ខេត្តព្រៃវែង ៖ គណៈកម្មការចំពោះកិច្ចប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (គ.ប.ឆ.ប.) និងមានការសម្របសម្រួល ដឹកនាំដោយក្រសួងព័ត៌មាន នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦នេះ បានដឹកនាំអ្នកសារព័ត៌មានជាតិ និងអន្តរជាតិ មកពី ៣៩អង្គភាព ស្មើ៧៨រូប បានចុះយកព័ត៌មានអតីតទីតាំងឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scmas) ស្ថិតនៅមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ ឬ 8 Park ក្នុងឃុំក្របៅ ស្រុកកំចាយមារ ខេត្តព្រៃវែង។
ពិធីនេះរៀបចំដោយលេខាធិការដ្ឋាន
ទីតាំងមជ្ឈមណ្ឌលពាណិជ្ជម៉ឺនជ័យ ត្រូវសាងសង់នៅឆ្នាំ២០២៣ ហើយនៅ២០២៤ មានវត្តមានជនបរទេសចូលមកបម្រើការងារ ដែលមានប្រមាណ ៧ពាន់នាក់ នៅឆ្នាំ២០២៥ កើនឡើងជិត ២ម៉ឺននាក់។ មានជនជាតិចិន ប៉ាគីស្ថាន ឥណ្ឌា និងនេប៉ាល់ ច្រើនជាងគេ។
នៅខែតុលា ឆ្នាំ២០២៥ សមត្ថកិច្ចបានធ្វើការស៊ើបអង្កេតលើបុគ្គល ចេន ហ្សី រហូតដកសញ្ជាតិបុគ្គល ចេន ហ្សី បញ្ជូនទៅកាន់ប្រទេសចិនវិញ។ បន្ទាប់មកនៅទីតាំង 8 park មានជនបរទេសចាកចេញជាបន្តបន្ទាប់ តាមរយៈការស្រាវជ្រាវរបស់សមត្ថកិច្ចជំនាញ ត្រូវបានរកឃើញថាទីតាំងនេះ 8 Park ជារបស់ក្រុមហ៊ុន ព្រីន គ្រុប។
ចំពោះអ្នកពាក់ព័ន្ធម្ចាស់កម្មសិទ្ធិ ក្រុមអភិវឌ្ឍន៍ ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបុគ្គល អៀង សុខលីម បញ្ចូនទៅដាក់ពន្ធនាគារPJ រាជធានីភ្នំពេញ។ ខណៈអ្នកពាក់ដែលកំពុងគេចខ្លួន សមត្ដកិច្ចកម្ពុជា បានសហការជាមួយសមត្ថកិច្ចអន្តរជាតិ ដើម្បីតាមចាប់ខ្លួនយកមកផ្តន្ទាទោសតាមច្បាប់។
ការចុះយកព័ត៌មានរបស់អ្នកព័ត៌មានមកពីស្ថាប័នជាតិ និងអន្តរជាតិដ៏ច្រេីននេះ គឺមុនកម្ពុជាធ្វើម្ចាស់ផ្ទះក្នុងការរៀបចំ «សន្និសីទអន្តរជាតិស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវ៉ាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាស្គេមអនឡាញ» ដោយមានការចូលរួមពីតំណាងបណ្តាប្រទេសជាង ២០ និងអង្គការអន្តរជាតិធំៗចំនួន ៣ផងដែរ។
សូមបញ្ជាក់ថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរមានសមត្ថកិច្ចកម្ពុជា បានបើកប្រតិបត្តិការស៊ើបអង្កេតលើទីតាំងសង្ស័យបានជាង ៨៣០កន្លែង និងបានចុះបង្ក្រាបជាក់ស្តែងចំនួន ៦៦៣ទីតាំង ក្នុងនោះបានគ្រប់គ្រង និងកម្ទេចទីតាំងអនឡាញស្កែមទ្រង់ទ្រាយធំបានរហូតដល់ ៨៦កន្លែង និងបានបណ្តេញចេញមុខសញ្ញាជនសង្ស័យជាជនបរទេសជាង ២ម៉ឺនាក់។
នៅក្នុងចំណោមទីតាំងដែលបានបើកប្រតិបត្តិការទាំងនោះ មានទីតាំង Online Scams ទ្រង់ទ្រាយធំចំនួន ៨៦កន្លែង ដែលអាចនិយាថាទីតាំង Online Scams ទ្រង់ទ្រាយធំ ត្រូវបានគ្រប់គ្រង និងកម្ទេចទាំងស្រុង។
កម្ពុជាបានចាត់ទុកថា ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា(Online Scams) គឺជាបញ្ហាប្រឈមធ្ងន់ធ្ងរ ហើយកម្ពុជាខ្លួនឯងក៏ជាអ្នករងគ្រោះពីឧក្រិដ្ឋកម្មឆ្លងដែននេះផងដែរ។ ទោះជាយ៉ាងណាក៏ដោយកម្ពុជាបាននឹងកំពុងចាត់វិធានការយ៉ាងម៉ឺងម៉ាត់ក្នុងការប្រឆាំង និងបង្ក្រាបបទល្មើសនេះឱ្យដល់ឫសគល់ ព្រមទាំងសហការយ៉ាងជិតស្និទ្ធជាមួយបណ្តាប្រទេសនានានៅលើពិភពលោក រួមមាន ប្រទេសចិន អាមេរិក កូរ៉េខាងត្បូង ជប៉ុន អូស្ត្រាលី និងបណ្តាប្រទេសក្នុងតំបន់អាស៊ាន ដើម្បីរួមគ្នាដោះស្រាយបញ្ហានេះឱ្យមានប្រសិទ្ធភាព។
អាជ្ញាធរកម្ពុជា នៅតែបន្តបេសកកម្មប្រយុទ្ធប្រឆាំងបទល្មើស Online Scams ដែលបានប្រែក្លាយពីទ្រង់ទ្រាយធំ ទៅជាប្រតិបត្តិការតូចៗ និងមានលក្ខណៈបែកខ្ញែក។ ចំពោះការបង្ក្រាបក្រុមជនល្មើស Online Scams នៅតែបន្តដូចភ្លៀងរលឹម ដោយសមត្ថកិច្ចត្រូវបន្តស៊ើបអង្កេត តាមដាន និងបង្ក្រាបសកម្មភាពឆបោកជាប្រចាំ ដើម្បីទប់ស្កាត់ការបង្កើតបណ្តាញថ្មី និងការផ្លាស់ប្តូរទម្រង់ប្រតិបត្តិការរបស់បណ្តាញដែលមានស្រាប់។
ការបង្ក្រាបក្នុងប្រទេសត្រូវបានភ្ជាប់ជាមួយកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោយសារបទល្មើស Online Scams មានលក្ខណៈឆ្លងដែន និងអាចពាក់ព័ន្ធនឹងជនរងគ្រោះ ជនសង្ស័យ បណ្តាញហិរញ្ញវត្ថុ និងហេដ្ឋារចនាសម្ព័ន្ធបច្ចេកវិទ្យាដែលស្ថិតនៅក្នុងប្រទេសផ្សេងៗគ្នា ។
សូមជម្រាបថា ៖ បទល្មើសឆបោកតាមប្រព័ន្ធអនឡាញ (Online Scams) ឬការឆបោកតាមបណ្តាញឌីជីថល បង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ និងទូលំទូលាយដល់ប្រទេសជាតិលើច្រើនវិស័យ៖
១. ប៉ះពាល់ដល់សេដ្ឋកិច្ចជាតិ និងហិរញ្ញវត្ថុ
-ការបាត់បង់លំហូរថវិកា៖ ប្រាក់ចំណូលដែលចាញ់បោកត្រូវ បានផ្ទេរចេញទៅក្រៅប្រទេស ឬចូលទៅក្នុងបណ្តាញឧក្រិដ្ឋជន ដែលធ្វើឱ្យប៉ះពាល់ដល់ចរន្តសេដ្ឋកិច្ចក្នុងស្រុក។
-ប៉ះពាល់ដល់ប្រព័ន្ធធនាគារ និងហិរញ្ញវត្ថុ៖ ការឆបោកកាត់បន្ថយទំនុកចិត្តរបស់ប្រជាពលរដ្ឋក្នុងការប្រើប្រាស់សេវាកម្មធនាគារឌីជីថល និងប្រព័ន្ធបង់ប្រាក់តាមអនឡាញ។
២. ប៉ះពាល់ដល់សន្តិសុខ និងកិត្តិយសនៅលើឆាកអន្តរជាតិ
-ការខូចខាតកិត្តិយសជាតិ៖ ប្រសិនបើប្រទេសជាតិត្រូវគេមើលឃើញថាជាទីតាំង ឬជាគោលដៅនៃប្រតិបត្តិការឆបោក វានឹងធ្វើឱ្យខូចឈ្មោះលើឆាកអន្តរជាតិ។
-ផលប៉ះពាល់លើការវិនិយោគទុនបរទេស (FDI)៖ អ្នកវិនិយោគទុនបរទេសអាចមានការរអាក់រអួល ឬភ័យខ្លាចក្នុងការបោះទុនវិនិយោគ ដោយសារព្រួយបារម្ភពីបញ្ហាសន្តិសុខបច្ចេកវិទ្យា និងច្បាប់។
៣. ប៉ះពាល់ដល់វិស័យទេសចរណ៍
-ព័ត៌មានអវិជ្ជមានទាក់ទងនឹងការឆបោកតាមអនឡាញ ឬការជួញដូរមនុស្សដែលពាក់ព័ន្ធនឹងបទល្មើសនេះ អាចធ្វើឱ្យភ្ញៀវទេសចរបរទេសមានភាពភ័យខ្លាច និងកាត់បន្ថយការធ្វើដំណើរកម្សាន្តមកកាន់ប្រទេស។
៤. ផលប៉ះពាល់សង្គម និងសន្តិសុខផ្ទៃក្នុងជះឥទ្ធិពលដល់ផ្លូវចិត្ត និងជីវភាពប្រជាពលរដ្ឋ៖ ជនរងគ្រោះដែលបាត់បង់ទ្រព្យសម្បត្តិអាចប្រឈមនឹងវិបត្តិផ្លូវចិត្ត បំណុលវ័ណ្ឌក និងការបែកបាក់គ្រួសារ។
-កើនឡើងនៃបទល្មើសអមផ្សេងទៀត៖ បទល្មើសអនឡាញច្រើនតែប្រព្រឹត្តទៅទន្ទឹមគ្នានឹងបទល្មើសផ្សេងទៀត ដូចជា ការលាងលុយកខ្វក់ ការជួញដូរមនុស្ស និងការចាប់ជម្រិតជាដើម។
៥. ការខាតបង់ធនធានរដ្ឋ
រដ្ឋាភិបាល និងសមត្ថកិច្ចត្រូវចំណាយថវិកា ពេលវេលា និងធនធានមនុស្សច្រើនក្នុងការបង្ក្រាប ការពារ និងស៊ើបអង្កេតបទល្មើសទាំងនេះ ដែលធ្វើឱ្យខកខានការយកធនធានទាំងនោះទៅអភិវឌ្ឍវិស័យសំខាន់ៗផ្សេងទៀត៕
ដោយ ៖ សិលា










