ភ្នំពេញ ៖ លោក នេត្រ ភក្រ្តា រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានបញ្ជាក់ថា នៅក្នុងបរិបទបច្ចុប្បន្ននេះ សង្គ្រាមព័ត៌មានជាសង្គ្រាមមួយដ៏ស្រួចស្រាល់ផងដែរដោយជនមួយចំនួនបានប្រើប្រាស់ព័ត៌មានក្លែងក្លាយដើម្បីគោលដៅនយោបាយ គោលដៅសេដ្ឋកិច្ចនិងបំផ្លិចបំផ្លាញនូវទំនាក់ទំនងឬក៏កេរ្តិ៍ឈ្មោះ។ ផលប៉ះពាល់ដែលចេញមកពីព័ត៌មានក្លែងក្លាយគឺបានធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ ទៅដល់ការពិត ទៅដល់ការសម្រេចចិត្ត ក៏ដូចជាបង្កើតបញ្ហាផ្សេងៗ។
ការបញ្ជាក់នេះ បន្ទាប់ពីបិទវេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយនិងការប្រកួតប្រជែងពានរង្វាន់ជ័យលាភីអ្នកផលិតមាតិកា ឆ្នាំ២០២៦ ក្រោមប្រធានបទ «ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សុចរិតភាពព័ត៌មាននៅក្នុងតំបន់មេគង្គ-ឡានឆាង» នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦។
លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានបានមានប្រសាសន៍ថា វេទិកាតំបន់ប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាវេទិកាមួយដ៏មានសារៈសំខាន់ដែលក្រសួងព័ត៌មានបានទទួលការគាំទ្រពីមូលនិធិមេគង្គ-ឡានឆាង របស់រដ្ឋាភិបាលចិនតាមរយៈស្ថានទូតចិននៅកម្ពុជា។ វេទិកានេះបានបណ្តុំនៅបណ្តាប្រទេសនៅក្នុងអនុតំបន់ទន្លេមេគង្គដែលមានកម្ពុជា វៀតណាម ឡាវ ភូមា រួមនឹងប្រទេសចិន គឺបានធ្វើការងាររួមគ្នានៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។
លោករដ្ឋមន្ត្រី បានថ្លែងបន្តថា ផលប៉ះពាល់ដែលចេញមកពីព័ត៌មានក្លែងក្លាយគឺបានធ្វើឲ្យប៉ះពាល់ទៅដល់អារម្មណ៍ ទៅដល់ការពិត ទៅដល់ការសម្រេចចិត្តក៏ដូចជាបង្កើតបញ្ហាផ្សេងៗ។ ហេតុដូច្នេះហើយបានជារាជរដ្ឋាភិបាលកម្ពជាតាមរយៈក្រសួងព័ត៌មាន រួមនឹងក្រសួងស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងនៅក្នុងការផ្សព្វផ្សាយនូវការពិតដើម្បីឲ្យព័ត៌មានបានទៅដល់ប្រជាពលរដ្ឋហើយទប់ស្កាត់នៅពេលមានព័ត៌មានក្លែងក្លាយ៕
ដោយ ៖ សិលា











