ភ្នំពេញ៖ បុរសម្នាក់បានជិះម៉ូតូបញ្រ្ចាសផ្លូវត្រូវរថយន្តមួយគ្រឿងម៉ាក ALPHARD បើកមកផ្លូវត្រង់បុកពេញទំហឹងអូសម៉ូតូទៅមុខជាច្រើនម៉ែត្រ និងបណ្ដាលឲ្យម្ចាស់ម៉ូតូរងរបួសធ្ងន់ ។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣:១០នាទីយប់រំលងអធ្រាត្រឈានចូលថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចបរិវេណបឹងកក់ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ។
បេីតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 1P-6026 ធ្វើដំណើរតាមបណ្តោយផ្លូវ១១៣ ក្នុងទិសដៅពីត្បូងទៅជើងដោយល្បឿនលឿនទាំងបញ្រ្ចាសផ្លូវ ក៏ជ្រុលទៅបុកជាមួយនឹងរថយន្តម៉ាក ALPHARD មួយគ្រឿងពណ៌ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ 2CI-8071 ដែលបើកបរដោយបុរសម្នាក់ធ្វើដំណើរតាមផ្លូវត្រង់ក្នុងទិសដៅបញ្រ្ចាសគ្នាពីជើងទៅត្បូងចំពីមុខពេញទំហឹងបណ្តាលឲ្យបុរសភាគីខាងម៉ូតូរងរបួសធ្ងន់ត្រូវបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ចំណែកអ្នកបើករថយន្តបានចុះគេចពីកន្លែងកើតហេតុបាត់ស្រមោល។
បន្ទាប់ពីកើតហេតុ សមត្ថកិច្ចមូលដ្ឋានសហការជាមួយមន្ត្រីជំនាញចរាចរណ៍បានចុះមកវាស់វែងយកម៉ូតូនិងរថយន្តទៅរក្សាទុកជាបណ្ដោះអាសន្នរង់ចាំភាគីទាំងសងខាងដោះស្រាយគ្នានៅពេលក្រោយ៕
ដោយ ៖ ភារ៉ា ដង្កោ










