រថយន្តមិនស្គាល់ម៉ាកបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ បណ្តាលឱ្យប្តីប្រពន្ធ២នាក់ស្លាប់ ឯកូនរបួស

ចែករំលែក៖

ខេត្តកណ្ដាល៖ បុរសម្នាក់ និងស្ត្រីម្នាក់ ដែលត្រូវជាប្តីប្រពន្ធ បានស្លាប់នៅកន្លែងកើតហេតុ ខណៈក្មេងស្រីម្នាក់ដែលជាកូនរងរបួសស្រាល បន្ទាប់ពីម៉ូតូសណ្តោងរឺម៉ក ត្រូវបានរថយន្តមិនស្គាល់ម៉ាកបើកបុកពីក្រោយ ហើយអ្នកបើកបររថយន្តបានបើករត់គេចពីកន្លែងកើតហេតុ។ គ្រោះថ្នាក់នេះបានកើតឡើងនៅវេលាម៉ោង១ និង៣០នាទី រំលងអធ្រាត្រ ឈានចូលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦ នៅលើផ្លូវជាតិលេខ៦ ចន្លោះគីឡូម៉ែត្រលេខ២៦-២៧ ស្ថិតក្នុងភូមិកោះរកា ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល ខេត្តកណ្ដាល។

តាមសមត្ថកិច្ច បានឱ្យដឹងថា នៅពេលកើតហេតុ មានរថយន្តមួយគ្រឿងមិនស្គាល់ម៉ាក និងមិនស្គាល់អត្តសញ្ញាណអ្នកបើកបរ បានធ្វើដំណើរពីជើងទៅត្បូង ក្នុងទិសដៅពីកំពង់ចាមទៅភ្នំពេញ។ លុះមកដល់ចំណុចកើតហេតុ រថយន្តបានបុកម៉ូតូសណ្តោងរឺម៉កមួយគ្រឿងពីក្រោយ ដែលកំពុងធ្វើដំណើរស្របទិសគ្នា។ ម៉ូតូសណ្តោងរឺម៉កដែលរងគ្រោះ ម៉ាកវ៉េវ BLADE ពណ៌ខៀវ គ្មានផ្លាកលេខ បើកបរដោយឈ្មោះ ចេន ចិន ភេទប្រុស អាយុ៥៤ឆ្នាំ មានទីលំនៅភូមិកងតាណឹងទី៦ ឃុំកងតាណឹង ស្រុកកងមាស ខេត្តកំពង់ចាម។ អ្នកបើកបរមិនបានពាក់មួកសុវត្ថិភាព និងបានស្លាប់នៅកន្លែងកើតហេតុ។
នៅលើម៉ូតូសណ្តោងរឺម៉កនោះ មានអ្នករួមដំណើរចំនួន៣នាក់ ក្នុងនោះរួមមានឈ្មោះ រុន ឈុនលី ភេទស្រី អាយុ៥១ឆ្នាំ ត្រូវជាប្រពន្ធរបស់អ្នកបើកបរ បានស្លាប់នៅកន្លែងកើតហេតុ។ ចំណែកកូនស្រីឈ្មោះ ចិន សុខចាន់ អាយុ១០ឆ្នាំ បានរងរបួសស្រាល និងត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែករកាកោងទី១។
ដោយឡែក ក្មេងស្រីម្នាក់ទៀតអាយុ១០ឆ្នាំ ត្រូវជាក្មួយ ដែលមានទីលំនៅភូមិស្វាយស្រណោះទី២ ឃុំរកាអារ ស្រុកកងមាស ខេត្តកំពង់ចាម មិនមានរបួសនោះទេ។ សរុបក្នុងហេតុការណ៍នេះ បណ្តាលឱ្យមនុស្ស២នាក់ស្លាប់ គឺបុរសម្នាក់ និងស្ត្រីម្នាក់ ដែលត្រូវជាប្តីប្រពន្ធ ខណៈមនុស្សម្នាក់ទៀតជាក្មេងស្រីរងរបួសស្រាល និងម៉ូតូសណ្តោងរឺម៉កមួយគ្រឿងរងការខូចខាត។
ក្រោយទទួលបានព័ត៌មាន កម្លាំងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដើម្បីវាស់វែង និងពិនិត្យស្ថានភាពនៅកន្លែងកើតហេតុ។ បន្ទាប់ពីបំពេញនីតិវិធី សមត្ថកិច្ចបានយកម៉ូតូសណ្តោងរឺម៉កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកមុខកំពូល ដើម្បីបន្តនីតិវិធី។ ចំណែកសពជនរងគ្រោះទាំង២នាក់ ត្រូវបានកម្លាំងជំនាញធ្វើកំណត់ហេតុប្រគល់ជូនក្រុមគ្រួសារ ដើម្បីយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី។

តាមការសន្និដ្ឋានរបស់សមត្ថកិច្ច ជំហានដំបូង គ្រោះថ្នាក់នេះបង្កឡើងដោយរថយន្តមិនស្គាល់ម៉ាក ដែលបើកបរក្នុងល្បឿនលឿន និងខ្វះការប្រុងប្រយ័ត្ន បណ្តាលឱ្យបុកម៉ូតូសណ្តោងរ៉ឺម៉កពីក្រោយ រួចអ្នកបើកបរបានបើករត់គេចពីកន្លែងកើតហេតុ៕

...

ដោយ៖ ជ្រោយពេជ្រ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print