រដ្ឋបាលរាជធានីភ្នំពេញត្រៀមទទួលភ្ញៀវទេសចរណ៍ទៅកម្សាន្ដ និងសម្រាក់លំហែកាយ នៅសួនថ្មីបឹងតាមោកលើទំហំដី៧៥ហិកតា

ចែករំលែក៖

ភ្នំពេញ៖  សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖រាជធានីភ្នំពេញនឹងមានលំហសាធារណៈ រួមទាំងសួនសាធារណៈដែលមានដើមឈើជាច្រើន នៅបឹងតាមោក លើផ្ទៃដី៧៥ហិកតា ដើម្បីផ្តល់ជាកន្លែងសម្រាប់បងប្អូនប្រជាពលរដ្ឋបានហាត់ ប្រាណ ដើរលេង កម្សាន្ត និងសម្រាកលំហែ ដោយគិតមកដល់ពេលនេះ សួនលំហែថ្មីនេះ ការដាំដើមឈើសម្រេចបាន៨០ភាគរយហើយ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី ថ្លែងពាក់ព័ន្ធនឹងសួនលំហែថ្មីនេះនៅក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យហ្លួងម៉ែ» មន្ទីរពេទ្យព្យាបាលជំងឺមហារីក នៅព្រឹកថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៦នេះ។
សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានមានប្រសាសន៍ទៀតថា៖ ដើម្បីផលប្រយោជន៍ យើងបាននិងកំពុងរៀបចំជាសួនសាធារណៈនៅបឹងតាមោក ដោយយើងបានដាំដើមឈើបានយ៉ាងច្រើនដើម ជាមួយនិងយើងបានចាក់ដី រាប់លានគុបរួចហើយទីតាំងសួនសាធារណៈនៅបឹងតាមោក ក៏ត្រូវបានគេចង់ចែចូវច្រើនដែរ តែសម្តេច ថាមិនលក់ទេ ដោយទីតាំងនេះត្រូវទុកធ្វើជាសួនសាធា រណៈសំរាប់ប្រជាពលរដ្ឋបានមកដើរលេងកំសាន្ត។
សម្តេចបន្តថា សួនសាធារណៈនៅបឹងតាមោកនេះត្រូវបាន លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានដាំដើមឈើច្រើនហើយ ហើយបន្តិចទៀត នៅទីនោះនឹងរៀបចំជាកន្លែងបរិស្ថានសាធារណៈ ។ ដូច្នេះលំហរសាធារ ណៈវានិងកាន់តែមានច្រើនសំរាប់អ្នកភ្នំពេញ។ បើយករូបមន្តដូចផ្លូវថ្មើជើងចតុមុខ ថ្ងៃក្រោយកុំឱ្យពិបាកជិះទៅឆ្ងាយ អ្នកដើរលេងកំសាន្តត្រូវចែកគ្នា ទៅលេងកីឡានៅទីនោះ ដើម្បីសុខភាព។
សូមបញ្ជាក់ថា៖ លោក  ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ធ្លាប់បានមានប្រសាសន៌ក្នុងពិធីប្រកាសផ្សព្វផ្សាយការដាក់ឱ្យអនុវត្តផ្លូវការផែនការអភិវឌ្ឍន៌ទេសចរណ៌រាជធានីភ្នំពេញ២០២៦ -២០៣០កាលពីថ្ងៃទី១៧ ខែសីហា ២០២៦ថា៖ ការបង្កើតឱ្យមានសួនលំហែមួយនៅភាគខាងជើងឈៀងខាងលិច ដែលមានផ្ទៃដី៧៥ហិកតា ដែលគិតមកដល់ពេលនេះ សួនលំហែថ្មីនេះយើងបានដាំដើមឈើសម្រេចបាន៨០%ហើយ។ រីឯសួនលំហែលើផ្ទៃដីជាង ៣ហិចតានៅភាគខាងលិចរាជធានីភ្នំពេញ ក៏កំពុងរៀបចំជិតរួចរាល់ហើយ៕ ដោយ៖  សំរិត


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print