈានដល់គ្រាប់ទី១០០ ក្នុងការបង្ហាញខ្លួនលើកទី ១២៩ នៅ Bundesliga។
ក្រោយឆ្លងកាត់ ៣ប្រកួតដំបូង Bayern ឈរនៅ លេខ៤ក្នុងតារាង Bundesliga ដោយមាន ២ជ័យជម្នះ និង១ប្រកួតស្មើ។ ចំណែក Elversberg កំពុងឈរនៅលេខ៦៕










