កម្ពុជា-បារាំងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់

ចែករំលែក៖

ទីក្រុងប៉ារីស ៖ នាព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៦ នៅទីក្រុងប៉ារីស នៃសាធារណរដ្ឋបារាំង, លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាអ្នកច្បាប់ និងលោក Marc Guillaume អនុប្រធានក្រុមប្រឹក្សារដ្ឋបារាំង (Conseil d’Etat) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការផ្នែកច្បាប់ និងស្ថាប័នរវាងប្រទេសទាំងពីរ។

លោក Marc Guillaume បានលើកឡើងថា ការចុះហត្ថលេខាលើ នេះ គឺជាក្របខណ្ឌយុទ្ធសាស្រ្តូទូលំទូលាយ និងស៊ីជម្រៅដល់ប្រទេស និងស្ថាប័នទាំងពីរ ក្នុងការសាង និងអភិវឌ្ឍកិច្ចសហប្រតិបត្តិការ ក្នុងវិស័យច្បាប់ ការកែទម្រង់ស្ថាប័នរដ្ឋបាល និងការអភិវឌ្ឍសមត្ថភាពធនធានមនុស្ស និងស្ថាប័ន ប្រកបដោយទស្សនវិស័យយូរអង្វែង។

ថ្លែងក្នុងពិធីចុះហត្ថលេខា, លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានលើកឡើងថា MoU នេះ គឺជាបោះជំហានដ៏សំខាន់មួយនៅក្នុងការកិច្ចសហប្រតិបត្តិការផ្នែកច្បាប់និងស្ថាប័នរវាងកម្ពុជា-បារាំង និយាយជារួម និងនិយាយដោយឡែក នៅក្នុងការពង្រឹងទំនាក់ទំនងផ្នែកស្ថាប័ន រវាងទីស្តីការគណៈរដ្ឋមន្រ្តី និងក្រុមប្រឹក្សារដ្ឋបារាំង។ MoU នេះ ក៏បានបង្ហាញឱ្យឃើញពីសុឆន្ទៈរួមរបស់ភាគីទាំងពីរ ក្នុងការពង្រឹងកិច្ចសន្ទនាជាប្រចាំ ការពង្រឹងសមត្ថភាពធនធានមនុស្ស និងចែករំលែកនូវបទពិសោធ ពិសេសឧត្តមានុវត្តន៍របស់ក្រុមប្រឹក្សារដ្ឋបារាំង ក្នុងវិស័យនីតិរដ្ឋបាល ខណៈកម្ពុជាកំពុងរៀបចំក្រមរដ្ឋបាល និងក្រមពាណិជ្ជកម្ម ក្នុងក្របខណ្ឌនៃកម្មវិធីកែទម្រង់ច្បាប់។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានបន្តថា ការលើកកម្ពស់សមត្ថភាព និងគុណភាព ក្នុងការវិភាគ និងការពិនិត្យផ្តល់យោបល់ប្រឹក្សាច្បាប់, ការតាក់តែងលិខិតបទដ្ឋានគតិយុត្ត ព្រមទាំងការពង្រឹងគុណភាពនៃប្រព័ន្ធច្បាប់ នឹងរួមចំណែកធានាបាននូវសណ្តាប់ធ្នាប់គតិយុត្ត, សណ្តាប់ធ្នាប់ស្ថាប័ន, ការពារនីត្យានុកូលភាព និងការពង្រឹងទំនុកចិត្តរបស់ស្ថាប័នសាធារណៈ ព្រមទាំងធានាឱ្យការអនុវត្តអំណាចសាធារណៈកាន់តែមានប្រសិទ្ធភាព, សង្គតិភាព, តម្លាភាព, យុត្តិធម៌, ការពារប្រយោជន៍សាធារណៈ, អាចប៉ាន់ប្រមាណបាន និងមានការទទួលខុសត្រូវ ព្រមទាំងគាំទ្រដល់ធុរកិច្ច ស្របតាមគោលការណ៍នៃនីតិរដ្ឋ ដូចមានចរឹកក្នុងរដ្ឋធម្មនុញ្ញ។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានបន្តលើកឡើងថា កម្ពុជាមានការប្តេជ្ញាចិត្តខ្ពស់ក្នុងការប្រែក្លាយខ្លឹមសារនៃ MoU នេះ ទៅជាសកម្មភាពជាក់ស្តែងដ៏រស់រវើក, មានផលប្រយោជន៍យូរអង្វែង និងក្លាយជាគំរូនៃកិច្ចសហប្រតិបត្តិការផ្នែកច្បាប់ ប្រកបដោយការជឿទុកចិត្ត និងការគោរពគ្នាទៅវិញទៅមក ពិសេសការចែករំលែកបទពិសោធដ៏ទូលំទូលាយ និងចំណេះដឹងស៊ីជម្រៅពីសំណាក់សមាជិកក្រុមប្រឹក្សារដ្ឋបារាំង ដើម្បីពង្រឹងសមត្ថភាព និងជំនាញវិជ្ជាជីវៈច្បាប់ដល់សមាជិក និងមន្ត្រីច្បាប់វ័យក្មេងនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាអ្នកច្បាប់ និងគណៈកម្មាធិការដឹកនាំការងារកែទម្រង់ច្បាប់ ព្រមទាំងក្រសួងស្ថាប័ននានាផងដែរ ដើម្បីធានាភាពជោគជ័យនៃការកែទម្រង់ច្បាប់របស់រាជរដ្ឋាភិបាល សំដៅឈានទៅកសាងបូរណភាពនៃប្រព័ន្ធច្បាប់ និងចីរភាពនៃវប្បធម៌នីតិរដ្ឋនៅកម្ពុជា។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា MoU នេះ នឹងបើកផ្លូវទៅរកសមិទ្ធផលរួមគ្នាជាច្រើននាពេលខាងមុខ ហើយក៏នឹងរួមចំណែកដល់ជវភាពនៃទំនាក់ទំនងដ៏ជិតស្និទ្ធរវាងកម្ពុជា-បារាំង។

ក្រៅពីការចុះហត្ថលេខាលើ MoU, លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក៏មានជំនួបពិភាក្សាការងារជាមួយលោក Marc Guillaume អនុប្រធានក្រុមប្រឹក្សារដ្ឋបារាំង និងបានទស្សនាការិយាល័យបំពេញការងារ និងសិក្សាស្វែងយល់អំពីប្រព័ន្ធ និងរបៀបរបបបំពេញការងាររបស់ក្រុមប្រឹក្សារដ្ឋបារាំង ក្នុងការពិនិត្យនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់និងលិខិតបទដ្ឋានគតិយុត្ត និងការបំពេញតួនាទីជាយុត្តាធិការរដ្ឋបាលកំពូល ព្រមទាំងមានជំនួបអាហារថ្ងៃត្រង់ការងារជាមួយសមាជិក និងមន្រ្តីនៃក្រុមប្រឹក្សារដ្ឋបារាំង ដែលរៀបចំទទួលយ៉ាងកក់ក្តៅដោយលោក Marc Guillaume ផងដែរ៕

...

ដោយ ៖ សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print