ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចជំនាញបណ្ដេញជនជាតិថៃចំនួន ១១នាក់ មកស្នាក់នៅធ្វើការខុសច្បាប់ចេញពីកម្ពុជានិងទទួលពលរដ្ឋពីអាជ្ញាធរសៀមនៅវេលាម៉ោង ០៩:៤៥នាទីព្រឹកថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦ នេះ។
សមយ្ថកិច្ចបន្តថា លោកឧត្ដមសេនីយ៍ត្រី អុី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី និងលោកស្រី អនុសេនីយ៍ឯក Prapharat Pinpradub តំណាងប៉ុស្តិ៍នគរបាលអន្តោប្រវេសន៍ច្រកទ្វារព្រំដែនអន្តរជាតិបានក្លងលឹក ស្រុកអារញ្ញប្រថេត ខេត្តស្រះកែវ ដោយមានការចូលរួមពីអាជ្ញាធរដែនដី និងស្ថាប័នពាក់ព័ន្ធធ្វើការបញ្ជូនពលរដ្ឋថៃចេញពីប្រទេស និងទទួលពលរដ្ឋខ្មែរពីអាជ្ញាធរថៃដូចខាងក្រោម៖
១/បញ្ជូនពលរដ្ឋថៃចេញពីប្រទេស ៖ចំនួន ១១នាក់ ក្នុងនោះស្រី ០៥នាក់ (ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់ និងបានអនុវត្តទោសចប់) ។
២/ទទួលពលរដ្ឋខ្មែរឆ្លងដែនខុសច្បាប់ដែលអាជ្ញាធរថៃបញ្ជូនត្រឡប់មកវិញ ៖ចំនួន ៣២នាក់ ក្នុងនោះស្រី ០៧នាក់ និងកុមារ ០៣នាក់ និងបានចែកអាហារសម្រន់ជូនពួកគាត់មានបាយសាច់ជ្រូក និងទឹកសុទ្ធគ្រប់ៗគ្នា ។
អនុវត្តតាមការណែនាំពលរដ្ឋខ្មែរខាងលើ ប៉ុស្តិ៍បានធ្វើសម្រង់សាវតាតម្កល់ទុកនៅអង្គភាព បន្ទាប់មកជួយដឹកជញ្ជូនយកទៅប្រគល់ជូនមន្ត្រី នៃមជ្ឈមណ្ឌលសំចតប៉ោយប៉ែត ដើម្បីអនុវត្តនីតិវិធីបន្ត។ សូមបញ្ជាក់ថាកន្លងមកសមត្ថកិច្ចបានទទួលពលរដ្ឋខ្មែរពីសមត្ថកិច្ចថៃបន្ទាប់ពីសមតកថកិច្ចកម្ពុជាបណ្ដេញជនជាតិថៃចេញពីប្រទេស ដែលលួចឆ្លងដែនមកស្នាក់នៅក្នុងទឹកដីកម្ពុជាខុសច្បាប់ដើម្បីធ្វើការងាររួមទាំងប្រកបរបរកស៊ី៕
ដោយ៖ វណ្ណា










