សម្តេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ជំហរយ៉ាងច្បាស់ថាកម្ពុជានឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់ Online Scams និងនឹងមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនបំផ្លាញជីវភាពរស់នៅពលរដ្ឋជាង ១៧លាននាក់ឡើយ

ចែករំលែក៖

ភ្នំពេញ៖ ថ្លែងនៅចំពោះមុខតំណាងថ្នាក់ដឹកនាំរដ្ឋាភិបាលដែលអញ្ជើញមកពីប្រទេសជាង២៧ នៅលើពិភពលោក និងថ្នាក់ដឹកនាំអង្គការអន្តរជាតិធំៗចំនួន៧ ដែលមករួមក្នុងសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» សម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ជំហរឱ្យបានច្បាស់ថា ប្រទេសកម្ពុជានឹងមិនក្លាយជាទីសុវត្ថិភាពសម្រាប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យានោះឡើយ។ ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីៗក្រោយវិបត្តិជំងឺកូវីដ១៩ ដែលមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង។

 

ការបញ្ជាក់បែបនេះរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត ក្នុងសន្និសីទអន្តរជាតិស្តីពី «ការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (ICCOS)» ក្រោមប្រធានបទ៖ «រួមគ្នាឆ្ពោះទៅកាត់ផ្តាច់ច្រវាក់ និងបញ្ចប់ការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា» ដែលកម្ពុជា ធ្វើជាម្ចាស់ផ្ទះរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៦ នៅសណ្ឋាការសូហ្វីតែល ភូគាត្រា ភ្នំពេញ។

 

សម្តេចធិបតី នាយករដ្ឋមន្ត្រីកម្ពុជា បានអះអាងយ៉ាងដូច្នេះថា៖ «ខ្ញុំសូមបញ្ជាក់ឱ្យច្បាស់លាស់ពីជំហររបស់យើងថា កម្ពុជានឹងមិនក្លាយជាទីជម្រកសុវត្ថិភាពសម្រាប់អំពើឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាឡើយ។ ឧក្រិដ្ឋកម្មឆ្លងដែននេះ គឺជាបាតុភូតថ្មីៗក្រោយវិបត្តិជំងឺកូវីដ១៩ ដែលមានលក្ខណៈប្លែកទាំងស្រុងពីវប្បធម៌ គុណតម្លៃ និងអត្តសញ្ញាណជាតិរបស់យើង»។ សម្តេចធិបតី ហ៊ុន ម៉ាណែត កម្ពុជានឹងមិនអនុញ្ញាតឱ្យក្រុមឧក្រិដ្ឋជនបំផ្លាញវឌ្ឍនភាពរបស់ប្រទេសយើង និងជីវភាពរស់នៅរបស់ប្រជាជនកម្ពុជាជាង ១៧លាននាក់នោះឡើយ។

 

សម្តេចធិបតី ថ្លែងថា ឧស្សាហកម្មឆបោកតាមប្រព័ន្ធបច្ចេកវិទ្យាមិនបានចាប់ផ្តើមនៅកម្ពុជានោះទេ។ ហើយវាក៏មិនបានកើតឡើងតែនៅក្នុងប្រទេសកម្ពុជានោះដែរ។ ការពាក់ព័ន្ធដំបូងជាមួយកម្ពុជា ត្រូវបានផ្សារភ្ជាប់ទៅនឹងការកំណើននៃការលេងល្បែងតាមប្រព័ន្ធបច្ចេកវិទ្យា និងធុរកិច្ចនានាដែលពាក់ព័ន្ធនឹងកាស៊ីណូ។

 

សម្តេចធិបតី ថ្លែងថា លើសពីនេះ បណ្តាញឧក្រិដ្ឋកម្មបានបន្តវិវឌ្ឍ និងសម្របខ្លួនយ៉ាងឆាប់រហ័សឆ្លងកាត់ព្រំដែន។ បណ្តាញឧក្រិដ្ឋជនឆ្លងទាំងនេះបានឆ្លៀតឱកាសពីការវិនិយោគអចលនទ្រព្យ ពាណិជ្ជកម្ម ចន្លោះប្រហោងនៃបទប្បញ្ញត្តិ និងបណ្តាញទូរគមនាគមន៍ឆ្លងដែនដ៏ស្មុគស្មាញ ដើម្បីបង្កើតប្រព័ន្ធអេកូឡូស៊ីនៃការឆបោកឆ្លងដែន។

 

ទន្ទឹមនឹងនេះដែរ សម្តេចធិបតី បានបញ្ជាក់ថា កម្ពុជាទទួលខុសត្រូវពេញលេញក្នុងការធានាសន្តិសុខព្រំដែនរបស់យើង ការអនុវត្តច្បាប់របស់យើង និងការស្តារឡើងវិញនូវបូរណភាពនៃដែនយុត្តាធិការជាតិរបស់យើង។ គណនេយ្យភាពត្រូវតែបង្ហាញឱ្យឃើញតាមរយៈសកម្មភាពផ្ទៃក្នុងដែលមិនយោគយល់ឡើយ។ សម្រាប់ហេតុផលនេះក្នុងខែកុម្ភៈ ឆ្នាំ២០២៥ យើងបានលើកកម្ពស់រចនាសម្ព័ន្ធបញ្ជាការរបស់យើងទៅជាគណៈកម្មការជាតិប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញ (CCOS) ក្រោមការដឹកនាំផ្ទាល់របស់សម្តេចផ្ទាល់។

 

សម្តេចធិបតី បានលើកឡើងថា កម្ពុជាបានអនុម័តច្បាប់ស្តីពីការប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធអនឡាញក្នុងខែមេសា ឆ្នាំ២០២៦ ដើម្បីបិទចន្លោះប្រហោងផ្នែកច្បាប់របស់យើង។ វិធានការដាច់ខាតទាំងនេះបានអនុញ្ញាតឱ្យយើងអនុវត្តយុទ្ធនាការដែលមានលក្ខណៈឯកភាព ដែលមានការចូលរួមគ្រប់ស្ថាប័នរបស់រដ្ឋាភិបាល និងគ្រប់ផ្នែកនៃសង្គមទាំងមូល ក្នុងគោលបំណងកម្ចាត់បណ្តាញទាំងនេះឱ្យអស់។

 

សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា កម្ពុជា ចាត់ទុកការអនុវត្តច្បាប់ជាកាតព្វកិច្ចសន្តិសុខជាតិអចិន្ត្រៃយ៍ មិនមែនជាយុទ្ធនាការដើម្បីផ្សព្វផ្សាយរូបភាពនោះទេ។ យើងផ្តោតការខិតខំប្រឹងប្រែងរបស់យើងលើការលុបបំបាត់បណ្តាញឧក្រិដ្ឋកម្មជាអចិន្ត្រៃយ៍ ការទប់ស្កាត់ការកើតឡើងវិញរបស់ពួកគេ។ យើងបានបង្ក្រាបទាំងស្រុងនូវរាល់ទីតាំងឆបោកទ្រង់ទ្រាយធំទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។

 

គួរឱ្យដឹងថា គិតចាប់ពីខែកក្កដា ឆ្នាំ២០២៥ ដល់ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ អាជ្ញាធរបានឆ្មក់ចូលទីតាំងសង្ស័យ ៨៣២ទីតាំង ប្រតិបត្តិការបង្ក្រាបការឆបោកបានចំនួន ៦៦៣ទីតាំង ក្នុងចំណោមនេះសមត្ថកិច្ចបានបិទ និងគ្រប់គ្រងមណ្ឌលឆបោក (Scam Compounds) ៨៦ទីតាំង ដើម្បីឈានទៅរឹបអូសតាមនីតិវិធីច្បាប់យ៉ាងម៉ឺងម៉ាត់ និងឃាត់ខ្លួនជនសង្ស័យជាង ២៩ ០០០នាក់ មានចំនួន៣៩សញ្ជាតិ។ បុគ្គលជាង ២២ ០០០នាក់ មកពី ៣៨ប្រទេស ត្រូវបានចាប់បញ្ជូនទៅប្រទេសដើម ខណៈមនុស្សជាច្រើនផ្សេងទៀតកំពុងស្ថិតក្នុងដំណើរការនៃការបញ្ជូនត្រឡប់ទៅប្រទេសដើមវិញ។

 

លើសពីនេះ សំណុំរឿងចំនួន៤៤៦ករណី ត្រូវបានបញ្ចូនទៅតុលាការពាក់ព័ន្ធជនត្រូវចោទ ៣,៩២៧នាក់ មាន ២៩សញ្ជាតិ ខណៈការស៊ើបអង្កេតបន្ថែម លើអ្នកជាប់ពាក់ព័ន្ធ និងកិច្ចខិតខំប្រឹងប្រែងក្នុងការស្វែងរកទ្រព្យសម្បត្តិខុសច្បាប់កំពុងបន្ត។ ទន្ទឹមគ្នានេះថវិកាជាង ៣០០លានដុល្លារអាមេរិក ក្នុងគណនីធនាគារត្រូវបានបង្កក រួមទាំងទ្រព្យសម្បត្តិផ្សេងទៀតដែលកំពុងបន្តនីតិវិធីបង្កក និងធ្វើការវាយតម្លៃជាបន្តបន្ទាប់។

 

ចំណែកឯក្រុមមេខ្លោង និងបណ្តាញឧក្រិដ្ឋជនបរទេស ត្រូវបានចាប់ខ្លួន និងផ្តន្ទាទោសតាមច្បាប់។ សំណុំរឿង ចំនួន ៤៤៦ករណី ស្ថិតក្នុងដំណើរការនៃនីតិវិធីតុលាការ ពាក់ព័ន្ធនឹងជនត្រូវចោទ ៣,៩២៧នាក់ រួមមានមេខ្លោង និងគូកនមកពី២៩សញ្ជាតិ។ វិធានការច្បាប់ក៏ត្រូវបានអនុវត្តចំពោះមន្ត្រីដែលរកឃើញជាប់ពាក់ព័ន្ធ ក្នុងសំណុំរឿងចំនួន៤ ទាក់ទិនជនសង្ស័យ ១៥នាក់ រួមមានព្រះរាជអាជ្ញារង, អគ្គនាយករងអន្តោប្រវេសន៍, ស្នងការរងរាជធានីភ្នំពេញ, អតីតអគ្គនាយកនៃក្រសួងការបរទេស ព្រមទាំងមន្ត្រីនគរបាល និងយោធាមួយចំនួនទៀត។ បន្ថែមពីនេះសមត្ថកិច្ចកំពុងបន្តស្រាវជ្រាវ និងតាមស្វែងរកចាប់ខ្លួនមុខសញ្ញាពាក់ព័ន្ធចំនួន ៨៥៥នាក់ តាមដីកាបង្គាប់ឱ្យចាប់ខ្លួនរបស់តុលាការ។

...

 

មានជនបរទេសជាង ២២,០០០នាក់ មកពី ៣៨សញ្ជាតិ បានធ្វើមាតុភូមិនិវត្តន៍ត្រលប់ទៅប្រទេសខ្លួនវិញ តាមនីតិវិធីច្បាប់ និងបទដ្ឋានសិទ្ធិមនុស្ស ដោយសហការយ៉ាងជិតស្និទ្ធ និងស្មោះត្រង់ជាមួយបណ្តាស្ថានទូតពាក់ព័ន្ធ៕ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print