លោក ហ្សេលេនស្គី ថាអ៊ុយក្រែននិងអាមេរិក ចង់ឱ្យសង្គ្រាមជាមួយរុស្ស៉ីបញ្ចប់មុនរដូវរងារ

ចែករំលែក៖

សារព័ត៌មាន AFP បានផ្សាយថា ប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេលេនស្គី បាននិយាយកាលពីថ្ងៃអង្គារ ទី២២ ខែកញ្ញា ឆ្នាំ២០២៦ ថា អ៊ុយក្រែនត្រៀមខ្លួនជានិច្ច ដើម្បីផ្អាកការវាយប្រហារលើ ទីតាំងថាមពលរបស់រុស្ស៊ី ប្រសិនបើទីក្រុងមូស្គូយល់ព្រមធ្វើដូចគ្នា ហើយលោកបានបន្ថែមថា ទីក្រុងកៀវនិងទីក្រុងវ៉ាស៊ីនតោន ចង់ឱ្យសង្គ្រាមបញ្ចប់មុនរដូវរងា។
លោក ហ្សេលេនស្គី បានប្រាប់ក្រុមអ្នកសារព័ត៌មាន នៅក្រៅមហាសន្និបាតអង្គការសហប្រជាជាតិ (UN) ក្នុងទីក្រុងញូវយ៉ក ដូច្នេះថា «យើងត្រៀមលក្ខណៈជាស្រេច សម្រាប់ទម្រង់ណាក៏ដោយនៃបទឈប់បាញ់លើវិស័យថាមពល ប្រសិនបើរុស្ស៊ីយល់ព្រមដូចគ្នា មិនវាយប្រហារប្រព័ន្ធថាមពលរបស់យើង»។ ទោះជាយ៉ាងណា មេដឹកនាំអ៊ុយក្រែនរូបនេះ បាននិយាយថា លោកមិនដឹងច្បាស់ ពីជំហររបស់ទីក្រុងមូស្គូនោះទេ ហើយសង្ឃឹមថា ភាគីអាមេរិកនឹងជួយរិះរកវិធី ដើម្បីនាំរុស្ស៉ីឱ្យចូលតុចរចាវិញ ក្នុងទម្រង់ណាមួយ»។
លោក ហ្សេលេនស្គី បានអះអាងថា ជំនួបជាមួយលោក ត្រាំ នៅ UN កាលពីថ្ងៃអង្គារ គឺមានភាពវិជ្ជមាន និងប្រកបដោយផលិតភាព។ លោកបានសរសេរនៅលើបណ្តាញសង្គម X ថា «អាមេរិកនិងអ៊ុយក្រែន ចង់ឃើញសង្គ្រាមដ៏គ្មានន័យរបស់រុស្ស៊ីនេះ បិទបញ្ចប់ទៅវិញមុនរដូវរងា»។
គួរបញ្ជាក់ថា កិច្ចខិតខំប្រឹងប្រែងដឹកនាំដោយទីក្រុងវ៉ាស៊ីនតោន ដើម្បីសម្របសម្រួលរកកិច្ចព្រមព្រៀងបញ្ចប់ការប្រយុទ្ធគ្នា ដែលបានអូសបន្លាយ ចាប់តាំងពីរុស្ស៊ីបើកការឈ្លានពានលើអ៊ុយក្រែន កាលពីខែកុម្ភៈ ឆ្នាំ២០២២ បានជាប់គាំងជាច្រើនខែមកហើយ ខណៈសហរដ្ឋអាមេរិក បានបង្វែរការផ្តោតសំខាន់ទៅលើសង្គ្រាមរបស់ខ្លួនជាមួយអ៉ីរ៉ង់។
អស់រយៈពេលជាច្រើនខែមកនេះ រុស្ស៊ីនិងអ៊ុយក្រែន បានបង្កើនការវាយប្រហាររយៈចម្ងាយឆ្ងាយដូចគ្នា ដោយកាន់តែកំណត់គោលដៅ ទៅលើទីតាំងស៊ីវិល រួមមានរោងចក្រ ឃ្លាំង ហេដ្ឋារចនាសម្ព័ន្ធថាមពល និងកំពង់ផែ ព្រមទាំងនាវាដឹកទំនិញនៅសមុទ្រខ្មៅ៕

រូប​ថត​:Getty

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print