លោក ប៉ែន បូណា៖ អ្នកនាំពាក្យ នាំការពិតទៅកាន់ប្រជាពលរដ្ឋដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាល

ចែករំលែក៖

ខេត្តតាកែវ ៖ «នៅក្នុងយុគសម័យឌីជីថល ព័ត៌មានត្រូវបានចែករំលែកយ៉ាងឆាប់រហ័ស ជាពិសេសព័ត៌មានអវិជ្ជមាន ក្នុងនោះភាគច្រើនជាព័ត៌មានក្លែងក្លាយ ព័ត៌មានមិនគ្រប់ជ្រុងជ្រោយ និងបំផ្លើសបំភ្លៃ ដែលធ្វើឱ្យសាធារណជនយល់ច្រឡំ។ ដូច្នេះ ក្នុងតួនាទីជាមន្ត្រីព័ត៌មាននិងនាំពាក្យ យើងត្រូវធ្វើការងារពីរទន្ទឹមគ្នា គឺ ទី១គឺការងារប្រតិកម្ម ឆ្លើយតប ពន្យល់បកស្រាយឱ្យប្រជាពលរដ្ឋបានដឹងការពិតឱ្យបានលឿនរហ័ស និងទី២គឺការងារបុរេសកម្ម ពោលគឺ ត្រូវផ្សព្វផ្សាយជាប្រចាំនូវសមិទ្ធផល ស្នាដៃ និងសកម្មភាពបម្រើប្រជាពលរដ្ឋរបស់មន្ត្រីអាជ្ញាធរយើង ដោយមធ្យោបាយវៃឆ្លាត និងរហ័សរហួន»។ នេះជាការគូសបញ្ជាក់របស់លោក ប៉ែន បូណា រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាប្រធានអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលក្នុងឱកាសអញ្ជើញជាអធិបតីនិងវាគ្មិនក្នុងវគ្គបណ្តុះបណ្តាលស្តីពី «ការពង្រឹងប្រសិទ្ធភាពការងារនាំពាក្យនិងព័ត៌មាន» នៅសាលាខេត្តតាកែវ នាព្រឹកថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៦។

លោករដ្ឋមន្រ្តីប្រតិភូ បានសង្កត់ធ្ងន់ថា ការងារទាំងពីរនេះ ទាំងប្រតិកម្ម និងបុរេសកម្ម មានគោលដៅសំខាន់តែមួយនោះគឺ ការពាំនាំការពិតទៅប្រាប់ប្រជាពលរដ្ឋ ពោលគឺ «អ្នកនាំពាក្យ នាំការពិតទៅកាន់ប្រជាពលរដ្ឋ ដើម្បីការពារសមិទ្ធផលរាជរដ្ឋាភិបាល»។ លោក ប៉ែន បូណា បន្តថា សមិទ្ធផលដែលរាជរដ្ឋាភិបាល និងថ្នាក់ដឹកនាំយើងសាងឡើងសម្រាប់ប្រទេសជាតិ និងប្រជាជនយើងមានទំហំធំធេងណាស់ ដែលមិនអាចកាត់ថ្លៃបាន ហើយសមិទ្ធផលទាំងនេះបានមកពីការលះបង់ និងបញ្ញាញាណ។ ដូច្នេះ ការផ្សព្វផ្សាយដើម្បីនាំការពិតឱ្យប្រជាពលរដ្ឋបានដឹងគ្រប់ជ្រុងជ្រោយ គឺជាការងាររបស់យើងទាំងអស់គ្នាដែលត្រូវធ្វើឱ្យបាន។

អ្នកនាំពាក្យរាជរដ្ឋាភិបាលរម្លឹកថា ខេត្តតាកែវមានសក្តានុពលខ្លាំងលើវិស័យទេសចរណ៍ កសិកម្ម ឧស្សាហកម្ម និងសេវាកម្ម ដែលជាក្បាលម៉ាស៊ីនជំរុញកំណើនសេដ្ឋកិច្ចរបស់ខេត្ត។ តាកែវល្បីល្បាញដោយសារបង្កងឆ្ងាញ់ ពងទាកូនឆ្ងាញ់ សិប្បកម្មតម្បាញ និងមានតំបន់ទេសចរណ៍វប្បធម៌ដ៏ទាក់ទាញជាច្រើន…នេះជាអ្វីដែលយើងត្រូវបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ។ ទន្ទឹមនឹងនោះ យើងក៏ត្រូវរំលេចអំពីមេឃុំគំរូ មន្ត្រីដែលបម្រើប្រជាពលរដ្ឋបានល្អ និងសមត្ថកិច្ចដែលសកម្មក្នុងការការពារសន្តិសុខ សុវត្ថិភាព និងជីវភាពប្រជាពលរដ្ឋផងដែរ។

ការងារទាំងនេះ មិនត្រឹមតែជួយការពារសមិទ្ធផលរបស់រាជរដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបង្កើតទំនុកចិត្តយ៉ាងរឹងមាំរបស់ប្រជាពលរដ្ឋមកលើអាជ្ញាធរ និងរាជរដ្ឋាភិបាល និងជួយពលរដ្ឋឱ្យមានមូលដ្ឋានក្នុងការថ្លឹងថ្លែង កុំឱ្យពួកគាត់ជឿតាមការបំភ្លៃ ញុះញង់ អុចអាល ដែលអាចបំផ្លាញសមិទ្ធផល និងស្នាដៃរបស់មន្ត្រីអាជ្ញាធរ និងរាជរដ្ឋាភិបាល។

វគ្គបណ្តុះបណ្តាលនេះមានការអញ្ជើញចូលរួមនិងថ្លែងសុន្ទរកថាស្វាគមន៍ពីលោក ស៊ុត ខុន អភិបាលខេត្តស្ដីទី នៃគណៈអភិបាលខេត្តតាកែវ និងការអញ្ជើញចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ជាថ្នាក់ដឹកនាំ និងមន្ត្រីរាជការចំណុះរដ្ឋបាលខេត្ត មន្ទីរ អង្គភាព ក្រុង ស្រុក ឃុំ សង្កាត់ សរុបប្រមាណជិត ៣០០នាក់៕

...

ប្រភព ៖ អង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print