ភ្នំពេញ៖ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារ AKP នៃក្រសួងព័ត៍មាន បានឱ្យដឹងនៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦នេះថា៖ លោក កើត រិទ្ធ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.)បានលើកទឹកចិត្តឱ្យសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បន្តពង្រឹង កិច្ចការពារអតិថិជន និងចូលរួមប្រើប្រាស់យន្តការដោះស្រាយវិវាទដែលមានស្រាប់ឱ្យបានទូលំទូលាយ សំដៅធានាឱ្យដំណើរការដោះស្រាយបណ្តឹង និងវិវាទជូនអតិថិជនប្រព្រឹត្តទៅប្រកបដោយប្រសិទ្ធភាព តម្លាភាព និងទាន់ពេលវេលា។
ការលើកឡើងរបស់លោកឧបនាយករដ្ឋមន្រ្ដីបែបនេះ ក្នុងឱកាសអនុញ្ញាតឱ្យលោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា (CMA) ដឹកនាំសមាជិកក្រុមប្រឹក្សាភិបាល និងថ្នាក់ដឹកនាំសមាគម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយ កាលពីថ្ងៃទី១៨ ខែកញ្ញាម្សិលមិញនេះ នៅទីស្តីការក្រសួងយុត្តិធម៌ ។
លោកឧបនាយករដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់វិស័យហិរញ្ញវត្ថុ ដែលបានចូលរួមដោះស្រាយវិវាទ និងបញ្ហាប្រឈមដែលប្រជាពលរដ្ឋជួបប្រទះពាក់ព័ន្ធនឹងការប្រើប្រាស់សេវាហិរញ្ញវត្ថុ ជាពិសេសការយោគយល់ និងការយកចិត្តទុកដាក់របស់វិស័យហិរញ្ញវត្ថុ ចំពោះអតិថិជនដែលមានបញ្ហាលទ្ធភាពក្នុងការសងត្រឡប់។
សូមជម្រាបជូនថា ក្នុងជំនួបនេះ មានគោលបំណងពិភាក្សាអំពីបញ្ហាមួយចំនួនពាក់ព័ន្ធនឹងសំណុំរឿងរបស់គ្រឹះស្ថានធនាគារ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលកំពុងដំណើរការនិតិវិធីនៅតុលាការ ព្រមទាំងពង្រឹងកិច្ចសហការរវាងអាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) និងសមាគមទាំងពីរផងដែរ។ ជំនួបនេះដែរ ក៏មានការអញ្ជើញចូលរួមពីថ្នាក់ដឹកនាំក្រសួងយុត្តិធម៌ អាជ្ញាធរជាតិដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ (អ.ដ.ក.) ថ្នាក់ដឹកនាំសមាគមធនាគារនៅកម្ពុជា និងមជ្ឈមណ្ឌលការពារអ្នកប្រើប្រាស់សេវាហិរញ្ញវត្ថុ (FCPC)។
ក្នុងឱកាសនេះ លោក សុខ វឿន ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានជម្រាបជូនអំពីវឌ្ឍនភាព និងទិដ្ឋភាពទូទៅនៃវិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា ព្រមទាំងកិច្ចខិតខំប្រឹងប្រែងរបស់សមាគម និងវិស័យពាក់ព័ន្ធនឹងការដោះស្រាយបណ្តឹង និងវិវាទជូនអតិថិជន ជាពិសេសកិច្ចខិតខំប្រឹងប្រែងជុំវិញការលើកកម្ពស់កិច្ចការពារអតិថិជននៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុ។ លោកប្រធានក្រុមប្រឹក្សាភិបាល ក៏បានថ្លែងអំណរគុណដល់ក្រសួងយុត្តិធម៌ ដែលបានយកចិត្តទុកដាក់ និងបង្កើតឱ្យមាននូវយន្តការដោះស្រាយវិវាទក្រៅប្រព័ន្ធតុលាការ ដែលជាយន្តការដ៏មានសារៈសំខាន់ ក្នុងការជួយដោះស្រាយបញ្ហាវិវាទរវាងអតិថិជន និងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ៕ដោយ៖តារា










