សមត្ថកិច្ចជំនាញបង្ក្រាបជនល្មើសផលិត និងលក់ឧបករណ៍ឆក់ត្រីតាមបណ្តាញសង្គម២រូប និងត្រូវបានឃាត់ខ្លួន

ចែករំលែក៖

ភ្នំពេញ៖ ពាក្យចាស់ពលថា «កុកភ្លេចជង់ តែជង់មិនភ្លេចកុក» នោះទេ ក្រោយពីការប្រមាញ់ស្រាវជ្រាវដោយអត់ធ្មត់ជាច្រើនថ្ងៃ សមត្ថកិច្ចជលផល និងសមត្ថកិច្ចពាក់ព័ន្ធដទៃទៀត បានឈានទៅឃាត់ខ្លួនជនល្មើសពីររូប ដែលផលិត និងលក់ឧបករណ៍ឆក់ត្រី តាមបណ្តាញសង្គមហ្វេសប៊ុកមានឈ្មោះថា «លក់ដុំឆក់ត្រី» និង «សុធាលក់ដុំឆក់ត្រី»។

 

ក្រោយពីទទួលបានការណែនាំពីលោក ឌិត ទីណា រដ្ឋមន្ត្រី ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ កាល ពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៦ កម្លាំងជំនាញនៃអគ្គនាយកដ្ឋានជលផល និងការសម្របសម្រួលនីតិវិធីពីព្រះរាជអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ និងបង្រ្កាបបទល្មើសជលផល ផលិត ទិញ ឬលក់ឧបករណឆក់ត្រីដែលប្រើប្រាស់ហ្វេសបុកផេក «លក់ដុំឆក់ត្រី» និង «សុធាលក់ដុំឆក់ត្រី» ។

 

ជាលទ្ធផលក្រុមការងារបង្ក្រាបបានបានឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ ដកហូតវត្ថុតាងនៃបទល្មើសរួមមាន ឧបករណ៍ឆក់ក្តៅចំនួន២០គ្រឿង ឧបករណ៍ឆក់ត្រជាក់ ចំនួន១គ្រឿង ម៉ូតូ១គ្រឿង ទូរស័ព្ទ២គ្រឿង។

 

ជនសង្ស័យទី១ ឈ្មោះ សុខ នីហ្សា រស់នៅខេត្តពោធិ៍សាត់ និងទី២ ឈ្មោះ សែម លីហួ រស់នៅខេត្តពោធិ៍សាត់។

 

ក្រោយឃាត់ខ្លួន និងសួរនាំ សមត្ថកិច្ចជំនាញជលផលបានកសាងសំណុំរឿងបញ្ជូនទៅតុលាការអនុវត្តទៅតាមនីតិវិធីច្បាប់ស្តីពីជលផល។

 

ដោយឡែកអ្នកពាក់ព័ន្ធ ក្នុងករណីផលិត ផ្គត់ផ្គត់ ទិញ ឬលក់ឧបករណ៍ឆក់ត្រីតាមរយៈផេកទាំង២នេះ សមត្ថកិច្ចជំនាញជំនាញកំពុងបន្តធ្វើការស្រាវជ្រាវ ដើម្បីចាត់ការតាមនីតិវិធី។

 

សូមបញ្ជាក់ថា ការផលិត លក់ និងចែកចាយឧបករណ៍ឆក់ត្រី គឺជាបទល្មើសជលផលដែលត្រូវផ្តន្ទាទោសតាមច្បាប់ស្តីពីជលផល។ តាមមាត្រា ៩៧ នៃច្បាប់នេះ បទល្មើសដូចជាការផលិត ឬលក់ឧបករណ៍ឆក់ត្រី ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ឆ្នាំ ទៅ ៥ឆ្នាំ និងពិន័យជាប្រាក់ពី ១០លាន ទៅ ៥០លានរៀល។

 

ក្រៅពីទោសព្រហ្មទណ្ឌ តុលាការក៏អាចប្រកាសទោសបន្ថែម ដូចជាការរឹបអូសឧបករណ៍ សម្ភារៈ ផលទុន ឬទ្រព្យសម្បត្តិដែលជាផលកើតចេញពីបទល្មើស។ មាត្រា ៩៣ ក៏បានចែងអំពីទណ្ឌកម្មរដ្ឋបាល ដែលរួមមានការព្រមាន ការផ្អាក ឬដកហូតវិញ្ញាបនបត្រ ឬលិខិតអនុញ្ញាតជាបណ្ដោះអាសន្ន ឬជាស្ថាពរ។ ចំពោះនីតិបុគ្គលដែលប្រព្រឹត្តបទល្មើស ត្រូវទទួលខុសត្រូវព្រហ្មទណ្ឌ និងផ្តន្ទាទោសពិន័យជាប្រាក់ពី ១០លានរៀល ដល់ ១ពាន់លានរៀល ព្រមទាំងទោសបន្ថែម។

 

ការរក្សាទុកឧបករណ៍ឆក់ត្រីក៏ជាបទល្មើសដែរ ដែលត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ ១ឆ្នាំ និងពិន័យជាប្រាក់ពី ១ លាន ទៅ ១០លានរៀល តាមមាត្រា៩៦៕

...

ដោយ៖ សុរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print