ខេត្តព្រះសីហនុ÷ មន្ត្រីនគរបាលក្រុងព្រះសីហនុបានឲ្យដឹងនូវរសៀលថ្ងៃទី២១ខែកញ្ញានេះថា នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០២៦ វេលាម៉ោងប្រមាណ ០០:៤០នាទីយប់ មានករណីលួចមានស្ថានទម្ងន់ទោស ,ប្លន់កើត ឡើងនៅអគារស្តារបេ ស្ថិតក្នុងភូមិ១ សង្កាត់លេខ៣ ក្រុង-ខេត្តព្រះសីហនុ ។
តាមការបំភ្លឺរបស់ជនរងគ្រោះ ក្រុមជនសង្ស័យជាជនជាតិចិនចំនួន ០៣នាក់ បានប្រើហិង្សា ចាប់ចង និងគំរាមជនរងគ្រោះឱ្យផ្តល់លេខកូដគណនីធនាគារ រួចធ្វើការផ្ទេរប្រាក់ពីគណនី Wing, ABA និង ACLEDA សរុបចំនួន 5,250$ ព្រមទាំងយកទូរស័ព្ទដៃរបស់ជនរងគ្រោះ ០១គ្រឿង ហើយគេចខ្លួនបាត់ ។
ដោយអនុវត្តតាមអនុសាសន៍របស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ និង ក្រោមការ ដឹកនាំចង្អុលបង្ហាញរបស់ ឧត្តមសេនីយ៍ឯក ស រដ្ឋា អគ្គស្នងការរង និងជាស្នងការនគរបាលខេត្តព្រះសីហនុ និងបន្ទាប់ពីទទួលពាក្យបណ្តឹង កម្លាំងជំនាញនៃអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ បានសហការជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌនៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ បើកការស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់ ។
រហូតដល់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ សមត្ថកិច្ចបានឈានទៅឃាត់ខ្លួនជនសង្ស័យជាជនជាតិចិនចំនួន ០៤នាក់ ក្នុងនោះ ០៣នាក់ពាក់ព័ន្ធផ្ទាល់ក្នុងសកម្មភាព និង០១នាក់ទៀតពាក់ព័ន្ធគណនីទទួលប្រាក់ពីជនរងគ្រោះ ។
សមត្ថកិច្ចក៏បានដកហូតទូរស័ព្ទដៃចំនួន ០៦គ្រឿង ជាវត្ថុតាង ។
បច្ចុប្បន្ន ជនសង្ស័យទាំង ០៤នាក់ ត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលក្រុងព្រះសីហនុ ដើម្បីសាកសួរ និងកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធីច្បាប់ ៕
ដោយ៖ សុរិយា










