ខេត្តកំពង់ស្ពឺ៖ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់និងយកចិត្តទុកដាក់របស់លោកឧត្តមសេនីយ៍ត្រី ម៉េង ស្រ៊ុន មេបញ្ជាការ កងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ ព្រមទាំងមានការសម្របសម្រួលនីតិវិធីពី ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកំពង់ស្ពឺ កាលពីវេលាម៉ោង១៣: ២២នាទី ថ្ងៃទី១៨ខែកញ្ញាឆ្នាំ២០២៦ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកសំរោងទង ដឹកនាំដោយលោកវរសេនីយ៍ត្រី បេ ចំរើន មេបញ្ជាការ មូលដ្ឋានកងរាជ អាវុធហត្ថស្រុកសំរោងទង បានបង្រ្កាបករណីគ្រឿង ញៀនចំនួន១ករណី ស្ថិតនៅភូមិត្រោកវែង ឃុំសែនដី ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដោយបានឃាត់ខ្លួនជនសង្ស័យចំនួន០២នាក់(ស្រី១នាក់)។
ជនសង្ស័យទាំងពីរនាក់ទី០១មានឈ្មោះ វឿន លុច ភេទប្រុស អាយុ ១៨ឆ្នាំ និងទី២ឈ្មោះ ម៉ុត ស្រីលាភ ភេទស្រី អាយុ១៤ឆ្នាំ។ចាប់យកវត្ថុតាងរួមមាន: ម្សៅក្រាមថ្លាសង្ស័យជាសាធាតុញៀន ចំនួន០៣ កញ្ជប់ (ទម្ងន់០.៣៩ក្រាម),ខ្សៀជក់ចំនួន០៧និងថង់ច្រកមួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យជាស្ត្រីខាងលើ រួមនិងវត្ថុតាងត្រូវបានកម្លាំងជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ក្នុងមន្ទីរស្រាវជ្រាវនិងបង្រ្កាបបទល្មើសនៃបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ កសាងសំណុំរឿងបញ្ជូទៅសាលាដំបូងខេត្តកំពង់ស្ពឺដើម្បីចាត់ការតាមនីតិវិធី៕
ដោយ៖ សុរិយា










