រដ្ឋមន្រ្តីក្រសួងព័ត៌មាន ចាត់ទុកវេទិកាតំបន់ប្រឆាំងព័ត៌មានក្លែងក្លាយ គឺជាវេទិកាមួយដែលបានផ្តល់សារប្រយោជន៍យ៉ាងសំខាន់សម្រាប់ពលរដ្ឋក្នុងតំបន់

ចែករំលែក៖

ភ្នំពេញ៖​ យោងតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ AKP​ នៃក្រសួងព័ត៍មាន​ នៅថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៦នេះថា៖​ លោក នេត្រ ភក្រ្តា រដ្ឋមន្រ្តីក្រសួងព័ត៌មានបានថ្លែងបញ្ជាក់ដោយចាត់ទុកថា ការរៀបចំវេទិកាតំបន់ប្រឆាំងព័ត៌មានក្លែងក្លាយ ដែលបានប្រារព្វធ្វើឡើងនាពេលនេះគឺជាវេទិកាមួយដែលបានផ្តល់សារប្រយោជន៍យ៉ាងសំខាន់សម្រាប់ពលរដ្ឋរស់នៅក្នុងតំបន់។

ថ្លែងប្រាប់អ្នកសារព័ត៌មាន ក្រោយបញ្ចប់វេទិកាប្រព័ន្ធផ្សព្វផ្សាយស្តីពីការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការប្រកួតប្រជែងពារង្វាន់ជ័យលាភីអ្នកផលិតមាតិកាឆ្នាំ២០២៦ នារសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦ លោក​ នេត្រ ភក្រ្ដា បានគូសបញ្ជាក់ថា ការជួបជុំ បណ្តុំប្រទេសក្នុងអនុតំបន់ទន្លេងមេគង្គដែលមានកម្ពុជា វៀតណាម ឡាវ ភូមា និងចិន គឺប្រទេសទាំងអស់បានធ្វើការងាររួមគ្នាក្នុងប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានថ្លែងបញ្ជាក់ថា៖ «ព័ត៌មានក្លែងក្លាយនេះមិនមានព្រំដែនទេ ហើយក៏ជារឿងមិនដាច់ដោយឡែករបស់កម្ពុជាដែរ។

បញ្ហាព័ត៌មានក្លែងក្លាយនេះជារបស់យើងទាំងអស់គ្នា ម្ល៉ោះហើយផលដែលកើតចេញពីបញ្ហាព័ត៌មានក្លែងក្លាយនេះគឺធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍ ការគិត ការសម្រេចចិត្តក៏ដូចជាបង្កើតឱ្យមានបញ្ហាផ្សេងៗ។ ហេតុដូច្នេះហើយ ទើបរាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងព័ត៌មានរួមទាំងក្រសួង ស្ថាប័នពាក់ព័ន្ធបានខិតខំប្រឹងប្រែងក្នុងការផ្សព្វផ្សាយដើម្បីឱ្យព័ត៌មាននេះដល់ប្រជាពលរដ្ឋរួមគ្នាទប់ស្កាត់។»

ជាមួយគ្នានេះ លោករដ្ឋមន្រ្ដីបានលើកឡើងថា ចំពោះការងារនេះយើងសហការជាមួយបណ្តាប្រទេសផ្សេងៗនេះ ក្នុងការកសាងនូវបណ្តាញអ្នកសារព័ត៌មាន បណ្តាញនៃរដ្ឋបាលដឹកនាំ ហើយយើងអាចផ្លាស់ប្តូរនូវព័ត៌មានគ្នាទៅវិញទៅមក ក៏ដូចជាចែករំលែកព័ត៌មានគ្នាទៅវិញទៅមកថា ព័ត៌មាននោះវាជាព័ត៌មានក្លែងក្លាយក្នុងប្រទេសណាមួយហើយ យើងរួមគ្នាទប់ស្កាត់ និងការពារ។ «ទាក់ទិនទៅនឹងការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ពីព្រោះមនុស្សមួយចំនួនបានបើ្រប្រាស់ព័ត៌មានក្លែងក្លាយដើម្បីជានយោបាយបំផ្លិចបំផ្លាញនៃទំនាក់ទំនង ឬសេដ្ឋកិច្ច។ អ្វីដែលយើងខិតខំប្រឹងប្រែងឆ្លើយតប ហើយមិនទុកពេលវេលាច្រើនឱ្យព័ត៌មានក្លែងក្លាយដឹកមុខទេ ហើយខណៈពេលណាយើងដឹងថាមានព័តមានក្លែងក្លាយភ្លាមដំបូងយើងត្រូវទប់ស្កាត់ តាមរយៈការវាយត្រា បញ្ជាក់ថាជាព័ត៌មានក្លែងក្លាយ រួចហើយទើបបកស្រាយរួមគ្នាដើម្បីពន្យល់សាធារណជន ទប់ស្កាត់មិនឱ្យមានការចែករំលែក ហើយពន្យល់ថាព័ត៌មានទាំងអស់នេះមិនមែនជាការពិតទេ»។ នេះគឺជាការលើកឡើងបន្ថែមរបស់លោក នេត្រ ភក្រ្ដា រដ្ឋមន្រ្ដីក្រសួងព័ត៌មាន។

ក្នុងឱកាសនោះ លោក​រដ្ឋមន្រ្តីក្រសួងព័តមានបានបញ្ជាក់ទៀតថា ក្នុងពិធីនេះ ស្ថានទូតចិន បានលើកឡើងអំពីព័ត៌មានក្លែងក្លាយជាច្រើននិយាយអំពីទំនាក់ទំនងចិន ជាមួយកម្ពុជា ថាមិនល្អ ហើយនេះគឺការពិតវាជាព័ត៌មានក្លែងក្លាយ ដែលយើងធ្វើការឆ្លើយតបភ្លាមៗពីព្រោះថា ក្នុងបរិបទបច្ចុប្បន្ននេះសង្រ្គាមព័ត៌មានជាសង្រ្គាមមួយដ៏ស្រួចស្រាល់ដែរ។ លោក​រដ្ឋមន្រ្ដីបានបន្ដថា គេបង្កើតព័ត៌មានដើម្បីបំភ្លៃបំផ្លើស ហើយបើសាធារណជន ឬពលរដ្ឋមិនបានទទួលព័ត៌មិនបានគ្រប់ជ្រុងជ្រោយ ឬមិនបានផ្ទៀងផ្ទាត់ ហើយជឿជាក់ វាជះផលមិនល្អឡើយ។ លោក​ នេត្រ ភក្រ្តា ក៏បានអះអាងថា កម្ពុជា បានធ្វើយុទ្ធនាការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ ហើយគោលដៅសំខាន់របស់ក្រសួងព័ត៌មានគឺធ្វើយ៉ាងណាពង្រឹងចំណេះដឹងដល់ប្រជាពលរដ្ឋពីអ្វីទៅដែលថា ជាព័ត៌មានក្លែងក្លាយសម្រាប់ការពារខ្លួនក្នុងនេះថាតើត្រូវមានចំណេះដឹងអ្វីខ្លះ ដូចជា ផ្ទៀងផ្ទាត់ប្រភព ឬក៏ពិនិត្យលើភាពត្រឹមត្រូវរបស់ព័ត៌មាន ពិនិត្យមើលថាព័ត៌មាននេះចេញមកពីប្រភពណាមួយ ហើយមានគេផ្សាយច្រើនដែរឬទេ ដែលនេះជាអ្វីយើងបានធ្វើកន្លងមក។

...

រដ្ឋមន្រ្តីក្រសួងព័តមាន​ បានថ្លែងដែរថាក្នុងរយៈពេលកន្លងមកនេះមានព័ត៌មានក្លែងក្លាយបានកើនឡើងដោយសារតែបរិបទបច្ចុប្បន្នេះ យើងអាចថាមានបញ្ហាទៅលើព្រំដែនកម្ពុជា និងថៃ ដែលជម្ឈដ្ឋានមួយចំនួនបានបង្កើតព័ត៌មានក្លែងក្លាយពីខាងក្រៅ សូម្បីតែថៃ ក៏បានបង្កើតព័ត៌មានក្លែងក្លាយដើម្បីបញ្ជូលមកក្នុងសង្គមរបស់យើងដែរ។ ឯកឧត្ដមរដ្ឋមន្រ្ដីបានសង្កត់ធ្ងន់ថា៖ «ដូចនេះហើយបានជារាជរដ្ឋាភិបាលកម្ពុជាតាមរយៈក្រសួងព័ត៌មានបានផ្សព្វផ្សាយអំពីប្រភពផ្លូវការ ហើយពលរដ្ឋសូមឱ្យយកព័ត៌មានដែលជាប្រភពផ្លូវការ នេះហើយដែលពលរដ្ឋបានទទួលព័ត៌មានពិត និងត្រឹមត្រូវ។ ចំណែកប្រភពផ្សេងៗទៀតមិនមានទំនុកចិត្ត ឬយើងមិនដឹងប្រភព បើទោះព័ត៌មាននោះពិតយ៉ាងណាក៏ដោយតែយើងត្រូវរង់ចាំតាមរយៈប្រភពផ្លូវការជាមុនសិនដែរ៕ ដោយ​៖តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print