ជប៉ុនមានភាពល្បីល្បាញ ជាប្រទេសដែលមានមនុស្សអាយុវេងបំផុត នៅពេលនេះបានបំបែកកំណត់ត្រាថ្មី។ សារព័ត៌មាន AFP បានផ្សាយថា ក្រសួងសុខាភិបាលជប៉ុន បានប្រកាសនៅថ្ងៃអង្គារ ទី១៥ ខែកញ្ញា ឆ្នាំ២០២៦ ថា ចំនួនប្រជាជនដែលមានអាយុចាប់ពី ១០០ឆ្នាំឡើងទៅ នៅទូទាំងប្រទេសជប៉ុន បានកើនលើស១០០ ០០០នាក់ជាលើកដំបូង។
ការស្ទង់មតិថ្មីចុងក្រោយរបស់រដ្ឋាភិបាល ដែលចេញផ្សាយមុនទិវា «គោរពមនុស្សចាស់» នៅសប្តាហ៍ក្រោយ បានបង្ហាញថា ចំនួនអ្នកដែលស្ថិតក្នុងអាយុ១០០ឆ្នាំឬចាស់ជាងនេះ គឺមាន១០៧ ៦៧៧នាក់ គិតត្រឹមថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។ យោងតាមធនាគារពិភពលោក ជប៉ុនជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានប្រជាជនវ័យចំណាស់ច្រើន លំដាប់ទី២ បន្ទាប់ពីប្រទេសម៉ូណាកូ។
ក្រសួងសុខាភិបាលជប៉ុន បាននិយាយថា នេះជាលើកដំបូងហើយ ដែលចំនួនប្រជាជនអាយុ១០០ឆ្នាំឡើង បានលើសពី១០ម៉ឺននាក់ គិតចាប់តាំងពីការចាប់ផ្តើមធ្វើកំណត់ត្រា កាលពីឆ្នាំ១៩៦៣ ហើយក្នុងនោះប្រហែល ៩០ភាគរយជាស្ត្រី។ ចំនួនប្រជាជនជប៉ុនក្នុងក្រុមអាយុនេះ បានបន្តកើនឡើងដល់កម្រិតខ្ពស់បំផុតជាបន្តបន្ទាប់ រយៈពេល៥៦ឆ្នាំជាប់គ្នា។
ដោយឡែក ទិន្នន័យកាលពីខែមិថុនា បានបង្ហាញថា អត្រាកំណើតរបស់ប្រទេសជប៉ុន បានធ្លាក់ចុះម្តងទៀត កាលពីឆ្នាំ២០២៥ ដល់កម្រិតទាបបំផុតជាប្រវត្តិសាស្ត្រ ឆ្លុះបញ្ចាំងឱ្យឃើញពី វិបត្តិប្រជាសាស្រ្តដែលកំពុងជះឥទ្ធិពលនិងបង្កជាបញ្ហា ដល់ប្រទេសមានសេដ្ឋកិច្ចធំជាងគេលំដាប់ទី៤ របស់ពិភពលោកមួយនេះ៕

រូបថត: TTXVN









