បាបារាំង១កន្លែង កំពុងសប្បាយស្រាប់តែមានផ្សែង ហុយចេញពីពិតានផ្អើលឆោឡោម្តុំទួលទំពូង

ចែករំលែក៖

ភ្នំពេញ ៖ អគ្គិភ័យឆាបឆេះហាងបារបារាំងមួយកន្លែង ម្តុំទួលទំពូង ផ្អើលប្រជាពលរដ្ឋរាយការណ៍ជូនសមត្ថកិច្ចចេញរថយន្តពន្លត់អគ្គិភ័យអន្តរាគមន៍បាញ់ពន្លត់ នៅវេលាម៉ោង៩និង៣០នាទីយប់ថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៦ នៅចំណុចហាងបារបារាំងមួយកន្លែង យីហោ HOMETOWN HANGOUT ស្ថិតតាមបណ្ដោយផ្លូវ៤៥៤ សង្កាត់ទួលទំពូងទី១ ខណ្ឌចំការមន រាជធានីភ្នំពេញ ។

 

ប្រភពព័ត៌មានបានឱ្យដឹងថា មុនពេលកើតហេតុ ទីតាំងហាងខាងលើ កំពុងតែបើកទទួលភ្ញៀវធម្មតា តែភាគ ច្រើនគឺជាជនជាតិបរទេស លុះដល់វេលាម៉ោងកើតហេតុ ក៏ស្រាប់តែឃើញមានផ្សែងហុយចេញពីផ្នែកពិតានខាង លើ ជាប់ម៉ាស៊ីនត្រជាក់ ទើបនាំគ្នាឆោឡោយកបំពង់ពន្លត់អគ្គិភ័យទៅបាញ់ពន្លត់ដែរ តែមិនបាត់ផ្សែងហើយ ហុយរឹតតែខ្លាំងទៅៗ ក៏បានរាយការណ៍ជូនអាជ្ញាធរ និងសមត្ថកិច្ច ដើម្បីសុំជំនួយរថយន្តពន្លត់អគ្គិភ័យឱ្យជួយអន្តរាគមន៍បាញ់ពន្លត់ផងដែរ ។

 

ករណីខាងលើនេះ បន្តិចក្រោយមក ក៍មានរថយន្តពន្លត់អគ្គិភ័យរបស់ការិយាល័យបង្ការនិងពន្លត់អគ្គិភ័យនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចេញទៅជួយអន្តរាគមន៍ជាច្រើនគ្រឿង និងសហការគ្នាបាញ់ទឹកពន្លត់រហូតដល់វេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃដដែល ទើបភ្លើងរលត់ទៅវិញ ។

 

ហេតុការណ៍ខាងលើនេះ សមត្ថកិច្ចអោយដឹងទៀតថា មិនបណ្តាលឲ្យមានមនុស្សណាម្នាក់រងរបួសនោះទេ ហើយក៏មិនមានការឆេះរាលដាលដល់ផ្ទះសម្បែងពលរដ្ឋណានោះទេ គឺគ្រាន់តែខូចសម្ភាររួមមានតុ ពិតាន គ្រឿងអេឡិចត្រូនិក ក៏ដូចជាឧបករណ៍តន្ត្រីអស់មួយចំនួនតែប៉ុណ្ណោះ ចំពោះមូលហេតុសង្ស័យបណ្ដាលមកពីឆ្លងចរន្តអគ្គិសនី ៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print