ទីភ្នាក់ងារសារព័ត៌មាន AFP បានផ្សាយថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុនបានសន្យាផ្ដល់ការគាំទ្រឥតងាករេរបស់លោកចំពោះរុស្ស៉ី នៅក្នុងសំបុត្រមួយច្បាប់ផ្ញើទៅកាន់ប្រធានាធិបតីលោក វ្ល៉ាឌីមៀ ពូទីន ដោយហៅសង្រ្គាមរបស់រុស្ស៉ីប្រឆាំងអ៊ុយក្រែនជា «សង្រ្គាមដ៏ពិសិដ្ឋ»។
ចាប់តាំងពីរុស្ស៉ីលុកលុយចូលអ៊ុយក្រែនកាលពីឆ្នាំ២០២២មក កូរ៉េខាងជើងបានក្លាយជាសម្ព័ន្ធមិត្តដ៏សំខាន់បំផុតមួយរបស់វិមានក្រឹមឡាំង។ ព្យុងយ៉ាងបានបញ្ជូនអាវុធ និងកងទ័ពទៅជួយជាកម្លាំងដល់ទាហានរុស្ស៉ី ជាថ្នូរទទួលបានមកវិញនូវជំនួយសេដ្ឋកិច្ច និងបច្ចេកវិទ្យាពីមូស្គូ។ នេះបើតាមក្រុមអ្នកវិភាគ។ ដោយឡែក ចារកម្មកូរ៉េខាងត្បូងបានវាយតម្លៃកាលពីឆ្នាំ២០២៥ថាកងទ័ពកូរ៉េខាងជើងប្រហែល ២០០០នាក់ត្រូវបានសម្លាប់ក្នុងសង្រ្គាមអ៊ុយក្រែន ខណៈការវាយតម្លៃថ្មីចុងក្រោយបំផុតមួយបានប៉ាន់ស្មានថាកងទ័ពកូរ៉េខាងជើង ៦០០០នាក់ត្រូវបានសម្លាប់ និងរងរបួស។
តាមរយៈការស្រង់សម្ដីរបស់លោក គីម ជុងអ៊ុន ក្នុងសំបុត្រផ្ញើទៅកាន់លោក ពូទីន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA នៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ បានរាយការណ៍ថា លោក គីម បានសន្យាផ្ដល់ការគាំទ្រឥតងាករេចំពោះរុស្ស៉ី។ «ជាមួយការជឿជាក់យ៉ាងមុតមាំលើ ជ័យជម្នះរបស់សហព័ន្ធរុស្ស៉ីនៅក្នុងសង្រ្គាមដ៏ពិសិដ្ឋក្នុងពេលបច្ចុប្បន្នដើម្បីការពារផលប្រយោជន៍សន្តិសុខរបស់ប្រទេស និងយុត្តិធម៌អន្តរជាតិ ខ្ញុំសូមសន្យាថានឹងគាំទ្រឥតងាករេដល់អ្នក (លោក ពូទីន) ដែលជាមិត្តជាទីស្រឡាញ់ និងប្រជាជនរុស្ស៉ីដែលប្រៀបដូចជាបងប្អូន»។ នេះជាការគូសបញ្ជាក់របស់លោក គីម ជុងអ៊ុន។ លោក គីម បានបន្ថែមថាកូរ៉េខាងជើងក៏នឹងបន្តពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយរុស្ស៉ីឱ្យកាន់តែស៊ីជម្រៅផងដែរ។
សំបុត្ររបស់លោក គីម ផ្ញើជូនលោក ពូទីន ធ្វើឡើងចំពេលមានការសង្ស័យថាកូរ៉េខាងជើងមានផែនការបញ្ជូនកងទ័ពបន្ថែមទៅជួយរុស្ស៉ី។ ទីក្រុងកៀវវិញក៏បានឱ្យដឹងដែរថាទីក្រុងព្យុងយ៉ាងមានផែនការបញ្ជូនកងទ័ពបន្ថែមដល់ទៅ ៥០ ០០០នាក់ទៅជួយរុស្ស៉ី បើទោះ ជាមិនទាន់មានភស្តុតាងបញ្ជាក់ពីផែនការនេះក៏ដោយ។ លោក ហ្សេលេនស្គី បានស្នើឱ្យទីក្រុងសេអ៊ូលផ្គត់ផ្គង់ប្រព័ន្ធការពារដែនអាកាសដើម្បីទប់ទល់នឹងការវាយប្រហារដោយមីស៊ីលពីរុស្ស៉ី តែកូរ៉េខាងត្បូងមិនទាន់ឆ្លើយតបអ្វីនៅឡើយទេ៕

រូបថត: KCNA









