ខេត្តក្រចេះ៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ បានជំរុញដល់ថ្នាក់ដឹកនាំគណបក្សឃុំទាំង៨ ក្នុងស្រុកឆ្លូង ឱ្យបន្តយកចិត្តទុកដាក់លើការកសាង និងពង្រឹងសមាជិកភាពគណបក្សនៅមូលដ្ឋាន ឱ្យកាន់តែរឹងមាំទាំងបរិមាណ គុណភាព និងអំពើល្អរបស់សមាជិក។
ការជំរុញបែបនេះរបស់ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកម្លាំងការងារគណបក្ស និងឆ្លើយតបទៅនឹងទិសដៅការងារឆ្ពោះទៅការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ឆ្នាំ២០២៧។
ថ្លែងក្នុងឱកាសជួបសំណេះសំណាលជាមួយបេក្ខជនត្រៀមឈរឈ្មោះបោះឆ្នោត និងសមាជិកសាខាបក្សភូមិ នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាស្រុកឆ្លូង នាព្រឹកថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦, លោក នេត្រ ភក្ត្រា បានគូសបញ្ជាក់ថា ការកសាងសមាជិកភាពមិនត្រឹមតែផ្តោតលើការបង្កើនចំនួនប៉ុណ្ណោះទេ ប៉ុន្តែត្រូវផ្តោតសំខាន់លើគុណភាព ការទទួលខុសត្រូវ ការចូលរួម និងអំពើល្អរបស់សមាជិកម្នាក់ៗក្នុងសហគមន៍។
ប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តក្រចេះ បានដាក់ចេញនូវទិសដៅ «រក្សាប្រៀបខ្លាំង និងបង្កើនប្រៀបឈ្នះ» ដោយផ្អែកលើ បរិមាណ គុណភាព និងអំពើល្អ របស់សមាជិកគណបក្ស។
ជាមួយគ្នានេះ លោកបានលើកទឹកចិត្តដល់ថ្នាក់ដឹកនាំ និងសមាជិកគណបក្សនៅមូលដ្ឋាន ឱ្យបន្តខិតខំបំពេញការងារដោយស្មារតីទទួលខុសត្រូវ រក្សាសាមគ្គីភាពផ្ទៃក្នុង និងពង្រឹងការចុះជាប់ជាមួយមូលដ្ឋាន ដើម្បីស្វែងយល់ពីតម្រូវការ និងរួមចំណែកដោះស្រាយបញ្ហាប្រឈមរបស់ប្រជាពលរដ្ឋ។
លោក នេត្រ ភក្ត្រា ក៏បានសង្កត់ធ្ងន់លើទិសស្លោក «សមាជិកម្នាក់ គឺជាសម្លេងគាំទ្រគណបក្សមួយសន្លឹក» ដែលជាគោលការណ៍សម្រាប់ការងារកសាងសមាជិកភាព និងការរៀបចំកម្លាំងនៅមូលដ្ឋាន ឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី៦ ខែមិថុនា ឆ្នាំ២០២៧៕
ដោយ៖តារា










