ភ្នំពេញ៖ យុវជនប្រុសស្រី៥នាក់ជិះម៉ូតូ scoopy មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្ត BYDមួយគ្រឿងនៅខាងមុខពេញទំហឹងបណ្តាលឲ្យរងការខូចខាតយ៉ាងដំណំដោយឡែកយុវជនប្រុសស្រីទាំង៥នាក់រងរបួសស្រាល។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ១១ និង ៥០នាទីយប់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវវ៉េង ស្រេង ត្រង់ចំណុចភ្លើងស្តុបសេះ មាស ដែលស្ថិតនៅក្នុងសង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
ប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញមានរថយន្ត BYD មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ2CD-6280 បើកបរតាមបណ្តោយផ្លូវខាងលើ លុះមកដល់ចំណុចកើតហេតុអ្នកបើកបររថយន្តបានឈប់រង់ចាំភ្លើងស្តុប ពេលនោះក៏មានយុវជនប្រុសស្រី៥នាក់ជិះម៉ូតូ scoopy មួយគ្រឿងពាក់ស្លាកលេខភ្នំពេញ1LJ-2731ឌុបគ្នាក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នចាប់ហ្វ្រ័ងមិនទាន់ក៏ជ្រុលទៅបុករថយន្តBYD ពីក្រោយពេញទំហឹងបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ ហើយធ្វើឲ្យយុវជនប្រុសស្រីទាំងនោះរងរបួសស្រាល។
ក្រោយកើតហេតុភាគីទាំងសងខាងបានធ្វើការសម្រួលគ្នា ដោយខាងភាគីម៉ូតូបានចេញសំណងទៅឲ្យខាងភាគីរថយន្តចំនួន ៩១ ម៉ឺនរៀល ដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕
ដោយ៖ សីហា សែនសុខ










