ប្រមុខការទូតកម្ពុជា៖ កម្ពុជា សង្ឃឹមថា គណៈកម្មការផ្សះផ្សាអាចជួយភាគីទាំងពីរកម្ពុជា និងថៃ ក្នុងការបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមក

ចែករំលែក៖

សិង្ហបុរី៖ លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការបរទេស និងកិច្ចសហប្រតិបត្តិការអន្តរជាតិតំណាងភាគីកម្ពុជា បានលើកឡើងក្នុងសេចក្ដីថ្លែងការណ៍បើកកិច្ចប្រជុំលើកទី១ របស់គណៈកម្មការផ្សះផ្សាស្តីពីនីតិសមុទ្រ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅប្រទេសសិង្ហបុរី យ៉ាងដូច្នេះថា៖ កម្ពុជា សង្ឃឹមថា គណៈកម្មការផ្សះផ្សាអាចជួយភាគីទាំងពីរ កម្ពុជា និងថៃ ក្នុងការបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ភាគីទាំងពីរ។

 

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់កម្ពុជា ចំពោះច្បាប់អន្តរជាតិថាកម្ពុជា គោរពច្បាប់អន្តរជាតិ ការដោះស្រាយវិវាទដោយសន្តិវិធី និងស្ថាប័ននានាដែលលើកកម្ពស់គោលការណ៍ទាំងនេះ បានចាក់ឫសយ៉ាងជ្រៅក្នុងបទពិសោធន៍ជាតិរបស់កម្ពុជា។

 

បន្ថែមពីនេះ លោកឧបនាយករដ្ឋមន្រ្ដី បានអះអាងថា៖ «ការដែលយើងស្វែងរកដំណោះស្រាយតាមរយៈតុលាការយុត្តិធម៌អន្តរជាតិ (ICJ) ឆ្លុះបញ្ចាំងពីទំនុកចិត្តរបស់យើងលើស្ថាប័នអន្តរជាតិ ក្នុងនាមជាយន្តការដោះស្រាយវិវាទដ៏ស្មុគស្មាញរវាងរដ្ឋនានា ដោយសន្តិវិធី និងស្របតាមច្បាប់អន្តរជាតិ»។

 

ជាថ្មីម្តងទៀត លោកឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ផងដែរថា បទពិសោធន៍នេះបានបង្ហាញថា បញ្ហាសំខាន់បំផុតសម្រាប់ជាតិ អាចដោះស្រាយបានតាមសន្តិវិធី និងតាមយន្តការពហុភាគី ជាជាងតាមការប្រើប្រាស់កម្លាំង ហើយក្របខ័ណ្ឌអន្តរជាតិអាចផ្តល់មូលដ្ឋានគ្រឹះដ៏រឹងមាំនិងចីរកាល សម្រាប់ឱ្យរដ្ឋជិតខាងគ្នាដោះស្រាយទំនាស់របស់ខ្លួន។

 

ជាមួយគ្នានេះ លោកឧបនាយករដ្ឋមន្រ្ដី បានសង្កត់ធ្ងន់ថា៖ «ការប្តេជ្ញាចិត្តដូចបានលើកឡើងខាងដើមគឺជាកត្តាកំណត់អភិក្រមរបស់កម្ពុជា ក្នុងការរក្សាទំនាក់ទំនងជាមួយព្រះរាជាណាចក្រថៃ ហើយទំនាក់ទំនងរវាងកម្ពុជា-ថៃ បាន និងកំពុងតែឆ្លងកាត់ដំណាក់កាលដ៏លំបាក។ កម្ពុជា សង្ឃឹមថា គណៈកម្មការផ្សះផ្សាអាចជួយភាគីទាំងពីរក្នុងការបើកទំព័រថ្មីមួយ ដើម្បីផលប្រយោជន៍ទៅវិញទៅមករបស់ភាគីទាំងពីររ»។

 

ប្រមុខការទូតកម្ពុជា ក៏បានរំលេចផងដែរថា យើងបានទទួលការលើកទឹកចិត្តពីលទ្ធផលនៃការផ្សះផ្សាលើបញ្ហាដែនសមុទ្រទីម័រ រវាង សាធារណរដ្ឋប្រជាធិបតេយ្យទីម័រឡេស្តេ និងប្រទេសអូស្ត្រាលី។ ដំណើរការផ្សះផ្សានោះបានបង្ហាញថា ការផ្សះផ្សាដោយបង្ខំក្រោមអនុសញ្ញាអង្គការសហប្រជាជាតិស្តីពីនីតិសមុទ្រ អាចដោះស្រាយភាពជាប់គាំងដ៏យូរអង្វែងរវាងប្រទេសជិតខាង និងនាំទៅរកដំណោះស្រាយជាស្ថាពរតាមរយៈសន្ធិសញ្ញា។

...

 

លោកឧបនាយករដ្ឋមន្រ្ដីបានបន្ថែមថា៖ «កម្ពុជាមានទំនុកចិត្តថា គណៈកម្មការផ្សះផ្សា ជាមួយនឹងសមាសភាពដ៏ឧត្តុង្គឧត្តម មានសមត្ថភាពគ្រប់គ្រាន់ក្នុងការជួយដល់កម្ពុជា និងថៃ ឱ្យសម្រេចបាននូវលទ្ធផលស្រដៀងគ្នានេះដែរ ពោលគឺលទ្ធផលដែលនាំមកនូវសន្តិភាព ស្ថិរភាព និងវិបុលភាពរួមសម្រាប់តំបន់យើង»៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print