ភ្នំពេញ៖ នៅទីស្តីការក្រសួង នាព្រឹកថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦នេះ បានបើកកិច្ចប្រជុំក្រុមប្រឹក្សាជាតិប្រាក់ ឈ្នួលអប្បបរមាផ្នែកវាយនភណ្ឌកាត់ដេរ ផលិតស្បែក ជើង និងផលិតផលធ្វើដំណើរនិងកាបូប ជាលើកទី២ ដើម្បីបន្តពិភាក្សាគ្នាលើការកំណត់តួលេខប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករនិយោជិតសម្រាប់ឆ្នាំ២០២៧ ដែលប្រព្រឹត្តទៅក្រោមវត្តមានលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងជាប្រធានក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា។
កិច្ចប្រជុំពិភាក្សាកំណត់ប្រាក់ឈ្នួលអប្បបរមារបស់កម្មករនិយោជិតថ្ងៃនេះ មានការចូលរួមពីសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាសរុបចំនួន ៥១រូប ដែលមានសមាសភាពស្មើៗគ្នា ពីតំណាងភាគីរាជរដ្ឋាភិបាល តំណាងភាគីកម្មករនិយោជិត និងតំណាងភាគីនិយោជក។
គួរបញ្ជាក់ថា សម្រាប់កិច្ចប្រជុំប្រាក់ឈ្នួលអប្បបរមានេះ ប្រព្រឹត្តទៅដូចជារៀងរាល់ឆ្នាំ ដោយត្រូវផ្តោតទៅលើ លក្ខណៈវិនិច្ឆ័យចំនួន២នេះ ទី១.គឺផ្អែកទៅលើកត្តាសង្គម ដែលផ្តោតទៅលើស្ថានភាពគ្រួសារ អាត្រាអតិផរណា និងការចំណាយក្នុងការរស់នៅ និងទី២. ផ្អែកទៅលើកត្តាសេដ្ឋកិច្ច ដែលផ្តោតសំខាន់ទៅលើផលិតភាព ភាពប្រកួតប្រជែងរបស់ប្រទេស ស្ថានភាពទីផ្សារការងារ និងកម្រិតចំណេញរបស់វិស័យ ក៏ដូចជាបន្ទាត់ភាពក្រីក្រ។
គិតត្រឹមឆ្នាំ២០២៦នេះ ប្រាក់ឈ្នួលអប្បរមារបស់កម្មករនិយោជិតផ្នែកវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានចំនួន ២១០ដុល្លារអាម៉េរិក ក្នុងមួយខែ៕
ដោយ៖ សុរិយា










