ទីក្រុងប៊ូសាន ដែលជាទីក្រុងធំទី២របស់ប្រទេសកូរ៉េខាងត្បូង បន្ទាប់ពីទីក្រុងសេអ៊ូល បានទទួលភ្ញៀវទេសចរបរទេសជិត ៣លាននាក់ ក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំនេះ កើនឡើង ៤៦% បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ កំណើននេះមួយផ្នែកត្រូវបានជំរុញដោយការកើនឡើងនៃការចំណាយលើ ទេសចរណ៍វេជ្ជសាស្ត្រ។
អត្រាកំណើនរបស់ប៊ូសានខ្ពស់ជាងកំណើនទូទាំងប្រទេស ដែលមាន ២១,៣% ក្នុងរយៈពេលដូចគ្នា។ តាមសារព័ត៌មាន Korea JoongAng Daily ទីក្រុងប៊ូសានកំពុងស្ថិតលើផ្លូវឆ្ពោះទៅទទួលភ្ញៀវទេសចរបរទេសលើស ៤លាននាក់ ក្នុងឆ្នាំនេះ បន្ទាប់ពីទទួលបាន ៣,៦លាននាក់ ក្នុងឆ្នាំ២០២៥។
ឆ្នាំមុន គឺជាលើកដំបូងដែលចំនួនភ្ញៀវទេសចរបរទេសប្រចាំឆ្នាំរបស់ប៊ូសានបានកើនលើស ៣លាននាក់។
ក្នុងឆ្នាំនេះ តៃវ៉ាន់ គឺជាទីផ្សារទេសចរណ៍ធំបំផុតរបស់ទីក្រុងប៊ូសាន ដោយមានភ្ញៀវប្រមាណ ៦០៥.០០០នាក់ បន្ទាប់មកគឺ ចិនដីគោក មាន ៥៩៤.០០០នាក់ និង ជប៉ុន មាន ៣៤០.០០០នាក់។
ចំនួនភ្ញៀវមកពី សហរដ្ឋអាមេរិក ដែលមិនមានជើងហោះហើរត្រង់ទៅកាន់ប៊ូសាន បានកើនឡើង ៧៨,៤% ដល់ ២៥៩.៦៧៥នាក់។
ទីក្រុងប៊ូសានមានគ្លីនិកជាច្រើនដែលផ្តល់សេវា ព្យាបាលស្បែក និងវះកាត់កែសម្ផស្ស។ ទីក្រុងបានឱ្យដឹងថា ការចំណាយលើទេសចរណ៍វេជ្ជសាស្ត្រដែលប្រមូលផ្តុំយ៉ាងច្រើននៅក្នុងតំបន់នេះ បានរួមចំណែកជំរុញការកើនឡើងនៃចំនួនភ្ញៀវបរទេស នេះបើយោងតាមសារព័ត៌មាន The Korea Herald។
ទីក្រុងប៊ូសាន ដែលធ្លាប់ធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាអាស៊ីឆ្នាំ២០០២ និង កិច្ចប្រជុំកំពូល APEC ឆ្នាំ២០០៥ ក៏ល្បីល្បាញដោយសារឆ្នេរសមុទ្រដ៏ស្រស់ស្អាត ទីផ្សារអាហារសមុទ្រ និងព្រឹត្តិការណ៍វប្បធម៌ដ៏សម្បូរបែបផងដែរ៕










