ខេត្តកំពង់ឆ្នាំង ៖ ក្នុងឱកាសអញ្ជើញជាអធិបតី “សម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ រោងចក្រផ្គុំ និងដំឡើងរថយន្ត របស់ក្រុមហ៊ុន ធីអេច អូតូម៉ូធីវ មេនូហ្វេកឆឺរីង និងខ្សែសង្វាក់ផលិតកម្មម៉ាក GAC”ខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ការជំរុញការបង្កើតរោងចក្រ និងដំឡើងរថយន្តនៅកម្ពុជាអាចជួយកាត់បន្ថយការនាំចូលផលិតផលសម្រេចពីខាងក្រៅជំនួសមកវិញនូវការផលិតផ្គុំក្នុងស្រុកដែលរក្សាបានរូបិយប័ណ្ណបរទេសនិងបង្កើនតម្លៃបន្ថែមផ្ទាល់ក្នុងប្រទេសព្រោះបើយើងនាំចូលមក យើងបង់តែលុយៗទាំងអស់នៅក្រៅ ទាំងលុយសម្រាប់ពលកម្មជាដើម ប៉ុន្ដែយើងដំឡើងនៅក្នុងស្រុកមួយផ្នែកថវិកាចូលទៅដល់បុគ្គលិកក្នុងស្រុករបស់យើង។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា យើងមានមោទនភាពដែលកម្ពុជាមានរោងចក្រផ្គុំរថយន្តខណៈពីពេលមុនយើងតែងនាំចូលពីក្រៅប្រទេសប៉ុន្តែបច្ចុប្បន្នយើងអាចផលិតបានផលិតផលជាច្រើនរួមទាំងរថយន្តផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងបន្តថា ការកកើតច្រើននូវរោងចក្រសហគ្រាសក្នុងប្រទេសកម្ពុជា មិនត្រឹមតែជាការបង្កើតការងារនោះទេ តែជាការផ្ទេរជំនាញពិតប្រាកដ (សញ្ញាឃើញ) ដល់កូនខ្មែរ និងជាការបង្កើតធនធានកម្ពុជាឱ្យមានភាពធន់ដើម្បីបម្រើផលិតកម្មក្នុងស្រុកយើង៕

ដោយ ៖ សិលា









