អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ ស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះសារជាវិជ្ជមានរបស់ ថ្នាក់ដឹកនាំព្រីតថេន ដែលនឹងចុះ MOU ជាមួយក្រសួងមហាផ្ទៃកម្ពុជា!

ចែករំលែក៖

ភ្នំពេញ​៖​ លោកបណ្ឌិត​ ទូច​ សុឃៈ​ អ្នកនាំពាក្យរងក្រសួងមហាផ្ទៃ​ បានមានប្រសាសន៍ថា​ ក្រោយពីបានអានការផ្សព្វផ្សាយតាមបណ្តាញព័ត៌មានផ្លូវការនានា អំពីខ្លឹមសាររបស់ ឯកឧត្តម ឡត ហានសុន (Lord Hanson) រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ រាជាណាចក្ររួម នៃ ព្រឹតថេន និងអៀរឡង់ខាងជើង យើងខ្ញុំ សូមស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះ អត្ថន័យជាវិជ្ជមានក្នុងស្មារតីរួមគ្នាប្រយុទ្ធប្រឆាំងបទល្មើសឆ្លងដែន ជាពិសេសបទល្មើស ឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា និងការលើកកម្ពស់ភាពជាដៃគូស្របតាមគោលការណ៍ សមភាពនៃរដ្ឋអធិបតេយ្យ​។

យើងខ្ញុំ ក៏សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះ ឯកឧត្តមរដ្ឋមន្ត្រី និង គណៈប្រតិភូ ដែលបានចំណាយពេលវេលាដ៏មានតម្លៃ និងឆ្លៀតពេលដ៏មមាញឹក អញ្ជើញ ចូលរួម ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រវាងក្រសួងមហាផ្ទៃ នៃព្រះរាជាណាចក្រ កម្ពុជា និងក្រសួងមហាផ្ទៃ រាជាណាចក្ររួម នៃព្រឹតថេន និងអៀរឡង់ខាងជើង ដ៏មាន សារៈសំខាន់នៅពេលនេះ។

យើងខ្ញុំ សូមសម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការគាំទ្ររបស់ រាជរដ្ឋាភិបាលរាជាណាចក្ររួម នៃព្រឹតថេន និងអៀរឡង់ខាងជើង ប្រកបដោយភក្ដីភាព សុចរិត ភាព និងការផ្តល់តម្លៃដល់ព្រះរាជាណាចក្រកម្ពុជា ក្នុងការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ ទ្វេភាគី ដើម្បីប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា បម្រើឧត្តមប្រយោជន៍រួមដល់ ប្រជាពលរដ្ឋនៃរដ្ឋយើងទាំងពីរផង និងមនុស្សជាតិជាសកលផង។ លើសពីនេះ កិច្ចសហការ នេះ នឹងក្លាយជាមូលដ្ឋានសម្រាប់ការពង្រឹងការអនុវត្តច្បាប់រវាងស្ថាប័នមានសមត្ថកិច្ចនៃរដ្ឋ ភាគីទាំងពីរ ក្នុងគោលដៅការពារ រក្សាសន្តិសុខ និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋនៅក្នុងតំបន់ និងពិភពលោកទាំងមូល។

យើងខ្ញុំ បានកត់សម្គាល់ឃើញថា ទំនាក់ទំនងការទូត និងកិច្ចសហប្រតិបត្តិការនានា រវាងរដ្ឋអធិបតេយ្យទាំងពីរ គឺមានប្រវត្តិជាយូរមកហើយតាំងពីឆ្នាំ១៩៥៣ មកដល់បច្ចុប្បន្ន ហើយរដ្ឋទាំងពីរ តែងតែខិតខំប្រឹងប្រែងជួយគ្នាទៅវិញទៅមក ដើម្បីពង្រឹងទំនាក់ទំនង ពាណិជ្ជកម្ម ទេសចរណ៍ កិច្ចការជំនួយនានាសម្រាប់ការងារសង្គម មនុស្សធម៌ និងសន្តិសុខ។ ព្រះរាជាណាចក្រកម្ពុជា និងរាជាណាចក្ររួម នៃព្រឹតថេន និងអៀរឡង់ខាងជើង ក៏បានបន្ត ពង្រឹងកិច្ចសហប្រតិបត្តិការតាមក្របខណ្ឌតំបន់ និងអន្តរជាតិ ក៏ដូចជា បានចុះអនុស្សរណៈ យោគយល់ជាច្រើនជាមួយគ្នា ដែលមានខ្លះបានផុតសុពលភាព និងខ្លះទៀត ត្រូវរួមគ្នាសិក្សាពិនិត្យឡើងវិញ ដើម្បីបន្តនិងពង្រីកបន្ថែមលើចំណុចថ្មីៗជាច្រើនទៀតស្របតាមការវិវត្តនៃ បញ្ហាសកលនិងសណ្តាប់ធ្នាប់ពិភពលោក។

ថ្មីៗនេះ យើងខ្ញុំ សង្កេតឃើញថា កិច្ចសហប្រតិបត្តិការជាក់លាក់ ដែលព្រឹតថេន បាន កំពុងបន្តយកចិត្តទុកដាក់ និងមិនខុសពីគោលជំហររបស់កម្ពុជាដែរនោះ រួមមាន ការសម្អាត ប្រាក់ ការឆបោកទូទៅ រួមទាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ការជួញដូរមនុស្ស ការ បំផ្លាញបារីក្លែងម៉ាក និងសម្ភារពាក់ព័ន្ធនានា។ ទាំងនេះ បញ្ជាក់យ៉ាងច្បាស់ និងដោយសុចរិត ថា ភាគីរដ្ឋទាំងពីរ សុទ្ធតែទទួលស្គាល់ថា បទល្មើសឆ្លងដែន ជាពិសេស បទល្មើសឆបោក តាមប្រព័ន្ធបច្ចេកវិទ្យា គឺជាវិបត្តិរួម និងបញ្ហាសកល ដែលមិនត្រឹមតែភាគីរដ្ឋទាំងពីរទទួល រងគ្រោះនោះទេ ត្រូវរួមដៃគ្នាប្រយុទ្ធប្រឆាំងនោះទេ សូម្បីបណ្តារដ្ឋក្នុងពិភពលោកទាំងមូលក៏ រងគ្រោះ និងចាំបាច់ស្រាក់ដៃដោយស្មោះត្រង់ដូចគ្នា។

ជារួម ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ ស្តីពី កិច្ចសហប្រតិបត្តិការ ប្រយុទ្ធប្រឆាំងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា រវាងក្រសួងមហាផ្ទៃនៃព្រះរាជាណាចក្រ កម្ពុជា និងក្រសួងមហាផ្ទៃ នៃរាជាណាចក្ររួមនៃព្រឹតថេន និងអៀរឡង់ខាងជើង ជាសក្ខីភាព នៃការពង្រឹងកិច្ចសហការនិងការរួមគ្នា ដើម្បីសន្តិសុខពិភពលោកទាំងមូល ក្នុងនាមជា សមាជិកអង្គការសហប្រជាជាតិ ឈរស្មារតីរដ្ឋអធិបតេយ្យដូចគ្នា។

...

ជាថ្មីម្តងទៀត យើងខ្ញុំ មានជំនឿយ៉ាងមុតមាំថា អនុស្សរណៈ នៃការយោគយល់នេះ ជាមូលដ្ឋានដ៏រឹងមាំ ដើម្បីបន្តកិច្ចសហប្រតិបត្តិការអនុវត្តច្បាប់រវាងក្រសួងមហាផ្ទៃកម្ពុជា និង ក្រសួងមហាផ្ទៃ នៃរាជាណាចក្ររួមនៃព្រីតថេន និងអៀរឡង់ខាងជើង ឱ្យកាន់តែមាន ប្រសិទ្ធភាព និងចំណងមិត្តភាពជាប្រពៃណី ស្របតាមទំនាក់ទំនងការទូតទំនើប ដើម្បីសុវត្ថិភាព វិបុលសុខនៃរដ្ឋភាគីទាំងពីរ និងមនុស្សជាតិលើសកលលោកទាំងមូល៕ ដោយ៖តារា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print