Manchester City ឈានចូលសម្រាកការប្រកួតអន្តរជាតិដោយអារម្មណ៍រីករាយ បន្ទាប់ពីទទួលបានលទ្ធផលចុងសប្តាហ៍ដ៏ល្អឥតខ្ចោះសម្រាប់ពួកគេ។
ក្រុម City បានឃើញក្រុមការពារតំណែងជើងឯក Arsenal ត្រូវបាន Brighton លត់ ៣-០ កាលពីថ្ងៃសៅរ៍ ហើយនៅថ្ងៃបន្ទាប់ City បានឆ្លៀតឱកាសយ៉ាងល្អ ដោយយកឈ្នះ Sunderland ៥-៣ ក្នុងការប្រកួតដ៏រំភើបនៅកីឡដ្ឋាន Etihad Stadium។
គ្រូបង្វឹក Enzo Maresca បាននិយាយមុនការប្រកួតកាលពីថ្ងៃអាទិត្យថា នេះគឺជា «ការប្រកួតដ៏លំបាកបំផុត» របស់ក្រុមលោករហូតមកដល់ពេលនេះក្នុងរដូវកាល។ ប៉ុន្តែលទ្ធផលចុងក្រោយបានជួយបញ្ជាក់ថា លោកកំពុងចាប់ផ្តើមអាណត្តិដឹកនាំនៅ City បានយ៉ាងល្អ បន្ទាប់ពីលោកត្រូវប្រឈមនឹងភារកិច្ចដ៏លំបាកក្នុងការស្នងតំណែងពី Pep Guardiola កាលពីរដូវក្តៅ។
សម្ពាធលើ Maresca បានកើនឡើង បន្ទាប់ពី City ត្រូវបានក្រុមរបស់ Mikel Arteta លត់ក្នុងពាន Community Shield កាលពីខែសីហា។ ប៉ុន្តែ City បានឆ្លើយតបយ៉ាងល្អឥតខ្ចោះ ដោយទទួលបានជ័យជម្នះ ៧ប្រកួតជាប់គ្នា ក្នុងការប្រកួតគ្រប់កម្មវិធី។
Maresca បាននិយាយថា៖ «និយាយតាមត្រង់ ខ្ញុំចូលចិត្តឈ្នះ ១-០ ជាង ៥-៣ ប៉ុន្តែខ្ញុំបានរំពឹងទុករួចហើយថា វានឹងក្លាយជាការប្រកួតដ៏លំបាកខ្លាំង។»
«ខ្ញុំដឹងថាពួកគេខ្លាំងប៉ុណ្ណា។ ពេលគ្មានបាល់ ពួកគេលេងយ៉ាងសកម្ម និងសង្កត់សម្ពាធខ្លាំង ហើយនៅពេលមានបាល់ ពួកគេមានអាវុធវាយប្រហារជាច្រើន រួមទាំងបាល់ Set-piece និង [Brian] Brobbey។»
«ខ្ញុំដឹងថាវាជាការប្រកួតដ៏លំបាក ប៉ុន្តែខ្ញុំសប្បាយចិត្ត ព្រោះយើងបានរកឃើញវិធីដើម្បីឈ្នះការប្រកួត។ អ្វីដែលល្អមួយទៀត គឺការប្រកួតផ្លូវការទាំង ៧ ដែលយើងបានលេង គឺសុទ្ធតែមានលក្ខណៈខុសៗគ្នា ហើយយើងបានជួបប្រទះស្ថានការណ៍ផ្សេងៗគ្នា។»
«ការប្រកួតមុន យើងនៅសល់កីឡាករ ១០នាក់ ហើយថ្ងៃនេះក៏ជាការប្រកួតដ៏ស្មុគស្មាញមួយ។ ចំណែកការប្រកួតជាមួយ Bournemouth យើងធ្លាប់តាមពីក្រោយ ០-១ ដូច្នេះវាក៏ជាឱកាសមួយសម្រាប់យើងរៀនសូត្រពីការប្រកួតផងដែរ៕»










